ជប៉ុន៖ តើស្នេហាជាអ្វី? ពេលស្រលាញ់គ្នាអ្វីៗក៏ល្អ ពេលបែកគ្នាអ្វីៗក៏អាក្រក់? តើស្នេហាពិតមានតែនៅក្នុងរឿងនិទានឬ? តើនៅលើលោកនេះមានស្នេហាពិតដែរឬទេ?

ថ្ងៃនេះសូមចែករំលែករឿងពិតដ៏ល្បីកក្រើកមួយនៅក្នុងប្រទេសជប៉ុនដែលបានធ្វើឱ្យមហាជនជាច្រើនស្រក់ទឹកភ្នែកហៀរសំបោរដោយមិនដឹងខ្លួនទាក់ទងទៅនឹងគូស្នេហ៍មួយគូ បម្រុងរៀបការជាមួយគ្នាហើយតែខាងស្រីបែរជាជួបគ្រោះថ្នាក់ចរាចរណ៍ ត្រូវបាត់បង់ការចងចាំជារៀងរាល់ថ្ងៃ  ឯខាងគូដណ្តឹងវិញត្រូវតាមស្រលាញ់នាងរាល់ថ្ងៃ ដើម្បីធ្វើឱ្យនាងធ្លាក់ក្នុងអន្លង់ស្នេហ៍រាល់ថ្ងៃ ហើយស្តាប់ទៅដូចភាពយន្តអីចឹងតែសូមបញ្ជាក់ថានេះមិនមែនជាការសម្តែងទេ តែជាការពិតកំពុងល្បីកក្រើកនៅប្រទេសជប៉ុន និងសកលលោកទាំងមូល។

លោក Li Huayu និង Maruyama

បុរសឈ្មោះ Li Huayu អាយុ ២២ឆ្នាំ បានចំណាយពេលជាង ២ខែតាមស្រលាញ់គូដណ្តឹងរបស់លោកជារៀងរាល់ថ្ងៃ ព្រោះនាងមានជំងឺបាត់បង់ការចងចាំរាល់ថ្ងៃ។  គូដណ្តឹងរបស់លោកមានឈ្មោះ Maruyama អាយុ ២៤ឆ្នាំ។ ពួកគេបានល្បីដល់ថ្នាក់ចូលក្នុងកម្មវិធីទូរទស្សន៍ជប៉ុនទៀត។ រឿងនេះបានកើតឡើងខណៈពេលដែលនាង Maruyama កំពុងជិះកង់ទៅធ្វើការកាលពីខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែមានឡានមួយគ្រឿងបានបុកចំនាង។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍ជប៉ុន នាង Maruyama បាននិយាយថា ដោយសារនាងត្រូវឡានបុក បណ្តាលឱ្យមានការប៉ះទន្គិចនឹងក្បាល ធ្វើឱ្យនាងមានជំងឺបាត់បង់ការចងចាំ។  នាងបានបញ្ជាក់ទៀតថា នាងមិនចងចាំក្រុមគ្រួសាររបស់នាងទេ ហើយសូម្បីពាក្យ «គ្រួសារ» ក៏មិនដឹងថាមានន័យយ៉ាងម៉េចដែរ។

នាងបានរៀបរាប់បន្ថែមទៀតថា៖

«គ្រូពេទ្យបានប្រាប់ខ្ញុំថា ការចងចាំរបស់ខ្ញុំមិនដឹងថាពេលណាមានវិញទេ។ មិត្តប្រុសខ្ញុំ និងខ្ញុំបម្រុងនឹងរៀបការទៅហើយ បែរជាពួកយើងត្រូវផ្អាកវិញដោយសារបញ្ហានេះ។» 

Maruyama

យោងតាមសម្តីរបស់នាង Maruyama  បានឲ្យដឹងថា ដំបូងឡើយការចងចាំរបស់នាងមានសភាពអាក្រក់ណាស់ ជារឿយៗនាងតែងមិនចងចាំថានាងមានរូបរាងយ៉ាងម៉េច  និងបានធ្វើអ្វីខ្លះផង។ នាងបានថ្លែងថា៖

«ខ្ញុំមិនចងចាំថាខ្ញុំមានរូបរាងយ៉ាងម៉េចទេ ខ្ញុំក៏ទៅឆ្លុះកញ្ចក់ និងប្រាប់ខ្លួនខ្ញុំថា អូ! នេះជាមុខមាត់របស់ខ្ញុំ។  អ្វីដែលខ្ញុំចាំ គឺអ្វីដែលរាងកាយរបស់ខ្ញុំចាំ ឧទាហរណ៍៖ នៅពេលចូលបត់ជើង ខ្ញុំអាចធ្វើដោយខ្លួនឯងបាន។  លើសពីនេះទៅទៀត ខ្ញុំចាំពីរបៀបប្រើប្រាស់ទូរស័ព្ទ។  ខ្ញុំតែងតែភ្លេចអ្វីៗដែលខ្ញុំបានធ្វើទាំងអស់នៅថ្ងៃបន្ទាប់។ អ្វីៗទាំងអស់គឺថ្មីសម្រាប់ខ្ញុំជារៀងរាល់ថ្ងៃ។»

