ភ្នំពេញ៖ អេសស៊ីជី ដែលជាក្រុមហ៊ុនពហុសាជីវកម្មឈានមុខគេនៅក្នុងតំបន់អាស៊ាន នៅថ្ងៃម្សិលមិញនេះ បានប្រកាសថា ការប្រកួតបាល់ទាត់មិត្តភាពប្រចាំឆ្នាំ រវាងតារាបាល់ទាត់ក្នុងលីកកម្ពុជា ក្រោមឈ្មោះថា « K Cement All Stars » និងក្លឹបបាល់ទាត់ SCG Muangthong United ដែលជាក្លឹបបាល់ទាត់ឈានមុខគេមួយក្នុងតំបន់អាស៊ាន នឹងប្រព្រឹត្តទៅ​ នៅពហុកីឡាដ្ឋានជាតិអូឡាំពិក ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី ០៩ កុម្ភៈខាងមុខនេះ ដោយសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC)។ 

អេសស៊ីជី (SCG) រៀបចំការប្រកួតបាល់ទាត់មិត្តភាព
អេសស៊ីជី (SCG) រៀបចំការប្រកួតបាល់ទាត់មិត្តភាព

លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ នាយកក្រុមហ៊ុនអេសស៊ីជីប្រចាំកម្ពុជា មានប្រសាសន៍ថា៖ 

«អេសស៊ីជីទទួលស្គាល់ពីសារសំខាន់របស់កីឡាក្នុងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជន ទាំងការមើល និងការលេងដោយផ្ទាល់។ មូលហេតុនេះហើយ ទើបបានជាយើងគាំទ្រដល់ការផ្សព្វផ្សាយលើកកម្ពស់វិស័យកីឡានៅទូទាំងតំបន់អាស៊ាន។ ដើម្បីបង្ហាញឲ្យឃើញពីការប្ដេជ្ញាចិត្តរបស់យើងក្នុងការលើកកម្ពស់គុណភាពជីវិតរស់នៅសម្រាប់ប្រជាជនកម្ពុជា ចាប់តាំងពីឆ្នាំ ២០១៦ មក យើងបាននាំក្លឹបបាល់ទាត់ SCG Muangthong United ដែលជាក្លឹបបាល់ទាត់ឈានមុខគេមួយនៅក្នុងតំបន់អាស៊ាន ដើម្បីមកប្រកួតជាមួយនឹងក្រុម K Cement All Stars ហើយយើងពិតជាមានក្តីសោមនស្សរីករាយក្នុងការបន្តកម្មវិធីនេះនៅក្នុងឆ្នាំ២០១៩ ជាបន្តទៅទៀត»
លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆៃ នាយកក្រុមហ៊ុនអេសស៊ីជីប្រចាំកម្ពុជា

ការប្រកួតមិត្តភាពនេះគឺជាផ្នែកមួយនៃកម្មវិធី SCG Muangthong United ASEAN Tour ហើយនេះជាឆ្នាំទី៣ ហើយដែល SCG រៀបចំកម្មវិធីនេះនៅក្នុងប្រទេសកម្ពុជា។ អ្នកគាំទ្រសរុបរាប់សែននាក់ បានមកទស្សនាការប្រកួតទាំងពីរលើកក្នុងឆ្នាំ២០១៦ និង ២០១៧ ខណៈប្រជាជនរាប់លាននាក់ ទស្សនាការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍។

លោក ស៊ុមវ៉ាង បានឲ្យដឹងទៀតថា៖

«ក្រៅពីការប្រកួតលើកនេះ គ្រូបង្វឹកមកពីក្លឹប SCG Muangthong United ក៏នឹងចូលរួមក្នុងកម្មវិធី «Kick and Share by SCG» ដែលជាកម្មវិធីហ្វឹកហាត់បាល់ទាត់មួយ ដោយក្នុងនោះកុមារចំនួន ២00 នាក់នៅរាជធានីភ្នំពេញ អាចចូលរួម និងក្រេបយកបទពិសោធន៍ល្អៗពីគ្រូបង្វឹកអាជីពថែមទៀតផង។ យើងសង្ឃឹមថា កម្មវិធី SCG Muangthong United ASEAN Tour 2019 នឹងផ្ដល់ផលប្រយោជន៍ដល់ប្រទេសកម្ពុជា តាមរយៈការគាំទ្រដល់ការអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់របស់ខ្លួន ដើម្បីត្រៀមលក្ខណៈសម្រាប់កម្មវិធី SEA Games 2023 ដែលរៀបចំនៅក្នុងប្រទេសកម្ពុជានេះ»។

ទន្ទឹមនឹងនេះ អេសស៊ីជី ក៏បានអំពាវនាវឲ្យអ្នកគាំទ្រកម្ពុជាទាំងអស់ទូទាំងប្រទេសចូលរួមក្នុងសកម្មភាពមនុស្សធម៌ តាមរយៈការជាវអាវសម្រាប់ការប្រកួតពិសេសនេះ។

