ចិន៖ បុរសជាឪពុកជនជាតិចិនម្នាក់ ហាក់មានអារម្មណ៍ថារំភើប លាយឡំនឹងភាពក្តុកក្តួល ពេលត្រលប់មកជួបនឹងគ្រួសារវិញ ត្រូវកូនប្រុសតូចមិនអាចចំណាំគាត់បាន ក្រោយការចាកចេញឆ្ងាយរបស់គាត់ បែកពីប្រពន្ធកូនអស់ពេលជាច្រើនខែទៅធ្វើទាហាន។

លោក Kang និងកូនប្រុស

បើយោងតាមប្រភពសារព័ត៌មាន មន្រ្តីកងកម្លាំងរំដោះប្រជាជន ឬ «People’s Liberation Army» កាលពីថ្មីៗនេះ បានអនុញ្ញាតឲ្យមន្រ្តីយោធាឈប់សម្រាក ដើម្បីបានត្រលប់ទៅផ្ទះ ជួបជុំនឹងគ្រួសារក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន។

នៅក្នុងនោះ លោក Kang ដែលជាមន្រ្តីយោធាមួយរូប ក៏បានត្រលប់មកផ្ទះវិញដែរ នៅឯទីក្រុង Binzhou ខេត្ត Shandong ដើម្បីជួបជុំនឹងគ្រួសាររបស់លោក។ ពិសសនោះគឺ បានជួបមុខកូនប្រុសតូច ដែលមានអាយុប្រហែលជា៤ឆ្នាំ ព្រោះថាលោកពិតជានឹកគេយ៉ាងខ្លាំង។

ប៉ុន្តែផ្ទុយទៅវិញ នៅពេលដែលលោក Kang បានមកដល់ផ្ទះឈរនៅផ្លូវខាងក្រៅ កូនប្រុសរបស់លោកបែរជាមិនអាចចំណាំលោកបាន ហើយចាប់ផ្តើមយំ និងរត់ចេញឆ្ងាយពីគាត់ថែមទៀតផង។

ជាក់ស្តែង នៅក្នុងវីដេអូឃ្លីប ដែលភរិយារបស់លោក Kang បានថតនូវសកម្មភាពក្នុងថ្ងៃដែលស្វាមីមកដល់នោះ បានបង្ហាញឲ្យឃើញថា កូនប្រុសរបស់លោក Kang បានរត់ចេញឆ្ងាយពីលោក ហើយមករកនាងជាម្តាយវិញ ដោយនិយាយថា «ម៉ាក់កុហកកូន! ម៉ាក់កុហកកូន! គាត់មិនមែនជាប៉ារបស់កូនផង!» ។ ហើយនាងក៏បានប្រាប់ទៅកូនប្រុសវិញថា «គាត់ហ្នឹងហើយជាប៉ារបស់កូន! សាកទៅមើលម្តងទៀតមើល៍ គាត់ជាប៉ាកូន!»

លោក Kang និងកូនប្រុស

យ៉ាងណាមិញ សកម្មភាពជាបន្តនៅក្នុងវីដេអូឃ្លីប គេក៏ឃើញមានឈុតខ្លះ កូនប្រុសលោក Kang បានដើរកាត់មុខប៉ារបស់គេ ទាំងមិនបាននិយាយស្តីអ្វីទាំងអស់។ ហើយបើទោះបីជា ឈរនៅពីមុខប៉ារបស់គេក៏គេមិនស្គាល់ដែរ។

ភរិយាលោក Kang បាននិយាយថា «ពួកយើងពិតជាចង់ថតសកម្មភាពកូនប្រុសរបស់ពួកយើងណាស់។ ព្រោះពួកយើងមិននឹកស្មានថា គេ(កូនប្រុស)ភ្លេចមុខប៉ារបស់គេយ៉ាងដូច្នេះសោះ»

នាងបានបន្ថែមថា នេះក៏ប្រហែលមកពីប៉ារបស់គេឃ្លាតពីគេយូរខែពេក ពោលគឺ ១០ខែហើយ ទើបគេហាក់ភ្លេចមុខប៉ាគេបែបនេះ ឬប្រហែលអាចមកពីគេមើលរូបប៉ារបស់គេក្នុងរូបថត ខុសប្លែកគ្នាពីរូបគាត់ពិតនៅខាងក្រៅ ទើបបានជាគេខ្លាច ហើយគិតថាប៉ាគេជាមនុស្សចម្លែក និងបានដើរចេញពីគាត់ដូច្នេះ។

យ៉ាងណាក្តី ក្រោយចំណាយពេលច្រើនម៉ោងជាមួយនឹងកូនប្រុស នៅទីបំផុតកូនប្រុសលោក Kang ក៏បានចូលក្បែរលោក ហើយស្គាល់ថាលោកជាប៉ារបស់គេផងដែរ។ ក្រោយមកឪពុកកូននេះ ក៏បានឱបថើបគ្នាពោរពេញដោយភាពកក់ក្តៅ លាយឡំនឹងទឹកភ្នែករលីងរលោង ព្រោះតែក្តីរំភើបដែលបានមកជួបគ្នានេះផងដែរ។

លោក Kang និងកូនប្រុស

គួរឲ្យដឹងផងដែរថា ជុំវិញនឹងរឿងរ៉ាវគ្រួសារមួយនេះដែរ ក៏បានធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមចិនជាច្រើន សម្ដែងអារម្មណ៍ក្តុកក្តួលយ៉ាងខ្លាំង រហូតមានអ្នកខ្លះស្រក់ទឹកភ្នែកដោយពុំដឹងខ្លួន ដោយសារតែនេះគឺជារឿងពិតនៅក្នុងសង្គម ព្រោះមិនថាតែនៅបណ្តាប្រទេសណានោះទេ គ្រួសារដែលមានស្វាមីជាយោធា (ទាហាន) បានចាកចេញឆ្ងាយពីផ្ទះអស់រាប់ខែ ឬអាចឈានដល់រាប់ឆ្នាំដើម្បីបំពេញការងារបម្រើប្រយោជន៍ដល់ប្រទេសជាតិនោះ យូរៗនៅពេលដែលត្រលប់មកផ្ទះវិញម្តង កូនៗតូចៗគឺតែងតែភ្លេចមុខឪពុកបែបនេះឯង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

លោក Kang និងកូនប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]