អាការនៃជំងឺទឹកនោមផ្អែមអាចគ្រប់គ្រងបានងាយស្រួលធម្មតា បើរបបអាហារយើងមានលំនឹង (មិនសំបូរជាតិផ្អែម តែជាប្រភពនៃសារធាតុចិញ្ចឹមសំខាន់ៗ) ធ្វើលំហាត់ប្រាណជាប្រចាំ និងកាត់បន្ថយបញ្ហាស្ត្រេស ជាដើម។

បើទោះបីជាវិស័យវេជ្ជសាស្ត្រមានភាពជឿនលឿនយ៉ាងណាក៏ដោយ ការព្យាបាលជំងឺទឹកនោមផ្អែមឲ្យជាពុំទាន់មានឡើយ។  តែការសិក្សាថ្មីទាក់ទងនឹងការប្រើប្រាស់ Stem cell កំពុងផ្តល់ក្តីសង្ឃឹមដល់ការស្វែងរកវិធីសាស្ត្រព្យាបាលជំងឺទឹកនោមផ្អែម  ព្រោះវាជាបញ្ហាសុខភាពនៃប្រជាជនទូទាំងពិភពលោក ដែលត្រូវចំណាយថវិកាជាតិ និងប្រជាជនយ៉ាងច្រើនក្រៃលែង។

ជំងឺទឹកនោមផ្អែម មាន២ប្រភេទ។ ជម្ងឺទឹកនោមផ្អែមប្រភេទទី១ ជាជំងឺសេនេទិចពីកំណើត ដែលបណ្តាលមកពីកោសិកាលំពែងមិនធ្វើការផលិតអរម៉ូនអាំងស៊ុយលីន (សម្រាប់គ្រប់គ្រងកម្រិតជាតិស្ករ)។ ចំណែកជំងឺទឹកនោមផ្អែមប្រភេទទី២  បណ្តាលមកពី របបអាហារដែលសំបូរជាតិផ្អែមលើសកម្រិត។  យូរៗទៅវាធ្វើឲ្យបរិមាណជាតិស្ករច្រាលក្នុងឈាម ព្រោះអរម៉ូនអាំងស៊ុយលីន (ផលិតដោយកោសិកាលំពែង) បំពេញតួនាទីមិនបានត្រឹមត្រូវ ឬកោសិកាឈប់ទទួលចាប់យកអរម៉ូននេះ ដែលជាហេតុបណ្តាលឲ្យកោសិកាទាំងឡាយពុំអាចភ្ញោចចាប់យកជាតិស្ករក្នុងចរន្តឈាមបានឡើយ។

ជំងឺទឹកនោមផ្អែមជាជំងឺមួយរុំារ៉ៃ  ទាមទារឲ្យមានការថែទាំខ្លួនឯងរយៈពេលច្រើនឆ្នាំ និងអាចរហូតដល់មួយជីវិត។ ជំងឺនេះបាននាំផលវិបត្តិចំពោះសុខភាពផ្សេងៗទៀតនៃរាងកាយ រាប់តាំងពីតម្រងនោម ខួរក្បាល ចក្ខុវិញ្ញាណ បេះដូង និងបញ្ហាធាត់ជាដើម។  

ផលប៉ះពាល់នៃសុខភាពទូទៅបណ្តាលមកពីជំងឺទឹកនោមផ្អែម

ការស្រាវជ្រាវពីសាកលវិទ្យាល័យ Washington នៅសហរដ្ឋអាមេរិកទទួលបាន លទ្ធផលវិជ្ជមានគួរឲ្យកត់សម្គាល់ទាក់ទងនឹងការប្រើប្រាស់ Stem cell ក្នុងការផលិតអរម៉ូនអាំងស៊ុយលីនតាមរយៈកោសិកា Beta នៅសរីរាង្គលំពែង។

តាមពិតទៅវាធ្លាប់មានការសិក្សាពីមុនទាក់ទងនឹងការប្រើប្រាស់ Stem cell នេះ ហើយគេក៏អាចផលិតបានកោសិកា Beta បន្ថែមទៀតដែលជាកោសិកាដ៏សំខាន់ក្នុងការផលិតអរម៉ូនអាំងស៊ុយលីន  ប៉ុន្តែវានៅមានបញ្ហាមួយចំនួនពេលគេតេស្តសាកល្បង ដោយហេតុថាគេពុំអាចគ្រប់គ្រងនិងរក្សាកម្រិតអរម៉ូនអាំងស៊ុយលីន ដែលកោសិកាបេតាអាចផលិត។ ទើបគេពុំអាចគ្រប់គ្រងអាការជំងឺទឹកនោមផ្អែមបាន។

ប៉ុន្តែការសិក្សាថ្មីបន្ថែមពីលើការសិក្សាមុនៗមក បានបង្ហាញលទ្ធផលវិជ្ជមាន ដោយកោសិកា Beta ផលិតបានតាមរយៈ Stem cell  ពុំបង្ហាញបញ្ហាអ្វីឡើយ។ ជាក់ស្តែង គេបានដាក់បញ្ចូល Stem cell ក្នុងសត្វកណ្តុរដែលពុំអាចផលិតអរម៉ូនអាំងស៊ុយលីន។ ជាលទ្ធផលគេឃើញថា សត្វកណ្តុរនោះអាចចាប់ផ្តើមធ្វើការផលិតអរម៉ូននេះឡើងវិញត្រឹម ២ ទៅ៣ថ្ងៃប៉ុណ្ណោះ។ លើសពីនេះទៅទៀត វាបានជួយរក្សាកម្រិតជាតិស្កររបស់កណ្តុរបានរហូតដល់រាប់ខែទៀតផង។

ដូច្នេះការសិក្សាថ្មីនេះ នឹងអាចជាគន្លឹះដ៏សំខាន់ខ្លាំងក្នុងការស្វែងរកដំណោះស្រាយព្យាបាលជំងឺទឹកនោមផ្អែមឲ្យបានជាដាច់  បើទោះបីជាយ៉ាងណាក៏ដោយ គេនៅត្រូវធ្វើការសិក្សាបន្តទៀត ជាពិសេសដោយតេស្តសាកល្បងចំពោះសំណាកមនុស្សផ្ទាល់៕

កណ្តុរសម្រាប់ធ្វើការពីសោធន៍
ការពិសោធន៍ទៅលើStem cell

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]