រាជធានី​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខណ្ឌ​៧​មក​រា ឃាត់ខ្លួន និង​បញ្ជូន​ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី​០៤ ខែ​កម្ភៈ ហើយ​អតីត​អធិ​ការរង​នគរបាល​ក្រុង​ម្នាក់​បាន​រត់គេច​ខ្លួន ក្រោយ​ពី​មាន​ករណី​ផ្ទុះអាវុធ​ដាក់​គ្នា​ចំនួន​៣​គ្រាប់​ពាក់ព័ន្ធ​ទំនាស់​​រឿង​ជួសជុលផ្ទះ ។

តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​បង្ហើប​ឲ្យ​សមត្ថកិច្ច​ដឹង​ថា មន្ត្រី​យោធា​ដែល​ត្រូវ​ប៉េ​អឹ​ម​ឃាត់ខ្លួន​នោះ​មានឈ្មោះ ជា ចិន្តា មាន​ឋាន​ន្ទ​រ​ស័ក្តិ​វរៈសេនីយ៍ឯក ចំណែក​ភាគី​ដែល​ផ្ទុះអាវុធ ហើយ​បាន​រត់គេច​ខ្លួន​ឈ្មោះ គាវ ស៊ី​ថា អតីត​ជា​អធិការរង​នគរបាល​ក្រុង​។ ពួក​គាត់​មានផ្ទះ​លើ​ក្រោម​គ្នា ស្ថិត​នៅ​ផ្លូវ​លេខ​១៣៩ សង្កាត់​អូ​ឬ​ស្សី​៣ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ (​មន្ត្រី​យោធា​មិន​មានផ្ទះ​នៅ​ទីនោះ​ទេ ប្រហែលជា​សាច់ញាតិ​ហៅ​មក​កាង​) ។

សាក្សី​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ទៀត​ថា មុន​កើតហេតុ​គេ​បានឃើញ​មន្ត្រី​យោធា និង​អតីត​អធិការរង​ក្រុង បាន​ទាស់​ពាក្យ​សំដី​គ្នា​ពាក់ព័ន្ធ​រឿង​ជួសជុលផ្ទះ ហើយ​ការ​ទំនាស់​ពាក្យ​សំដី​គ្នា​មួយ​ប្រ៉ា​វ​នោះ គេ​បានឃើញ​មន្ត្រី​យោធា​ដក​កាំភ្លើង​គំរាម​ទៅ​លើ​អតីត​អធិការរង​ក្រុង រួច​មន្ត្រី​យោធា​រូប​នោះ​បាន​ដើរ​ឡើង​ទៅ​លើ​ផ្ទះ​ជាន់​ទី​៣​បាត់​ទៅ ។ ឃើញ​ដូច្នោះ​អតីត​អធិការរង​ក្រុង​បាន​ទាក់ទង និង​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន​ដើម្បី​ជ្រាប និង​ឲ្យ​ជួយ​អន្តរាគមន៍​ករណី​ចោទ​ថា មន្ត្រី​យោធា​បាន​ប្រើ​អាវុធ​គំរាម​ក្នុង​ពេល​មាន​ជម្លោះ ។

សាក្សី​បន្ត​ទៀត​ថា បន្ទាប់​ពី​មាន​សេចក្តីរាយការណ៍​ផ្ទាល់មាត់ អនុប្រធាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​អូរ​ឬ​ស្សី​៣​ម្នាក់ ឈ្មោះ គិត ច័ន្ទ​តារា បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ដែរ ដែល​ស្រប​ពេល​នោះ​មន្ត្រី​យោធា​ក៏​បាន​ចុះពីលើផ្ទះ​មក​វិញ ហើយ​ក៏​មានការ​ប៉ះ​ពាក្យ​សំដី​គ្នា​ជាមួយ​អតីត​អធិការរង​ក្រុង​ម្នាក់​នោះ​ទៀត។ ភាគី​ទាំង​ពីរ​ក៏​មាន​ទំនាស់​គ្នា​ម្តងទៀត កាន់តែ​ខ្លាំងក្លា រហូត​មានការ​ស្ទុះ​ចង់វាយ​ទាត់​ធាក់​គ្នា ប៉ុន្តែ​បាន​លោក​អនុប្រធាន​ប៉ុស្តិ៍​ជួយ​ឃាត់ ហើយ​ឆ្លៀតឱកាស​នោះ​អតីត​អធិការរង​ក្រុង បាន​ដក​យក​កាំភ្លើង​ខ្លី​ពី​ចង្កេះ​លោក គិត ច័ន្ទ​តារា អនុប្រធាន​នគរបាល​ប៉ុស្តិ៍​អូរ​ឬ​ស្សី​៣ បាញ់​ផ្ញុច​ដី​ចំនួន​៣​គ្រាប់ រួច​រត់​ចូល​ក្នុងផ្ទះ​បាត់ បណ្តាល​ឱ្យ​ភ្ញាក់ផ្អើល​ដល់​អ្នក​ដទៃ​ដែល​កំពុង​សែន​កុងម៉ា​។

ព័ត៌មាន​ពិស្តារ​មាន​ផ្សាយ​នៅ​កាសែត​កោះសន្តិភាព

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]