ចិន៖ ក្មេងប្រុសកំសត់អាយុ ៣ឆ្នាំ ត្រូវបានឪពុកម្តាយចិត្តឥតមេត្តាលក់ឲ្យអ្នកដទៃ ក្នុងតម្លៃជិត២ម៉ឺនដុល្លារ ប៉ុន្តែជាសំណាងល្អ ក្រោយមានការជួយសង្គ្រោះ នៅទីបំផុតរូបគេក៏បានវិលត្រលប់មករស់នៅជាមួយនឹងជីដូនជីតារបស់គេវិញ។

ជីតារបស់ក្មេងប្រុសរងគ្រោះយំអាណិតចៅ

បើយោងតាមការចុះផ្សាយពីកាសែតចិន South China Morning Post បានរាយការណ៍ឲ្យដឹងថា ក្មេងប្រុសរងគ្រោះអាយុ ៣ឆ្នាំ មកពីខេត្ត Fujian មិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ ត្រូវបានឪពុកម្តាយរបស់គេលក់ឲ្យអ្នកដទៃ ក្នុងតម្លៃ ១២០ ០០០យ័ន (ឬប្រហែល ១៧ ៨១៦ដុល្លារអាមេរិក) កាលពីកំឡុងចុងក្នុងឆ្នាំ២០១៨ កន្លងទៅនេះ ដោយសារតែមានបញ្ហានៅក្នុងគ្រួសារ និងមានជាប់ពាក់ព័ន្ធនឹងរឿងគ្រឿងញៀន។

ប្រភពដដែលបន្តថា ក្រោយបានលុយក្នុងដៃហើយនោះ ឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះ ក៏បានចែកចំណែកគ្នាស្មើ ម្នាក់ ៦០ ០០០យ័ន (ឬប្រហែល ៨ ៨៩៥ដុល្លារអាមេរិក)។ ប្រភពពុំបានទម្លាយឲ្យដឹងទេថា ក្រោយកើតហេតុឪពុកម្តាយរបស់ក្មេងប្រុសនេះ បែកបាក់ចែកផ្លូវគ្នា ឬយ៉ាងណានោះទេ។

ក្រោយមក រឿងរ៉ាវមួយនេះក៏ត្រូវបានដឹងដល់ជីតារបស់ក្មេងប្រុសរងគ្រោះ គឺនៅពេលដែលរូបគាត់បានមកជួបនឹងកូនប្រុស (ឪពុករបស់ក្មេងនេះ) ដែលត្រូវបានចាប់ខ្លួនពីបទជួញដូរគ្រឿងញៀន កាលពីខែធ្នូ ឆ្នាំមុននេះ។

ក្មេងប្រុសរងគ្រោះ

លោកតារូបនេះ ពិតមានការខឹងសម្បាយ៉ាងខ្លាំង ក្រោយដឹងថាចៅប្រុសខ្លួនឯង ត្រូវឪពុកម្តាយរបស់គេយកទៅលក់។ លោកតាបាននិយាយទាំងទឹកភ្នែកថា ពួកគេពិតជាអាក្រក់ និងឃោរឃៅខ្លាំងណាស់ (សំដៅទៅលើកូនប្រុសបង្កើត និងកូនប្រសាស្រី) «ប្រពន្ធរបស់ខ្ញុំ និងខ្ញុំ ដែលជាយាយតានេះ គឺអាចចិញ្ចឹមចៅប្រុសឲ្យរស់បាន ចុះហេតុអីបានជាពួកគេថ្លើមធំ ដាច់ចិត្តហ៊ានលក់កូនខ្លួនឯងទៅឲ្យអ្នកដទៃបែបនេះទៅវិញ?»

ក្រោយមក ជីតារបស់ក្មេងប្រុសរងគ្រោះ ក៏បានដាក់ពាក្យបណ្ដឹង ដើម្បីឲ្យប៉ូលិសមានសមត្ថកិច្ចជួយធ្វើអន្តរាគមន៍ តាមស្វែងរកចៅកំសត់។ អំឡុងពេលក្នុងការស៊ើបអង្កេត និងសួរចម្លើយខ្លះៗពីបុរសជាឪពុករបស់ក្មេងប្រុសរងគ្រោះ ប៉ូលិសបានរកឃើញថា ពួកគេបានលក់កូនប្រុសទៅឲ្យប្តីប្រពន្ធមួយគូ ដែលបានជួបនៅឯសួនច្បារមួយកន្លែង ក្នុងទីក្រុង Jinjiang ខេត្ត Fujian កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កន្លងទៅនេះ។

ជាសំណាងល្អ ដែលក្រុមប៉ូលិសជំនាញបានចុះធ្វើការស៊ើបសួរ និងតាមដាន រហូតនៅទីបំផុតបានរកឃើញអ្នកដែលទទួលទិញក្មេងប្រុសរងគ្រោះខាងលើនេះយកទៅចិញ្ចឹម។

ប៉ុន្តែបើទោះបីជាយ៉ាងណា តេស្តឌីអែនអេ (DNA) មួយចំនួន ក៏ត្រូវបានធ្វើឡើងដើម្បីឲ្យប្រាកដថា ជីតារូបនេះពិតជាមានទំនាក់ទំនងសាច់ឈាម ជាមួយនឹងក្មេងប្រុសរងគ្រោះឬអត់។ លទ្ធផលក៏បានបង្ហាញថា ពួកគេគឺពិតជាជាប់សាច់ឈាមនឹងគ្នាមែន។ ហើយនៅទីបំផុត ខាងមន្រ្តីប៉ូលិសក៏ដូចជាអាជ្ញាធរពាក់ព័ន្ធទាំងអស់ ក៏បានសម្រេចប្រគល់ក្មេងប្រុសរងគ្រោះ ទៅឲ្យជីដូនជីតារបស់គេដើម្បីយកទៅចិញ្ចឹមវិញផងដែរ។

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីខាងលើនេះ ឪពុកម្តាយរបស់ក្មេងប្រុសរងគ្រោះ ក៏ត្រូវបានឃុំខ្លួន ហើយក៏នឹងអាចប្រឈមមុខពីបទចោទប្រកាន់ជួញដូរកុមារផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

ក្មេងប្រុសរងគ្រោះត្រលប់ទៅនៅជាមួយតាយាយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]