ចំណែកលោក Li តែងតែនៅក្បែរខ្លួននាង Maruyama ដើម្បីលើកទឹកចិត្តនាង និងស្រលាញ់នាងជានិច្ច  អំឡុងពេលលំបាកនេះ បើទោះបីជានាងត្រូវភ្លេចលោកនៅព្រឹកស្អែកក៏ដោយ។

នាង Maruyama បាននិយាយបន្ថែមទៀតថា វាជារឿងដ៏ល្អប្រសើរក្នុងការបញ្ចប់ទំនាក់ទំនងស្នេហាមួយនេះ ព្រោះនាងមិនចង់ឱ្យលោកមានការលំបាក និងភាពឈឺចាប់ដោយសារនាងនោះទេ តែលោក Li នៅតែមិនបោះបង់ ហើយបន្តនៅក្បែរខ្លួនគូដណ្តឹងរបស់លោកជានិច្ច។

លោក Li Huayu និង Maruyama

នាង Maruyama បន្ថែមទៀតថា៖

«គាត់បានប្រាប់ខ្ញុំថា គាត់ស្រលាញ់ខ្ញុំពីមុនក៏ចឹង ឥឡូវក៏ចឹងមិនប្រែប្រួលនោះទេ។ គាត់ជាបុរសម្នាក់គត់ដែលនិយាយបែបនេះដាក់ខ្ញុំ ហើយជាពេលដែលខ្ញុំចងចាំពីអារម្មណ៍នៃក្តីស្រលាញ់ និងចង់ប្រាប់គាត់ថា ខ្ញុំធ្លាក់ក្នុងអន្លង់ស្នេហ៍របស់គាត់ម្តងទៀត។»

នាង Maruyama ត្រូវបានគ្រូពេទ្យណែនាំឱ្យនាងសរសេរសៀវភៅកំណត់ហេតុជាប្រចាំថ្ងៃដើម្បីរម្លឹកនាងថានាងជាអ្នកណា និងមនុស្សជាទីស្រលាញ់របស់នាងដោយក្នុងនោះនាងបានសរសេរថា៖

«ខ្ញុំមិនមែនជាមនុស្សស្រីដូចពីមុននោះទេ។ តែគាត់បានប្រាប់ខ្ញុំថា បើខ្ញុំគ្មានការចងចាំរឿងពីមុនៗទេនោះ យើងអាចបង្កើតការចងចាំថ្មីបាន។»

ទម្ទឹមនឹងនេះ លោក Li តែងតែរម្លឹកគូដណ្តឹងរបស់លោកជារៀងរាល់ព្រឹកថា នាងជាអ្នកណា និងប្រាប់ពីទំនាក់ទំនងស្នេហារវាងលោកជាមួយនាងថាពួកគេស្រលាញ់គ្នាយ៉ាងដូចម្តេច និងអំពីអ្វីដែលបានកើតឡើងក្នុងអំឡុងពេលគ្រោះថ្នាក់ចរាចរណ៍នោះ។

ដោយឡែក គ្រូពេទ្យបានឱ្យដឹងថា ការចងចាំរបស់នាង Maruyama អាចមានឱកាស ៥០% ត្រលប់មកវិញ។

លោក Li Huayu និង Maruyama

នាងបានសួរលោក Li ថា៖

«តើបងព្រមរស់នៅជាមួយអូនទាំងអីចឹងទេ?»

លោក Li ក៏ឆ្លើយថា៖

«ព្រម! បងសន្យាថាបងមិនទៅណាចោលអូនទេ បងនឹងថែរក្សាអូនអស់មួយជីវិត។ វាមានឱកាស ៥០% ដែលអូននឹងភ្លេចបងម្តងទៀត តែទោះបីជាយ៉ាងណាក៏ដោយ ក៏បងនៅតែក្បែររូបអូនជានិច្ច។»

ចុងក្រោយ Maruyama ក៏និយាយនៅក្នុងបទសម្ភាសន៍ថា៖

«ដោយសារជំងឺបាត់បង់ការចងចាំរបស់ខ្ញុំ ទើបធ្វើឱ្យខ្ញុំស្រលាញ់គាត់ម្តងទៀត មិនថាខ្ញុំបាត់បង់ការចងចាំប៉ុន្មានដងទេ ខ្ញុំជឿជាក់ថាខ្ញុំនៅតែធ្លាក់ក្នុងអន្លង់ស្នេហ៍គាត់អស់មួយជីវិត៕» 

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]