(កណ្ដាល)៖ កម្លាំងអាវុធហត្ថខេត្តកណ្ដាល តាមបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនជាបន្ដបន្ទាប់ និងឃាត់ខ្លួនជនសង្ស័យ៦នាក់ ដកហូតបានថ្នាំញៀនជាង១០០តូចធំ ខណៈដែលមេក្លោងធំដែលបានរត់គេចខ្លួន កម្លាំងអាវុធហត្ថជំនាញ កំពុងតែធ្វើការស្រាវជ្រាវ និងតាមបង្ក្រាប ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់។

ប្រតិបត្តិការនេះអនុវត្តន៍តាមភារកិច្ចស្នូល​របស់កងរាជអាវុធហត្ថ បង្កា បង្ក្រាប និងសង្គ្រោះ របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល និងធ្វើឡើងក្រោមការដឹកនាំបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល។

របាយការណ៍របស់អាវុធហត្ថខេត្តកណ្ដាល បានបញ្ជាក់ថា ​នៅថ្ងៃទី​០២ ខែកុម្ភ: ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល និងជំនាញខេត្ត ដឹកនាំផ្ទាល់ដោយ​ លោក​វរសេនីយ៍ទោ ពិន​ ចន្ទ័​តារា​​ មេបញ្ជាការរង​ទទួលការងារគ្រឿងញៀន​ ដោយបានការអនុញ្ញាតពីលោក លាវ ស្រេង​ ព្រះរាជអាជ្ញា​អមសាលាដំបូង​ខេត្តកណ្តាល​ បានចុះបង្ក្រាបករណី​ជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចស្ថិតក្នុងភូមិ​ព្រៃធំកើត​ ឃុំសន្លុង​ ស្រុកខ្សាច់កណ្តាល​​។

ប្រតិបត្តិការនេះកម្លាំងជំនាញឃាត់ខ្លួនជនសង្ស័យបាន២នាក់ ទី១៖​ឈ្មោះ​ ណេង​ ផានិត​​​ អាយុ១៨​ឆ្នាំ ​មុខរបរមិនពិតប្រាកដ​ មានទីលំនៅ​ភូមិ​ព្រៃធំកើត​ ឃុំអន្លុង​ ស្រុកខ្សាច់កណ្តាល​ និងទី២៖​ឈ្មោះ​ ម៉ក់​ សុវណ្ណរដ្ឋ អាយុ៣៧​ឆ្នាំ មុខរបរ​មិនពិតប្រាកដ​ មានទីលំនៅ​ភូមិ​វិហារសួគ៌​ត្បូង​ ឃុំវិហារសួគ៌​ ស្រុកខ្សាច់កណ្តាល​។ វត្ថុតាងចាប់យករួមមាន​ ថ្នាំញៀន (ម៉ាទឹកកក) ចំនួន​៦៦កញ្ចប់​, ​ទូរសព្ទ័ដៃចំនួន​០២គ្រឿង, ​ម៉ូតូចំនួន​០៣​គ្រឿង​, ​ដាវដែកចំនួន​​០៤ដើម សម្ភារវេចខ្ចប់ និងប្រើប្រាស់មួយចំនួនទៀត។

ដោយឡែក កាលពីថ្ងៃទី​២៦ ខែមករា ឆ្នាំ២០១៩ កម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ​និងជំនាញខេត្ត​ដឹកនាំផ្ទាល់ដោយ​ លោក​វ​ទោ ពិន​ ចន្ទ័​តារា បានចុះបង្ក្រាបករណី​​ជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន​ នៅចំណុចភូមិ​អន្លុង​ ឃុំ​ព្រែកតាម៉ាក់​ ស្រុកខ្សាច់កណ្តាល​។ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ឈ្មោះ​ ហេង​ ឌីណា​ អាយុ៣៦​ឆ្នាំ ​មុខរបររត់រ៉ឺម៉ក​ ស្នាក់នៅផ្ទះជួល​ភូមិ​ឫស្សី​ សង្កាត់ស្ទឹងមានជ័យ​ ខណ្ឌមានជ័យ​។ វត្ថុតាងចាប់យករួមមាន​ ថ្នាំញៀន(ម៉ាទឹកកក) ចំនួន៤៦កញ្ចប់​ និង​ទូរសព្ទ័ដៃ​០១​គ្រឿង។

នៅថ្ងៃទី​២៨ ខែមករា ឆ្នាំ២០១៩​ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងក្រុងតាខ្មៅ​ ដឹកនាំផ្ទាល់ដោយលោកវរសេនីយទោ ពិន​ ច័ន្ទតារា​ មេបញ្ជាការរង​ទទួលការងារគ្រឿងញៀន​ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញា បានចុះទៅដល់កន្លែងកើតហេតុ​ម្តុំភូមិក្រពើហា ​សង្កាត់តាខ្មៅ ក្រុ​ងតាខ្មៅ​ ក៏ប្រទះឃើញឈ្មោះ​ ឆេង សុធី​​ ​រត់ម៉ូតូកង់បី ដោយមានការសង្ស័យក៏បានហៅសួរនាំ​ និងឆែកឆេរឃើញថ្នាំញៀន​ (​ម៉ាទឹកកក​)​ ចំនួន​០១​កញ្ចប់ធំ ទម្ងន់ស្មើនឹង​១​ខាំ ប្រហែល​ជាង១២០០​ដុល្លារ។

កម្លាំងជំនាញ​បានហៅជនសង្ស័យមកសាកសួរ​ ហើយតាមចម្លើយសារភាពថា ថ្នាំញៀននេះ​​ឈ្មោះ​ ផាន់​ សុពៅ​ ដែលជាអ្នកប្រើឲ្យខ្លួន​យកមក​ឲ្យអ្នកទិញនៅក្រុងតាខ្មៅ​។ បន្ទាប់មកជំនាញបានឃាត់ខ្លួនឈ្មោះ ​ផាន់​ សុពៅ​​​ (​ពុំមានថ្នាំញៀនទេ​)​ ហើយតាមចម្លើយសារភាពថា​ ឈ្មោះ ផាន់​ ពៅ​ ប្រាប់ថាមានមនុស្សឈ្មោះ​ រឹទ្ធ​ ភេទប្រុស​ អាយុ​ប្រហែល​២៨​ឆ្នាំ​ (​ជាប់ពន្ធនាគារ​ព្រៃស​)​ ប្រើយកមកឲ្យឈ្មោះ​ នៅ​ សម្បត្តិ​ ភេទប្រុស​ យកមកឲ្យគេបន្ត តាមដែលគេទាក់ទងទិញ​ ហើយកម្លាំងក៏បានឃាត់ឈ្មោះ​ នៅ​ សម្បត្តិ​ ភេទប្រុស​ បានចំនួន០៣កញ្ចប់ធំ ទម្ងន់ស្មើនឹង២៤៩.១​ក្រាម​ តម្លៃស្មើនឹង​ប្រហែល​ ៣០០ដុល្លារ​។

បច្ចុប្បន្នកម្លាំងអាវុធហត្ថជំនាញ បានកសាងសំណុំរឿងដើម្បីបញ្ជូនទៅចាត់ការបន្ដតាមនីតិវិធី និងស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនមេក្លោង ដែលកំពុងរត់គេចខ្លួនផងដែរ៕​

ប្រភព៖ freshnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]