ថៃ៖ យោងតាមកាសែតបាងកកប៉ុស្តិ៍ បានចុះផ្សាយប្រសាសន៍របស់លោក Siwat Phongpiachan ដែលជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងទប់ស្កាត់គ្រោះមហន្តរាយបានថ្លែងថា «ខ្ញុំទទួលស្គាល់ថាខ្យល់បំពុលប្រភេទ PM2.5 ដែលហោះពាសពេញទីក្រុងបាងកក ពិតជាបណ្តាលមកពីផ្សែងបំពុលចេញពីយានយន្តមែន។ ប៉ុន្តែបើយោងតាមការស្រាវជ្រាវថ្មីវិញបានបង្ហាញបន្ថែមថា ខ្យល់បំពុលខ្លះក៏បានកើតចេញមកពីការដុតចំបើងនៅប្រទេសជិតខាងដែរ។ យើងចាំបាច់ត្រូវធ្វើការស្រាវជ្រាវលើករណីនេះបន្ថែម និងតាមដានបញ្ហាបំពុលខ្យល់នេះជាមួយប្រទេសជិតខាងក្នុងតំបន់អាស៊ានតែម្តង»។

លោក Siwat បានលើកឡើងថា «ប្រព័ន្ធផ្កាយរណបមួយបានដៅលើចំនុចសំខាន់ៗជាច្រើនដែលមាននៅប្រទេសកម្ពុជា សំដៅលើការដុតស្រែរបស់កសិករក្រោយការប្រមូលផលរួច»។

បើតាមប្រសាសន៍របស់លោក Pralong Damronthai ដែលជាអគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងការបំពុល បានឱ្យដឹងថា លោកពិតជាទទួលស្គាល់ថាផ្សែងបំពុលខ្លះពិតជាកើតចេញពីការដុតចំបើងរបស់ប្រជាកសិករក្នុងប្រទេសកម្ពុជាមែន។ ហើយលោកក៏បានជំរុញដល់អាជ្ញាធរថៃចុះទៅត្រួតពិនិត្យលើបញ្ហានេះផងដែរ។

ទោះបីជាយ៉ាងណា នាយកដ្ឋានគ្រប់គ្រងការបំពុលក្នុងប្រទេសថៃ នឹងធ្វើការចុះទៅត្រួតពិនិត្យពីទិដ្ឋភាពជាក់ស្តែងតាមព្រំដែនកម្ពុជា-ថៃ ស្ថិតនៅចន្លោះខេត្តត្រាតនិងឆាឆេងសាវ ដែលមិនទាន់ទទួលរងបញ្ហាកង្វក់ខ្យល់ធ្ងន់ធ្ងរនៅឡើយ។

មិនតែប៉ុណ្ណោះលោក Pralong បានបញ្ជាក់បន្ថែមថា បញ្ហាខ្យល់ពុលនៅក្នុងប្រទេសថៃ បណ្តាលមកពីបញ្ហារថយន្តប្រើប្រេងម៉ាស៊ូត ៥២ភាគរយ ការដុតភ្លើង ៣៥ភាគរយ ក្រៅពីនោះបណ្តាលមកពីឧស្សាហកម្មធុនធ្ងន់ និងរោងចក្រថាមពល។

អាជ្ញាធរថៃនៅតែសង្កត់ធ្ងន់ថា ការធ្វើចរាចរណ៍និងកកស្ទះយានយន្តទៅវិញទេដែលជាបញ្ហាចំបង។ គួរបញ្ជាក់ថា ដោយសារបញ្ហាខ្យល់បំពុលនេះទើបរដ្ឋាភិបាលថៃជំរុញឲ្យប្រជាជនថៃទាំងអស់ធ្វើការពាក់ម៉ាស់ដើម្បីទប់ស្កាត់ធូលីដីតូចៗប្រភេទ PM2.5 ដែលជាខ្យល់កង្វក់ ងាយនឹងស្រូបចូលតាមរយៈការដកដង្ហើម៕

ទីក្រុងបាងកក
រូបតំណាង
ទីក្រុងបាងកក
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]