រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​ពី​មាន​រថយន្ត​កុងតឺន័រ​២​គ្រឿង​សាក​កម្លាំង​បើក​ប្រជែង​ប្រណាំង​គ្នា​លេង​តាម​ផ្លូវជាតិ​ធ្វើ​ឲ្យ​កុងតឺន័រ​មួយ​គ្រឿង​នៅ​ខាងស្តាំ​កៀរ​ម៉ូតូ​សេ​១២៥ ផ្លោង​ទៅ​មុខ​កុងតឺន័រ​នៅ​ខាងឆ្វេង ខ្ទេច​ម៉ូតូ បាក់​តួរ​ជា​ពីរ​កំណាត់ ហើយ​កុង​តៃ​ន័​រ​ខាងស្តាំ​បន្ថែម​ល្បឿន​បើក​រត់គេច​ទៅ​បាត់​សល់​​មួយ​គ្រឿង ពលរដ្ឋ​ឃាត់​បាន​ទាំង​អ្នកបើកបរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​ម៉ោង​៧​និង​២៥​នាទី​យប់ ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០១៩ នៅ​តាម​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រីង​ត្បូង​១ សង្កាត់​ចោម​ចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ករណី​រថយន្ត​កុងតឺន័រ​២​គ្រឿង​បើក​ប្រណាំង​គ្នា​ខាងលើ​នេះ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ បុរស​ម្នាក់​ជា​អ្នកបើកបរ​ម៉ូតូ​រង​របួស​ធ្ងន់ធ្ងរ ហើយ​ពិនិត្យ​មើល​ឯកសារ សៀវភៅ​គ្រួសារ​ជាប់​តាម​ម៉ូតូ​ឃើញ​មានឈ្មោះ ព្រំ ប៊ុ​ន​ថន ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ កុក ស៊ី​ណេ​ង អាយុ​៤៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បូ​ពឹង ឃុំ​កំពង់​គោ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ ។

តាម​ប្រជាពលរដ្ឋ​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា ដូច​ជា​ជ្រុល​ពេក​ហើយ ក្រុម​អ្នក​បើករថយន្ត​កុងតឺន័រ​២​គ្រឿង​ខាងលើ មុន​កើតហេតុ រថយន្ត​បង្ក​ទាំង​២​គ្រឿង​បើក​ទន្ទឹម​គ្នា​២ ប្រជែង​ប្រណាំង​គ្នា​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​ខាងលើ​កុងតឺន័រ​ដែល​បើក​នៅ​ខាងស្តាំ​ដៃ​បាន​កៀរ​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក​ហុងដា សេ​១២៥ ស៊េរី​២០០៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ធំ 1A-5388 កំពុង​បើក​ស្រប​ទិស បណ្តាល​ឱ្យ​ផ្លោង​ខ្ទាត​ទៅ​មុខ​កុងតឺន័រ​ខាងឆ្វេង ថែម​ទាំង​បាក់​តួរ​ជា​ពីរ​កំណាត់ ចំណែក​កុងតឺន័រ​ខាងស្តាំ​ង​បន្ថែម​ល្បឿន​បើក​គេចខ្លួន​បាត់ សល់​តែ​កុងតឺន័រ​ដែល​បើក​នៅ​ខាងឆ្វេង​នោះ​អ្នកបើកបរ​ត្រូវ​បាន​ឃាត់ខ្លួន ដោយ​បើករថយន្ត​កុងតឺន័រ​ម៉ាក FREIGHTLINER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-9608 របស់​ក្រុមហ៊ុន STL ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​គ្លីនិក​ឯកជន​ដឹក​យក​ទៅ ចំណែក​រថយន្ត​បង្ក និង​ម៉ូតូ ព្រមទាំង​អ្នកបើកបរ​រថយន្ត​ម្នាក់​ផង ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​ការិយាល័យ​ចរាចរណ៍​ជើង​គោក​ស្នងការ​ក្រុងភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]