បរទេស៖ រដូវកាលទីផ្សារដោះដូរកីឡាករនាខែមករា នឹងត្រូវផុតកំណត់នៅយប់នេះហើយ ខណៈដែលក្លិបនីមួយៗកំពុងស្វែងរក និងចរចាក្នុងការនាំយកកីឡាករដែលជាតម្រូវការ មកបំពេញចន្លោះខ្វះខាតរបស់ក្លិប។ ទោះបីជាបែបណាក៏ដោយ មុននឹងទីផ្សារនេះបិទ រឿងរ៉ាវភ្ញាក់ផ្អើលផ្សេងៗនៅតែអាចកើតមានឡើងដដែលរហូតដល់ត្រឹមម៉ោង ០០:០០ ឈានចូលដល់ថ្ងៃទី១ ខែកុម្ភៈតែម្តង។

ថ្ងៃនេះពីក្រុមការងារកីឡា ខ្មែរឡូត សូមជម្រាបជូនពីកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត៥រូប ក្នុងទីផ្សារដោះដូរកីឡាករខែមករា ឆ្នាំ២០១៩នេះ។

*បញ្ជាក់: Frenkie De Jong មិនបានរាប់បញ្ចូលឡើយ ដោយសាររូបគេត្រូវបាន Barcelona ដាក់ឱ្យ Ajax ខ្ចីជើងរហូតដល់ចប់រដូវកាលនេះ។

តោះ!! កុំអោយខាតពេលយូរ តាមដានពីកីឡាករទាំង ៥នាក់នៅខាងក្រោមទាំងអស់គ្នា៖ 

៥. កីឡាករ Dominic Solanke តម្លៃ១៩លានផោន ពី Liverpool ទៅ Bournemouth

កីឡាកររូបនេះត្រូវបានហង្សក្រហម Liverpool លក់ឱ្យ Bounermouth ក្នុងតម្លៃជិត ២០លានផោនកាលពីបើករដូវកាលដោះដូរភ្លាមៗ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺ កីឡាកររូបនេះស្ថិតក្នុងតំណែងខ្សែប្រយុទ្ធ នឹងទើបមានវ័យ ២១ឆ្នាំប៉ុណ្ណោះ។ Solanke បង្ហាញខ្លួនឱ្យ Liverpool បាន២១ដង ស៊ុតបញ្ចូលទីបាន ១គ្រាប់។ 

កីឡាករ Dominic Solanke

៤. កីឡាករ Krzysztof Piatek តម្លៃ៣១.៥លានផោន ពី Genoa ទៅ AC Milan

អតីតកីឡាករ Genoa រូបនេះបង្ហាញខ្លួនបានយ៉ាងល្អសម្រាប់ AC Milan ដោយស៊ុតបញ្ចូលទីបាន ២ គ្រាប់ទល់នឹង Napoli។ AC Milan ទំនងជាសម្រេចចិត្តត្រូវ នឹងអាចប្រើប្រាស់រូបគេសម្រាប់ជំនួស Higuain ដែលផ្ទេរទៅកាន់ Chelsea។ 

កីឡាករ Krzysztof Piatek

៣. កីឡាករ Lucas Paqueta តម្លៃ៣១.៥លានផោន ពី Flamengo ទៅ AC Milan

ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបាន Real Madrid ធ្វើការទាក់ទងមុន AC Milan ក្នុងទីផ្សារដោះដូរកីឡាករនេះ ប៉ុន្តែចុងក្រោយ AC Milan ទេ ដែលជាអ្នកប្រមាញ់បានកីឡាកររូបនេះមកចូលរួម។ 

កីឡាករ Lucas Paqueta

២. កីឡាករ Leandro Paredes តម្លៃ៤២.៣លានផោន ពី Zenit ទៅ PSG

ដូចដែលប្រិយមិត្តធ្លាប់ដឹងស្រាប់ ក្លិប PSG គឺក្លិបដែលមិនរអាក្នុងការចុះកុងត្រាកីឡាករដែលពួកគេពេញចិត្តនោះឡើយ ទោះបីជាក្នុងតម្លៃណាក៏ដោយ។ ជាក់ស្តែង បន្ទាប់ពីមានការចាប់អារម្មណ៍លើកីឡាកររូបនេះ ពីសំណាក់លោក Thomas Tuchel ក្លិបក៏បាននាំយកកីឡាកររូបនេះមក Ligue 1 តែម្តង។

កីឡាករ Leandro Paredes

១. កីឡាករ Christian Pulisic តម្លៃ៥៧.៦លានផោន ពី Borussia Dortmund ទៅ Chelsea

ចុងក្រោយគេនេះ កីឡាករដែលមានតម្លៃថ្លៃបំផុតដែលត្រូវបានដោះដូរក្នុងទីផ្សារខែមករានេះគឺ Christian Pulisic។ ប៉ុន្តែ Pulisic ត្រូវបាន Chelsea សម្រេចឱ្យ Dortmund ខ្ចីជើងរហូតដល់ចប់រដូវកាលផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺ Pulisic គឺជាកីឡាករដែលគេជឿជាក់ថា នឹងមកជំនួសតំណែងរបស់ Eden Hazard ក្នុងករណីដែល Chelsea ពិតជាលក់រូបគេចេញមែននោះ៕ 

កីឡាករ Christian Pulisic

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]