អាមេរិក៖ ប៉ូលិស FBI បានធ្វើការឃាត់ខ្លួនបុរសជនជាតិចិនម្នាក់ដែលបម្រើការងារនៅក្រុមហ៊ុន Apple ក្រោយពីរូបគេត្រូវបានក្រុមហ៊ុន Apple ចោទប្រកាន់ថាមានជាប់ពាក់ព័ន្ធនឹងការលួចយកទិន្នន័យនៃគម្រោងសម្ងាត់ឡានបើកស្វ័យប្រវត្តិ លក់ឱ្យក្រុមហ៊ុនគូប្រជែងដែលមានទីតាំងនៅក្នុងប្រទេសចិន។

យោងតាមសារព័ត៌មាន NBC Bay Area បានរាយការណ៍ថាលោក Jizhong Chen មានតួនាទីជាវិស្វករបម្រើការងារនៅក្រុមហ៊ុន Apple ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨ អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ និងសងសំណងជាច្រើនទៀត ព្រោះលោកមានជាប់ពាក់ព័ន្ធនឹងករណីលួចយកឯកសារសម្ងាត់ផ្ទៃក្នុងរបស់ Apple ទៅលក់ឱ្យក្រុមហ៊ុនគូប្រជែងដទៃទៀតនៅប្រទេសចិន។

រូបតំណាង

យោងតាមសម្តីរបស់ប៉ូលិស FBI បានឱ្យដឹងថា កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះមានបុគ្គលិក Apple ដទៃទៀតប្រទះឃើញលោក Chen ថតរូបជាច្រើននៃគម្រោងសម្ងាត់ឡានបើកស្វ័យប្រវត្តិ។ គម្រោងនេះត្រូវបានគេដាក់ឈ្មោះថា «Project Titan» ។ 

ដោយមានការសង្ស័យទើបបុគ្គលិកម្នាក់បានរាយការណ៍ទៅថ្នាក់លើ។  ភ្លាមៗបុគ្គលិកសន្តិសុខបានឆែកឆេរ និងត្រួតពិនិត្យរកឃើញថាលោក Chen ពិតជាបានលួចចម្លងឯកសារការងារចូលទៅក្នុងអង្គផ្ទុកទិន្នន័យរបស់ខ្លួនមែន ដោយក្នុងនោះមានរូបថតជាង ១០០សន្លឹកនៃគម្រោងសម្ងាត់ឡានបើកដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Apple តែម្តង។ ក្រៅពីរូបថតជាង ១០០សន្លឹក  លោកក៏មានជាប់ពាក់ព័ន្ធថាបានការរក្សាទុកឯកសារជាង ២,០០០ (Files) ដែលឯកសារទាំងនេះសុទ្ធសឹងជាឯកសារសម្ងាត់សំខាន់ៗសម្រាប់បង្កើតឡានបើកដោយស្វ័យប្រវត្តិទៀតផង។

គួរបញ្ជាក់ថា មុនពេលចូលបម្រើការងារនៅក្នុងក្រុមហ៊ុន Apple លោកបានស្បថសច្ចា និងចុះកិច្ចសន្យាយ៉ាងតឹងរឹងថាលោកត្រូវតែរក្សាការសម្ងាត់របស់ក្រុមហ៊ុនឱ្យបានដាច់ខាត។

ផ្ទុយមកវិញ លោក Chen បានឆ្លើយតបការពារខ្លួនថា លោកចម្លងឯកសារទុក ព្រោះលោកត្រូវផ្លាស់ប្តូរទៅធ្វើការងារលើគម្រោងផ្សេងទៀតកាលពីខែធ្នូ ឆ្នាំ២០១៨។ ប៉ុន្តែ Apple បានអះអាងថា ឯកសារសម្ងាត់ត្រូវបានរកឃើញ មុនពេលលោកត្រូវផ្លាស់ចេញទៅទៀត។

រូបតំណាង

Apple បានរកឃើញទៀតថា លោក Chen បានដាក់ពាក្យរកការងារចំនួនពីរកន្លែងផ្សេងទៀតពេលកំពុងធ្វើការឱ្យ Apple ហើយមានការងារមួយនៅក្រុមហ៊ុនក្នុងប្រទេសចិនដែលជាដៃគូប្រជែងមួយរបស់ក្រុមហ៊ុន Apple។

លោក Chen បានប្រាប់ក្រុមហ៊ុន Apple ថា  លោកចង់ទៅសួរសុខទុក្ខប៉ារបស់លោក ដែលកំពុងឈឺនៅប្រទេសចិន។ តែយ៉ាងណា លោកត្រូវបានឃាត់ខ្លួន មុនពេលលោកឡើងយន្តហោះកាលពីសប្តាហ៍មុននេះ។

ក្រុមហ៊ុន Apple បានធ្វើការបញ្ឈប់ការងាររបស់លោក Chen ដោយមិនផ្តល់ប្រាក់សំណងឡើយ។ បច្ចុប្បន្ន Apple កំពុងប្តឹងលោក Chen ទាក់ទិននឹងករណីនេះ ហើយលោក Chen អាចប្រឈមមុខនឹងការជាប់ពន្ធនាគារ បើសិនជាតុលាការរកឃើញថាលោកពិតជាបានប្រព្រឹត្តកំហុសមែននោះ។ 

យ៉ាងណាក៏ដោយ លោកត្រូវបានដោះលែងឱ្យនៅក្រៅឃុំបន្ទាប់ពីបង់ប្រាក់ធានាចំនួន ៥០០,០០០ដុល្លារ (លុយសុទ្ធបូករបស់ទ្រព្យ)។ 

គួរឱ្យដឹងថា ក្រោយពីមានបញ្ហានេះបានកើតឡើងមក Apple បានបញ្ឈប់បុគ្គលិកជាង ២០០នាក់បន្ថែមទៀតនៅក្នុងគម្រោង «Project Titan» កាលពីសប្តាហ៍មុន៕ 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]