ខេត្តក្រចេះ ៖ ជន​ដៃដល់​ដែល​បាន​ធ្វើ​សកម្មភាព​យក​ដំបង​វាយ​សម្លាប់​ជីតា​ហើយ​ចោល​សាកសព​នៅ​ក្នុង​ព្រៃ​ត្រូវ​បាន​នគរបាល​ស្រុក​ស្នួល ស្រាវជ្រាវ​ចាប់ខ្លួន​បាន បន្ទាប់​ពី​បាន​បង្ក ហេតុ និង​រត់គេច​ខ្លួន​បាន​រយៈពេល​៧​ថ្ងៃ ។

នគរបាល​និយាយ​ថា នគរបាល​បាន​ប្រើ​រយៈពេល​ចុះ​ស្រាវជ្រាវ​មួយ​ថ្ងៃ និង​បាន​ស្វែ​ករក​ចាប់ខ្លួន​ជន​រង​គ្រោះ​បាន​បន្ទាប់​ពី​មានការ​ភ្ញាក់ផ្អើល​នៅ​ពេល​មានការ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ស្លាប់​នៅ​កណ្តាល​ព្រៃ ចំនុច​គោក​សុ​ភី ក្នុងភូមិ​ឃ្សឹ​ម ស្រុក​ស្នួល កាលពី​ថ្ងៃ​ទី​២ ខែកុម្ភៈ​នេះ ។

អធិការ​នគរបាល​ស្រុក​ស្នួល​លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម បាន​ប្រាប់​ឲ្យ​ដឹង​ថា សាកសព​របស់​បុរស​រង​គ្រោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ក្នុង​សភាព​ហើម​ស្អុយ ។ បន្ទាប់​ពី​រង​ការ វាយ​សម្លាប់​ពី​ជន​ដៃដល់​រយៈពេល​៧​ថ្ងៃ ។

លោក​អធិការ​ថា ជនសង្ស័យ​ដៃដល់​ឈ្មោះ រុំ រ៉េ​ន អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ។ ជន​នេះ បាន​ធ្វើ​សកម្មភាព​យក​ដំបង​វាយ​សម្លាប់​បុរស​រង​គ្រោះ​មាន​វ័យ​ចំណាស់ ដែល​ត្រូវជា​ជីតា​របស់​ជន​ដៃដល់ ដោយ​ឱ​ពុក​ជន​ដៃដល់​ជា​ក្មួយ របស់​ជន​រង​គ្រោះ​។

លោក​វរសេនីយ៍ឯក ចាន់ សុខ​គី​ម បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​រយៈពេល​៧​ថ្ងៃមុន​ជន​ដៃ ដល់​បាន​បបួល​បុរស​រង​គ្រោះជា​ជីតា​ចូល​ព្រៃ ដើម្បី​ប​បាញ់​សត្វ ។ ពេល​ទៅ​ដល់​ព្រៃ​ជន​ដៃដល់​បានដឹង​ថា បុរស​រង​គ្រោះជា​ជីតា​មាន​លុយ​ច្រើន ក៏​ធ្វើ​សកម្មភាព​វាយ​សម្លាប់ ដោយ​ប្រើ​ដំបង ហើយ​ទុក​សាកសព​នៅ​ចោល​ក្នុង​ព្រៃ ហើយ​ក៏​យក​ម៉ូតូ និង​លុយ​ក្នុង​ហោប៉ៅ​របស់​ជន​រង​គ្រោះ​រួច​គេចខ្លួន ។

លោក​ថា ក្រោយ​ការ​ប្រទះ​ឃើញ​សាកសព​នៅ​ក្នុង​ព្រៃ នគរបាល​បាន​ចុះ​ពិនិត្យ​មើល​ដល់​កន្លែង​កើតហេតុ និង​កំណត់​ការ​ស្រាវជ្រាវ ។ ក្រោយ​ការ​ចុះ​ស្រាវជ្រាវ​រយៈពេល​១​ថ្ងៃ​ក៏​ឈាន​ដល់​ការ​កំណត់​លើ​មុខសញ្ញា និង​តាម​ចាប់ខ្លួន​ជន​ដៃដល់​រូប​នេះ​បាន ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]