ហ្វីលីពីន៖ ក្មេងប្រុសម្នាក់បានចុះទៅហែលទឹកទន្លេប្រលែងជាមួយប្អូនបង្កើតរបស់គេ។ ស្រាប់តែមួយរំពេចសោះក៏មានសត្វក្រពើមួយក្បាលហែលមកខាំចំដៃខាងឆ្វេង ហើយវាប្រុងនឹងអូសក្មេងនោះចូលក្នុងទឹកជ្រៅទៀតផង។ ហេតុការណ៍នេះកើតឡើងក្នុងភូមិ Balabac នៅប្រទេសហ្វីលីពីន។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០១៩  បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះមានឈ្មោះ  Diego Albuhasan អាយុ១២ឆ្នាំ

ក្មេងប្រុស Diego ដែលត្រូវក្រពើខាំ

មុនពេលកើតហេតុក្មេងប្រុសរងគ្រោះបានចុះទៅលេងទឹកទន្លេជាមួយប្អូនប្រុសបង្កើតរបស់គេ។ ពេលកំពុងប្រលែងគ្នាលេងសុខៗ ស្រាប់តែក្មេងប្រុស Diego ត្រូវបានក្រពើទឹកសាបហក់មកខាំចំដៃខាងឆ្វេង។  ពេលនោះគេភ័យណាស់ ខំស្រែកហៅអ្នកភូមិឲ្យជួយផង។ តែមិនទាន់មានអ្នកណាបានឮសម្លេងស្រែករបស់គេឡើយ។

សម្រែកហៅឲ្យជួយចេះតែឮឡើងៗ ពេលនោះលោក Tejada Abulhasan ជាឪពុកបង្កើតបានស្តាប់ឮសម្លេង  ហាក់បីដូចជាសម្លេងរបស់កូនប្រុសគាត់។ មិនបង្អង់យូរ បុរសជាឪពុកក៏បានរត់ពីផ្ទះសំដៅមកដងទន្លេដោយមានកាន់ដំបងឈើមួយទៅជាមួយផង។ លុះទៅដល់មាត់ទន្លេភ្លាម គាត់បានឃើញទិដ្ឋភាពស្តែងៗនៅពេលកូនប្រុសគាត់កំពុងត្រូវក្រពើខាំដៃ។ ភ្លាមនោះគាត់បានយកដំបងឈើ ហក់ទៅវាយក្រពើនោះដោយមិនខ្លាចរអា។

លោក Tejada បានសំពងលើសត្វក្រពើជាច្រើនដង។ ប៉ុន្តែវាមិនព្រមលែង នៅតែបន្តខាំដៃកូនប្រុសគាត់កាន់តែខ្លាំង។ ខឹងក្រពើនៅតែមិនលែង លោក Tejada បានគិតឃើញគំនិតមួយ។ គាត់បានទាញជើងក្រពើម្ខាង ហើយយកធ្មេញរបស់គាត់ខាំវាវិញ។ គាត់បានខាំជើងក្រពើនោះ ៣ ទៅ៤ដង ហើយខាំឲ្យខ្លាំងតាមតែគាត់អាចធ្វើទៅបាន។  

ក្នុងថ្ងៃកើតហេតុ

អ្វីដែលមិនគួរឲ្យជឿនោះគឺវិធីសាស្ត្រដ៏កម្រមួយនេះបានធ្វើឲ្យសត្វក្រពើ  ព្រមលែង កូនប្រុសគាត់ ហើយវាក៏បានហែលចូលទឹកវិញបាត់ទៅ។ បន្ទាប់ពីហេតុការណ៍នេះកើតឡើងលោក Tejada បានយកកូនប្រុសរបស់គាត់ទៅព្យាបាលនៅមន្ទីរពេទ្យ។ គ្រូពេទ្យបានអះអាងថា Diego មិនមានរងរបួសធ្ងន់ប៉ះពាល់ដល់អាយុជីវិតឡើយ។

យោងតាមប្រសាសន៍របស់លោក Tejada វិញបាននិយាយប្រាប់សមត្ថកិច្ចក្នុងតំបន់ថា "ក្នុងហេតុការណ៍នោះ ខ្ញុំគ្មានពេលគ្រប់គ្រាន់ដើម្បីគិតទេ។ ខ្ញុំបានហក់ចូលទឹកទន្លេ ហើយធ្វើការប្រយុទ្ធគ្នាជាមួយសត្វក្រពើ ដោយសារវាខាំកូនប្រុសខ្ញុំ។ អំឡុងពេលនោះ ភ្នែករបស់វាបានសម្លឹងមកមុខខ្ញុំ ហើយភ្នែករបស់ខ្ញុំក៏សម្លឹងទៅវាវិញដែរ។ ប៉ុន្តែវានៅតែក្បលរឹង មិនព្រមព្រលែងកូនខ្ញុំទេ។ រំពេចនោះ ខ្ញុំស្រាប់តែគិតឃើញគំនិតមួយ។ ខ្ញុំបានទាញជើងវាម្ខាង ហើយខាំវាឲ្យខ្លាំងបំផុតតាមដែលខ្ញុំអាចធ្វើទៅបាន ប្រៀបដូចជាការខាំរបស់សត្វឆ្កែ Rottweiler អីចឹងដែរ"

ក្មេងប្រុស Diego ដែលត្រូវក្រពើខាំ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]