អាមេរិក៖ ម្តាយម្នាក់មានការសោកស្តាយជាខ្លាំង បន្ទាប់ពីយកកែវរបស់កូនឱ្យគេ ដោយមិនដឹងថាកែវនោះមានលុយនៅខាងក្នុង កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គម។

លោក Devon Silvey អាយុ ២៧ឆ្នាំ រស់នៅទីក្រុង Atlanta រដ្ឋ Georgia សហរដ្ឋអាមេរិក បានលក់ឡានរបស់លោក ហើយបម្រុងនឹងយកលុយទៅដាក់ក្នុងធនាគារ ប៉ុន្តែដោយសារធនាគារបានបិទទ្វារ ដូច្នេះលោកក៏ដាក់លុយទាំងនោះចូលទៅក្នុងកែវរបស់លោក ដោយគិតថាវាមានសុវត្ថិភាព ហើយចាំស្អែកចាំយកលុយទាំងនោះទៅដាក់ក្នុងធនគារ។

អ្នកស្រី Lindsay Preiss

ម្តាយរបស់លោកឈ្មោះ Lindsay Preiss ទើបតែបានអានសៀវភៅរួចដែលមានចំណងជើងថា «The Life Changing Magic of Tidying Up» ដែលនៅក្នុងសៀវភៅនោះបានរៀបរាប់ពីជីវិតផ្លាស់ប្តូរទាំងស្រុង នៅពេលដែលយើងរៀនសំអាតផ្ទះ និងបរិយាកាសជុំវិញខ្លួនយើង។

ដូច្នេះបន្ទាប់ពីអានចប់ អ្នកស្រី Lindsay ក៏បានអនុវត្តតាមគោលការណ៍នៅក្នុងសៀវភៅ ដោយរៀបចំផ្ទះ និងបោះចោលរបស់ដែលអត់ប្រយោជន៍ និងរបស់មិនសូវប្រើប្រាស់នានា ដោយក្នុងនោះមានកែវរបស់កូនអ្នកស្រីផងដែរ ដោយគិតថាគេមិនសូវប្រើកែវនោះ។

ដូច្នេះអ្នកស្រីបានយករបស់របរដែលពុំសូវប្រើប្រាស់ រួមទាំងកែវនោះយកទៅបរិច្ចាគនៅហាងមួយកន្លែងឈ្មោះ Goodwill (ដែលជាហាងលក់របស់របរមួយទឹក)។ ក្រោយមកពេលដឹងរឿងនេះក៏ផ្អើលឆោឡោ ក៏ទៅទាក់ទងអ្នកគ្រប់គ្រងហាង Goodwill នោះ តែជាអកុសលកែវនោះត្រូវបានអ្នកផ្សេងទិញយកទៅប្រើប្រាស់រួចហើយ នេះបើយោងតាមកាមេរ៉ាសុវត្ថិភាពនៅទីនោះ។

លោក Devon Silvey

យ៉ាងណាមិញ លោក Devon បាននិយាយថា៖

«ដំបូងឡើយ ខ្ញុំស្មានតែម៉ាក់ខ្ញុំនិយាយលេងសើចដាក់ខ្ញុំ គាត់គិតថា ខ្ញុំមានការសោកស្តាយដែលកែវរបស់ខ្ញុំបានបាត់ តែអ្វីដែលសំខាន់នោះគឺលុយនៅក្នុងកែវនោះទេ។ ខ្ញុំបានដាក់លុយលក់ឡានចំនួន ៦,៥០០ ដុល្លារចូលទៅក្នុងនោះ។»

ដោយឡែក អ្នកស្រី Lindsay ក៏បាននិយាយថា៖

«ខ្ញុំមានអារម្មណ៍ថា ខ្ញុំគឺជាម្តាយអាក្រក់បំផុតនៅលើលោកនេះ ខ្ញុំពិតជាមានការសោកស្តាយជាខ្លាំងដែលខ្ញុំបានធ្វើរឿងមួយនេះ។ ចុងក្រោយខ្ញុំគ្រាន់តែសង្ឃឹមថា បើអ្នកដែលទិញកែវនោះយកទៅប្រើប្រាស់ ឃើញព័ត៌មានមួយនេះ សូមយកត្រលប់ឱ្យពួកខ្ញុំវិញផង ខ្ញុំពិតជាដឹងគុណខ្លាំងណាស់៕»

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

កែវដែលយកឱ្យគេនោះ
មុខហាង Goodwill

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]