ខេត្តបាត់ដំបង ៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​៤៧០​មួយ​គ្រឿង​របស់​ម្ចាស់​ស្ថានីយ​ប្រេង​មួយ​កន្លែង​ត្រូវ​ចោរ​លួច​បើក​ចេញពី​ស្ថានីយ​ទាំង​ថ្ងៃ​នៅ​ចំពោះ​មុខ​ម្ចាស់ តែ​ត្រូវ​ម្ចាស់​រថយន្ត​នេះ​ជិះ​ម៉ូតូ​ដេញ​តាម​ចាប់​យក​បាន​រថយន្ត​មក​វិញ ក្រោយ​ពី​ចោរ​នោះ​ព្យាយាម​បើក​រត់​បាន​ប្រហែល​ជាង​១​គីឡូម៉ែត្រ តែ​ជនល្មើស​បាន​រត់​រួចខ្លួន ដោយសារ​សមត្ថកិច្ច​ចាត់​ទុក​ចោរ​នោះ​ជា​មនុស្ស «​ឆ្គូ​ត​»​។

បើ​តាម​ការ​អះអាង​របស់​កម្មករ​ស្ថានីយ​ប្រេង​បាន​ប្រាប់​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ម៉ោង ៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០២ កុម្ភ​: នៅ​ចំណុច​ស្ថានីយ​ប្រេង «​រស្មី​បាត់ដំបង​» ស្ថិត​ក្នុង​ក្រុម​ទី​០៦ ភូមិ​រំចេក​៤ សង្កាត់​​រត​នះ ក្រុង​បាត់ដំបង​។ រថយន្ត​ដែល​ចោរលួច​នោះ​ម៉ាក​ឡិច​ស៊ី​ស ពណ៌​ស ៤៧០ ពាក់​ស្លាក​លេខ បាត់ដំបង 2B.6199 របស់​ឈ្មោះ ឈឿ​ន ទិ​ត្យ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ម្ចាស់​ស្ថានីយ​ប្រេង​ខាងលើ​។

លោក ឈឿ​ន ទិ​ត្យ បាន​និយាយ​ថា លោក​បើករថយន្ត​ទៅ​លាង​នៅ​ជ្រុង​ខាងកើត​នៃ​ស្ថានីយ​ប្រេង​របស់​ខ្លួន តែ​ពេល​លាង​រួច​លោក​មិន​បាន​ដក​សោរ​ចេញ​ទេ ដោយ​ទុក​ជាប់​រថយន្ត ព្រោះ​គិត​ថា រថយន្ត​នៅ​ក្នុង​ស្ថានីយ​ប្រេង ប៉ុន្តែ​ពេល​លោក​ដើរ​ចេញ​ផុត​បន្តិច ស្រាប់តែ​មិនដឹង​ថា ជនល្មើស​នោះ​ដើរ​មកពីណា ដើរ​ទៅ​បើកទ្វា​រថយន្ត​ឡើង​បើក​ចេញ​ប្រុង​ទៅ​បាត់​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​។

លោក​ឈឿ​ន ទិ​ត្យ បាន​បញ្ជាក់​ថា ភ្លាម​ៗ​នោះ​លោក និង​កម្មករ​ម្នាក់​ទៀត​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ដល់​ផ្សារ​ថ្មី ចម្ងាយ​ជាង​១​គីឡូម៉ែត្រ​ពី​កន្លែង​លួច ទើប​តាម​ទាន់​កាក់​ឲ្យ​ឈប់ និង​យក​រថយន្ត​បាន​មក​វិញ តែ​ជន​សង្ស័យ​នោះ​បាន​ចុះ​រត់​ចូល​រថយន្ត​គេ​ផ្សេង​ទៀត​នៅ​ទីនោះ រួច​ចុច​ឡុ​ក​ទ្វារ​ជាប់​។ ពេល​នោះ​លោក​បាន​ទូរស័ព្ទ​ហៅ​មន្ត្រី​នគរបាល​ម្នាក់​ឲ្យ​ជួយ​អន្តរាគមន៍​ដែរ តែ​មន្ត្រី​នោះ​មិន​មក​ទេ ដោយ​អះអាង​ថា ចោរ​នេះ​ជា​«​មនុស្ស​មិន​គ្រប់ទឹក​»​។ ឮ​ដូច្នេះ​លោក​ក៏​បាន​បើករថយន្ត​ត្រឡប់​មក​វិញ ខណ​:​ដែល​ចោរ​ឡប់សតិ​នោះ​សម្ងំ​នៅ​ក្នុង​រថយន្ត​គេ​នៅឡើយ​។

បើ​តាម​កម្មករ​ស្ថានីយ​ប្រេង​បាន​និយាយ​ថា ចោរ​នោះ​មាន​មាឌធំ​ដើរមក​ពី​ទិស​ខាងលិច​សំដៅ​ចូល​មក​ស្ថានីយ​ប្រេង តែ​ខ្លួន​មិន​បាន​ចាប់អារម្មណ៍​ថា ជន​នោះ​ជា​នរណា​នោះ​ទេ​។ កម្មករ​រូប​នេះ​បាន​បញ្ជាក់​ថា ជន​បាន​ដើរ​តម្រង់​ទៅ​រថយន្ត ហើយ​ក៏​បើកទ្វារ​រថយន្ត​ចូល​បើក​ថយក្រោយ និង​បត់​ទៅ​ឆ្ពោះទៅ​ទិស​ខាងកើត​លឿ​ល​ស្លេវ​បង្ក​ឲ្យ​មានការ​ផ្អើល​ឆោឡោ​តែ​ម្ដង​។

ជុំវិញ​សកម្មភាព​ចោរលួច​រថយន្ត​កណ្ដាល​ក្រុង​បាត់ដំបង​ទាំង​ថ្ងៃនេះ ហាក់​មិន​រំខាន​ដល់​កម្លាំង​នគរបាល​ក្រុង​ទេ រហូត​ដល់​ជន​រង​គ្រោះ​រំដោះ​បាន​រថយន្ត​នោះ​ពី​កណ្ដាប់ដៃ​ចោរ​បើក​មក​ដល់​ស្ថានីយ​ប្រេង​វិញ​ហើយ​​ក្ដី ក៏​គេ​មិនឃើញ​មាន​សមត្ថកិច្ច​ក្រុង​បាត់ដំបង​ណា​ម្នាក់​មក​សួរនាំ​ដែរ​។ លើក​លេង​តែ​លោក​ឧត្តម​សេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​តែ​ម្នាក់​គត់​ដែល​លោក​បាន​មក​ដល់​កន្លែង​កើតហេតុ ដើម្បី​សាក​សួរ​នូវ​ហេតុការណ៍​នេះ​។

លោក​ឧត្តមសេនីយត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​ខេត្ត​បាន​ទទួលស្គាល់​ថា កម្លាំង​សមត្ថកិច្ច​ពិតជា​មាន​ភាព​យឺតយ៉ាវ​មែន ជុំវិញ​ករណី​ចោរលួច​រថយន្ត​នេះ សូ​ម្បី​តែ​លោក​ទៅ​ដល់​កន្លែង​កើតហេតុ​ហើយ ក៏​មិន​ទាន់​ឃើញ​​មាន​វត្តមាន​កម្លាំង​អធិការ​ក្រុង​ណា​ម្នាក់​នៅ​ទីនោះ​ដែរ​។ ទោះ​យ៉ាងណា​លោកស្នងការ​រង​បាន​បញ្ជាក់​​ថា ពេល​នេះ​មន្ត្រី​ជំនាញ​បាន​និង​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​នោះ​ហើយ​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]