ប្រេស៊ីល៖ ចោរប្រុសម្នាក់ក្នុងចំណោមគ្នា៣នាក់ បានគាំងបេះដូងដួលស្លាប់ភ្លាមៗនៅនឹងចិញ្ចើមថ្នល់ ក្រោយធ្វើសកម្មភាពកាក់បើកទ្វារឡាន បំណងវាយប្លន់ទៅលើគ្រូគង្វាលផ្សាយដំណឹងល្អ (អ្នកកាន់សាសនាគ្រិស្គ) ដែលបង្កឲ្យមានការភ្ញាក់ផ្អើល។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ នៅលើតំបន់ផ្លូវមួយកន្លែង ស្ថិតក្នុងទីក្រុង Guarulhos ព្រំប្រទល់ជាប់ក្បែរនឹងទីក្រុង Sao Paulo ភាគខាងត្បូងប្រទេសប្រេស៊ីល។

រូបភាពក្នុងថ្ងៃកើតហេតុ ពីកាម៉េរាសុវត្ថិភាព

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាម៉េរាសុវត្ថិភាពក្បែរនោះក្នុងថ្ងៃកើតហេតុ គឺបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពរបស់ក្រុមចោរខាងលើនេះ ដែលដំបូងឡើយម្នាក់ ក្នុងចំណោមពួកចោរទាំង៣នាក់នោះ បានរត់ស្ទុះទៅកាក់រថយន្ត (ខាងកន្លែងអ្នកបើកបរ) ដែលត្រូវបានគេដឹងថា ម្ចាស់គឺជាគ្រូគង្វាលម្នាក់។

ក្រោយមកចោរប្រុសនោះ ក៏បានទាញបើកទ្វារឡាន ដើម្បីចូលប្លន់យកទ្រព្យសម្បត្តិដែលមាន ប៉ុន្តែផ្ទុយទៅវិញក៏ស្រាប់តែ គាំងបេះដូងដួលស្លាប់ខ្លួនឯងភ្លាមៗ នៅនឹងកន្លែងកើតហេតុនោះតែម្តង។ ក្រោយឃើញសភាពការណ៍បែបនេះ បក្ខពួកចោរក៏ស្រាប់តែភិតភ័យ ឆ្លេឆ្លាម្តងរត់ទៅ ម្តងរត់មកវិញមកមើលចោរគ្នាឯងដែលដេកស្លាប់។

បន្ទាប់មក គេក៏ឃើញមានស្រ្តីម្នាក់ (អ្នករួមដំណើរ) បានចេញពីក្នុងឡានដើរឆ្លងថ្នល់មកផុត ខណៈឯគ្រូគង្វាលក៏បានចេញមកតាមក្រោយ និងបានដើរចេញមកឆ្ងាយបន្តិចពីកន្លែងកើតហេតុនោះផងដែរ។

ងាកមកមើលសកម្មភាពវិញ នៅតែបន្តឆ្លេឆ្លានិងប្រញាប់ប្រញាល់ស្រវាចូលយកបានកាបូបយួរដៃមួយពីក្នុងឡាន ហើយក្រោយមកចោរនោះក៏បានដកកាំភ្លើងបាញ់តម្រង់ទៅកាន់គ្រូគង្វាល (ប្រភពពុំបានបញ្ជាក់ពីស្ថានភាពរបស់គ្រូគង្វាល) មុនពេលដែលពួកវារត់ចាកចេញពីកន្លែងកើតហេតុ ដោយបន្សល់ទុកតែចោរម្នាក់ដែលបានស្លាប់នៅទីនោះ។

រូបភាពក្នុងថ្ងៃកើតហេតុ ពីកាម៉េរាសុវត្ថិភាព

គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្តី ជុំវិញនឹងករណីមួយនេះ ប្រភពបានឲ្យដឹងថា ពុំទាន់ចាប់ខ្លួនបានជនសង្ស័យណាម្នាក់ ដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពប្លន់មួយនេះនៅឡើយទេ។ ខណៈដែលអាជ្ញាធរក្នុងតំបន់ ក៏ពុំបានបញ្ចេញអត្តសញ្ញាណ (ឈ្មោះ អាយុ...) ជនសង្ស័យដែលបានស្លាប់នោះដែរ។

យ៉ាងណាមិញ ថ្វីបើនេះគ្រាន់តែជាករណីមួយនៅស្រុកគេ ប៉ុន្តែវាក៏ជាសាជួយក្រើនរម្លឹកដល់មហាជនទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុតនូវរាល់ការបើកបរ (ឡាន ម៉ូតូ...) ពិសេសចូលដល់ក្នុងតំបន់មិនសូវអ៊ូអរ ឬស្ងាត់ជ្រងំតែម្តង ចៀសវាងដូចករណីខាងលើនេះ ត្រូវចោរកាក់ធ្វើស៊ីដោយមិនដឹងខ្លួន ៕

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពក្នុងថ្ងៃកើតហេតុ ពីកាម៉េរាសុវត្ថិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]