អង់គ្លេស៖ វីដេអូឃ្លីបរបស់ស្រ្តីម្នាក់ ថ្មីៗនេះទទួលការរិះគន់យ៉ាងខ្លាំងនៅលើបណ្តាញសង្គម ជុំវិញនឹងសកម្មភាពមិនសមរម្យ កាន់ដំបងដែកទៅវាយកម្ទេចរថយន្តទំនើបមួយគ្រឿង តម្លៃរាប់ម៉ឺនដុល្លាររបស់មិត្តប្រុស ក្រោយមានបញ្ហាជម្លោះជាមួយគ្នា។

រូបភាពក្នុងថ្ងៃកើតហេតុ

វីដេអូឃ្លីបនេះ ត្រូវបានថតនិងបង្ហោះចែកចាយ ដោយអ្នកជិតខាងក្បែរផ្ទះនោះ ក្នុងតំបន់ Yorkshire ប្រទេសអង់គ្លេស បន្ទាប់ពីបានឃើញសកម្មភាពរបស់ស្រ្តីមិនត្រូវបានគេបង្ហាញអត្តសញ្ញាណខាងលើនេះ បានវាយកម្ទេចរថយន្តរបស់មិត្តប្រុស BMW 3 Series Wagon តម្លៃ ៣០ ០០០ផោន ឬប្រហែល ៣៩ ០០០ដុល្លារអាមេរិក ទាំងពោរពេញដោយកំហឹង។

ជាក់ស្តែង ក្នុងវីដេអូឃ្លីប គេឃើញស្រ្តីនោះបានកាន់ដែក (ដែកចម្រឹងគ្រែដេក) ទៅវាយបំបែកកញ្ចក់ផ្នែកចំហៀង និងខាងមុខឡាន រួចក៏បន្តទៅវាយកម្ទេចស្តុបមុខក្រោយ (អំពូលភ្លើងឡាន) ដែលបណ្តាលឲ្យបែកខូចខាតយ៉ាងដំណំផងដែរ។ ក្រោយមក ស្រ្តីបង្កហេតុរូបនេះ ក៏បានចូលទៅក្នុងឡានរបស់ខ្លួនវិញ Vauxhall ពណ៌ក្រហម ជាមួយនឹងស្រ្តីម្នាក់ទៀតដែលជាគ្នីគ្នា។

រូបភាពក្នុងថ្ងៃកើតហេតុ

យ៉ាងណាមិញ សកម្មភាពជាបន្ត ដោយមិនអស់ចិត្ត ឡើងឡានទាំងមិនទាន់ក្តៅគូទផង ស្រ្តីខាងលើនេះ ក៏បានចុះមកវិញ រត់ស្ទុះទៅយកដំបងដែក និងបានបន្តវាយបំផ្លិចបំផ្លាញទៅលើកញ្ចក់ទ្វារផ្ទះមិត្តប្រុសថែមទៀត ទើបចាកចេញទៅបាត់ មុនពេលដែលសមត្ថកិច្ចមកដល់។ នៅក្នុងថ្ងៃកើតហេតុនោះ គេពុំបានឃើញមុខមិត្តប្រុសរបស់នាង បានចេញមុខមកប្រឈមតទល់ជាមួយនឹងនាងឡើយ។

គួរឲ្យដឹងថា ប្រភពពុំបានទម្លាយឲ្យដឹងទេថា ស្រ្តីខាងលើនេះមានទំនាស់ ខឹង ខកចិត្ត ឬបញ្ហាធ្ងន់ធ្ងរយ៉ាងណាជាមួយនឹងមិត្តប្រុសនាងនោះទេ ទើបធ្វើឲ្យនាងខឹងសម្បារហូតលេងធម៌ក្តៅបែបនេះ។ ហើយគេក៏មិនដឹងទេថា ក្រោយកើតហេតុរវាងពួកគេទាំងពីរ នឹងត្រូវដោះស្រាយគ្នាបែបម៉េច ឬយ៉ាងណានោះទេ។ ស្របពេលដែលប្រភពមួយចំនួននិយាយថា ពួកគេពីមុនគឺជាអតីតគូស្នេហ៍ដែលធ្លាប់រស់នៅជាមួយនឹងគ្នាដូចប្តីប្រពន្ធ។ 

អ្នកលេងបណ្តាញសង្គមជាច្រើន បានសម្ដែងការសោកស្តាយបំផុតចំពោះទង្វើមិនគប្បីរបស់ស្រ្តីខាងលើនេះ ដោយអ្នកខ្លះលើកឡើងថា នេះគឺជាសកម្មភាពដ៏អាក្រក់ ថោកទាបបំផុត ព្រោះថានេះមិនមែនជាវិធីសាស្រ្តដ៏ល្អ ក្នុងការដោះស្រាយបញ្ហានោះទេ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖

រូបភាពក្នុងថ្ងៃកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]