រាជធានីភ្នំពេញ ៖ រថយន្តកាមរីបាឡែនមួយគ្រឿងបើកបរដោយនារីវ័យក្មេងសម្រស់ឆើតម្នាក់ គេចពីក្រុមម៉ូតូមកពីខាងមុខ ក៏ជ្រុលទៅបុកគូទរថយន្តយ៉ីឌុបដែលចតទុកចោលតាមផ្លូវដោយមិនមានដាក់ភ្លើង ឬសញ្ញា បណ្តាលឲ្យរថយន្តកាមរីខ្ទេចមុខមួយចំហៀង ផ្ទុះពោងខាងមុខ២ ហើយអ្នកបើកបររងរបួសស្រាល ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវជាតិលេខ៣ មុខឃ្លាំងឱសថក្រសួងសុខាភិបាល ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។
រថយន្តបង្កខាងលើម៉ាកកាមរីបាឡែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-6578 បើកបរដោយនារីវ័យក្មេងម្នាក់អះអាងថា ខ្លួនជាអាជីវករលក់ឡេ តាមអនឡាញ មានទីលំនៅក្បែរផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួសស្រាល ។ ចំណែករថយន្តរងគ្រោះថ្នាក់ម៉ាកហ៊ីយ៉ាន់ដាយទ្រុងយ៉ីឌុប ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-2734 អ្នកបើកបរមិនស្គាល់អត្តសញ្ញណចតរថយន្តទុកចោលតាមផ្លូវពីត្បូងទៅជើង ដោយមិនដាក់ភ្លើងសញ្ញា សញ្ញាអ្វីឡើយ ។
តាមប្រភពពីប្រជាពលរដ្ឋ ឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុរថយន្តកាមរីបាឡែន បើកបរដោយនារីម្នាក់ធ្វើដំណើរពីត្បូងទៅជើងលុះដល់ចំណុចកើតហេតុបានគេចពីក្រុមម៉ូតូជិះប្រដេញគ្នា២ទៅ៣គ្រឿងពីជើងទៅត្បូង ធ្វើឲ្យនារីរូបស្រស់បួងចង្កូតគេចជ្រុលទៅបុកគូថ រថយន្តយ៉ីឌុប ដែលចតទុកចោលតាមផ្លូវ គ្មានដាក់ភ្លើងសញ្ញាម្ចាស់មិនដឹងទៅណា បណ្តាលឲ្យបាឡែនខ្ទេចមុខមួយចំហៀងផ្ទុះពោង២ខាងមុខអ្នកបើកបររងរបួសស្រាល ។
ក្រោយកើតហេតុនារីជាអ្នកបើកបររថយន្តកាមរីឡាំប៉ាឡូឡា ដូចមនុស្សស្រវឹងស្រា វែកញែកផ្លូវច្បាប់ទាមទាររកសំណងជួសជុលរថយន្តខ្លួន ។តាមនារីខាងលើបានឲ្យដឹងថា មុនកើតហេតុគាត់ជួបជុំគ្នាជាមួយបងប្អូន អ្នកស្គាល់រាប់អានគ្នា ហូបចុកលេងនៅឯមណ្ឌលកែប្រែព្រៃស លុះពេលដែលគាត់ធ្វើដំណើរត្រឡប់ទៅផ្ទះឯផ្សារដីហុយវិញ តាមផ្លូវជាតិលេខ៣ពីត្បូងទៅជើង មកដល់ចំណុចខាងលើ បើកគេចពីក្រុមម៉ូតូ បើកច្រាសទិសបួងចង្កូតគេចក៏ជ្រុលទៅបុកពីក្រោយរយន្តធន់ធំចតទុកចោលតាមផ្លូវតែម្តង ។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅអន្តរាគមន៍វាស់វែងរួច រថយន្តទាំង២គ្រឿងត្រូវបានយកទៅរក្សាទុកនៅផ្នែកជំនាញ អធិការដ្ឋានរង់ចាំដោះស្រាយពេលក្រោយ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]