រាល់ប្រាក់ចំណូលបានមកពីការលក់ឈុតអាវក្រុម K Cement All Stars នេះនឹងត្រូវបានឧបត្ថម្ភទៅឲ្យ FFC ដើម្បីជួយអភិវឌ្ឍអនាគតអ្នកមានទេពកោសល្យផ្នែកកីឡាបាល់ទាត់នៅកម្ពុជា ដើម្បីជាការត្រៀមលក្ខណៈសម្រាប់កម្មវិធី SEA Games 2023 ហើយក៏សម្រាប់គាំទ្រដល់ផ្នែកសុខាភិបាលនៅក្នុងខេត្តកំពតផងដែរ។

ឈុតអាវ អាចរកជាវបានតាមអនឡាញតាមរយៈគេហទំព័ររបស់អេសស៊ីជី គឺ៖ scgbuildingmaterials.com

ការទូទាត់ថ្លៃសំបុត្រចូលទស្សនា ក៏អាចធ្វើឡើងតាមអនឡាញបានផងដែរ តាមរយៈកម្មវិធី ផាយ ផេ (Pi Pay) ដែលជាកម្មវិធីទូទាត់ប្រាក់ឌីជីថល សម្រាប់អ្នកគាំទ្រដែលចាប់អារម្មណ៍ចង់ទូទាត់តាមវិធីនេះ។ សំបុត្រចូលទស្សនា និងអាវយឺតអាចរកជាវបាននៅមុខពហុកីឡាដ្ឋានជាតិអូឡាំពិកចាប់ពីថ្ងៃទី ០១ កុម្ភៈនេះ រហូតដល់ថ្ងៃទី ០៩ កុម្ភៈ។

លោក Karn Jantarat ប្រធាន និងជានាយកប្រតិបត្តិរបស់ក្លឹប SCG Muangthong United បានសម្ដែងសេចក្តីរំភើបចំពោះការប្រកួតជាមួយនឹងក្រុមបាល់ទាត់ K Cement All Stars នេះ។

លោកបានថ្លែងថា៖ 

«នេះជាលើកទីបីហើយ ដែលយើងបានមកកាន់រាជធានីភ្នំពេញ ហើយប្រកួតជាមួយនឹងតារាបាល់ទាត់ក្នុងលីកកម្ពុជា។ យើងសង្ឃឹមថា នឹងមានអ្នកគាំទ្រមកចូលរួមពេញពហុកីឡាដ្ឋានជាថ្មីម្ដងទៀត ដើម្បីបានទស្សនាការប្រកួតដ៏អស្ចារ្យនេះ។ យើងនឹងបញ្ជូនកីឡាករល្អៗបំផុតរបស់ក្លឹបដើម្បីចូលរួមក្នុងការប្រកួតនេះ ពីព្រោះយើងដឹងច្បាស់ថា ការប្រកួតនេះមិនមែនងាយស្រួលនោះទេ »។
លោក Karn Jantarat ប្រធាន និងជានាយកប្រតិបត្តិរបស់ក្លឹប SCG Muangthong United

លោក ម៉ៃ តុលា អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុនអេសស៊ីជី សម្រាប់ការគាំទ្រជាបន្តបន្ទាប់ដល់វិស័យកីឡាបាល់ទាត់កម្ពុជា ហើយស្វាគមន៍នូវការប្រកួតមិត្តភាពជាថ្មីម្ដងទៀត រវាងក្រុមបាល់ទាត់ទាំងពីរ ហើយរំពឹងថា នឹងមានការគាំទ្រកាន់តែខ្លាំងថែមទៀតពីសំណាក់អ្នកគាំទ្រ។

លោក ម៉ៃ តុលា មានប្រសាសន៍ថា៖  

«ដូចគ្នានឹងការប្រកួតចំនួនពីរលើកកាលពីមុនដែរ ការប្រកួតលើកនេះ នឹងផ្ដល់នូវក្ដីរំភើបរីករាយ ហើយយើងសង្ឃឹមថា អ្នកគាំទ្រនឹងចូលរួមជាមួយនឹងយើងខ្ញុំទាំងអស់គ្នាក្នុងការអបអរដល់កីឡាកររបស់យើងនៅថ្ងៃប្រកួត»។
លោក ម៉ៃ តុលា អគ្គលេខាធិការរង សហព័ន្ធកីឡាបាល់ទាត់កម្ពុជា
អេសស៊ីជី (SCG) រៀបចំការប្រកួតបាល់ទាត់មិត្តភាព
អេសស៊ីជី (SCG) រៀបចំការប្រកួតបាល់ទាត់មិត្តភាព
អេសស៊ីជី (SCG) រៀបចំការប្រកួតបាល់ទាត់មិត្តភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]