ខេត្តកណ្ដាល ៖ មានករណីជនសង្ស័យបានធ្វើសកម្មភាពគាស់ទ្វាររថយន្តលួចយកកាបូបមួយ ដែលហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះឈ្មោះសួង វិចិត្រ ស្ថិតក្នុងភូមិព្រែកយាយហ៊ិន២ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ។
ជនរងគ្រោះជាម្ចាស់កាបូបឈ្មោះផូ សុភួន ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិកលក់អចលនទ្រព្យ ។ ចំណែកកាបូបស្ពាយពណ៌ខ្មៅមួយដែលជនសង្ស័យលួចយកទៅបាត់នោះ ក្នុងនោះមានឯកសារលក់-ទិញដីធ្លីមួយចំនួន ។ រីឯវត្ថុតាងដែលជនសង្ស័យបន្សល់ទុកនៅកន្លែងកើតហេតុរួមមានម៉ូតូកង់បីមួយគ្រឿងសំរាប់លក់ការ៉េម និងតែគុជ ម៉ាកហុងដា ធុនC១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង ១A-៥៨៦៥ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា កាលពីវេលាម៉ោង៨យប់ថ្ងៃទី៣ កុម្ភៈ ឆ្នាំ២០១៩ គាត់បានធ្វើដំណើរពីភ្នំពេញមកផ្ទះឪពុកក្មេកដើម្បីចូលរួមសែនក្នុងពិធីបុណ្យចូលឆ្នាំចិន-វៀតណាម ដោយបានបើកបររថយន្តមួយគ្រឿងម៉ាកឡិចស៊ីស RX 300 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ ២AW-១០៩៦ ហើយនៅក្នុងរថយន្តនោះមានកាបូបស្ពាយមួយពណ៌ខ្មៅ មានទុកឯកសារលក់ដីធ្លីមួយចំនួននៅក្នុងកាបូបនោះ បន្ទាប់មកគាត់បានទុករថយន្តម៉ាកឡិចស៊ីសនៅខាងមុខផ្ទះឪពុកក្មេក ហើយបាននាំប្រពន្ធនិងកូនតូចចូលដេកនៅលើផ្ទះជាមួយឪពុកម្ដាយ និងបងប្អូន។
ប្រភពដដែលបានបន្តថា រហូតដល់វេលាម៉ោង៣ទៀបភ្លឺថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៩ កូនរបស់គាត់បានភ្ញាក់ហើយស្រែកយំ និងមានឆ្កែព្រុសជុំវិញផ្ទះ តែគាត់ពុំចាប់អារម្មណ៍ឡើយ ហើយបានលួងកូនឱ្យដេករហូតដល់ព្រឹកឡើងវេលាម៉ោង៦និង៣០នាទីព្រឹកថ្ងៃទី៤ កុម្ភៈ ឆ្នាំ២០១៩ ពេលគាត់ចុះពីលើផ្ទះមករកបើករថយន្តដើម្បីចេញទៅធ្វើការនៅភ្នំពេញ ស្រាប់តែឃើញទ្វាររថយន្តខាងឆ្វេងខាងក្រោយត្រូវជនសង្ស័យគាស់បណ្តាលឱ្យរបើក និងយកកាបូបស្ពាយពណ៌ខ្មៅចំនួន១ដែលមានទុកឯកសារទិញ-លក់ដីធ្លីមួយចំនួនទៀតយកទៅបាត់ ឃើញដូច្នេះ គាត់ក៏បានរាយការណ៍ជូនលោកមេភូមិ និងរាយការណ៍មកនគរបាលប៉ុស្តិ៍តែម្ដង។
ភ្លាមៗនោះសមត្ថកិច្ចជំនាញយុត្តិធម៌ស្រុក និងប៉ុស្តិ៍បានចុះទៅដល់កន្លែងកើតហេតុ និងពិនិត្យឃើញមានសាច់សត្វក្រួចអាំងប្រឡាក់ថ្នាំពុលដាក់បំពុលសត្វឆ្កែបណ្តាលឱ្យងាប់អស់ចំនួន៣ក្បាលនៅខាងមុខផ្ទះឈ្មោះហួត ស្រៀន ស្ថិតនៅខាងជើងកន្លែងកើតហេតុ ប្រហែល៣០០ម៉ែត្រ និងរកឃើញម៉ូតូកង់បីសំរាប់លក់តែគុជចំនួនមួយគ្រឿងដែលជនសង្ស័យជិះយកមកទុកចោលកន្លែងផ្លូវទាល់ រួចគេចខ្លួនបាត់។
បន្ទាប់មកសមត្ថកិច្ចបានយកម៉ូតូកង់បីសម្រាប់លក់តែគុជមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូលដើម្បីបន្តការស្រាវជ្រាវរកជនសង្ស័យមកចាត់ការតាមច្បាប់ ។ យោងតាមការស្រាវជ្រាវនិងការពិនិត្យហេតុជាក់ស្ដែង សមត្ថកិច្ចធ្វើការសន្និដ្ឋានថា ជនសង្ស័យមានបំណងគាស់ទ្វារថយន្តជនរងគ្រោះដើម្បីលួចទ្រព្យសម្បត្តិចន្លោះពីម៉ោង២ទៅម៉ោង៣ជិតភ្លឺ ៕
ប្រភព៖ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]