ភ្នំពេញ ៖ ដោយសារតែ ខឹងដៃគូផឹកស៊ី ដែលជាមិត្ដភក្ដិនឹងគ្នា ដើរចេញពីវង់ផឹកស៊ី មិត្ដភក្ដិម្នាក់បានទាញ ដបស្រាគប់ ទៅលើជនរង គ្រោះចំជើង និងដោយសារ ខឹងជនរងគ្រោះយកពិលមកវាយ បានធ្វើឱ្យប្អូនប្រុសខឹងរត់ ទៅយកកាំបិតប៉័ងតោមកកាប់លើជនរង គ្រោះបន្ថែមទៀត បណ្ដាលឱ្យរងរបួសពេញ ខ្លួន ប្រាណស្ទើរស្លាប់ ។

យោងតាមមន្ដ្រីនគរបាលមូលដ្ឋានបាន ឱ្យដឹងថា ហេតុការណ៍បង្កអំពើហិង្សាខាង លើនេះបានកើតឡើងកាលពីវេលាម៉ោង២ និង១៧នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១២ ស្ថិតនៅសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងហាងខារ៉ាអូខេ សំនៀង សុខា ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រោយកើតហេតុ ជនសង្ស័យម្នាក់ឈ្មោះលឹម ពិសិដ្ឋ ហៅទីន អាយុ២៨ឆ្នាំ រស់នៅវីឡាលេខ៦ តាម បណ្ដោយផ្លូវលេខ៥៩២ ក្រុមទី៣១ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ត្រូវបាន ចាប់ខ្លួន ខណៈដែលប្អូនប្រុសជនសង្ស័យ រូបនេះឈ្មោះចាន់ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅវីឡាលេខ៦ដូចគ្នា បានរត់គេចខ្លួន បាត់ ។ ដោយឡែកជនរងគ្រោះ ដែល កំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជនឈ្មោះឃឹមរ៉ានី ក្នុងខណ្ឌទួលគោក មានឈ្មោះអ៊ូ សុភក្ដ្រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ ជាអ្នកលក់មាន់ ស្នាក់នៅផ្ទះលេខ៥៥ ផ្លូវ លេខ៣១៣ ក្រុមទី៣១ ភូមិ៧ សង្កាត់បឹង កក់ទី២ ខណ្ឌទួលគោក ហើយជនរងគ្រោះ និងជនសង្ស័យជាបងត្រូវជាមិត្ដភក្ដិនិងគ្នា ។

យោងតាមសមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជន សង្ស័យបានអង្គុយផឹកស៊ីជាមួយគ្នា ក្នុង ចំណោមមិត្ដភក្ដិ៥-៦នាក់ផ្សេងទៀត នៅ ក្នុងហាងខារ៉ាអូខេ សំនៀងសុខា ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ១១៣ ភូមិ៧ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានបន្ដថា ខណៈដែលកំពុង ផឹកស៊ីជាមួយគ្នានោះ ជនរងគ្រោះបានសុំ ចេញមុន ពេលនោះជនសង្ស័យលឹម ពិសិដ្ឋ បានទាញដបស្រា គប់ចំជើងជនរងគ្រោះ ដែលកំពុងដើរ ។ រួចហើយជនរងគ្រោះដែល មានអាការៈស្រវឹងផងដែរនោះ បានយកពិល មកវាយលើជនសង្ស័យ ស្រាប់តែប្អូនជន សង្ស័យឈ្មោះចាន់ បានទាញកាំបិតប៉័ងតោ កាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួស ពេញខ្លួនប្រាណ ស្ទើរស្លាប់ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបាន ចុះទៅអន្ដរាគមន៍ ហើយឃាត់ខ្លួនជនសង្ស័យ ជាបង លឹម ពិសិដ្ឋ រីឯជនសង្ស័យជាប្អូន កំពុងរត់គេចខ្លួន ។

បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរ បាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ រីឯជន រងគ្រោះកំពុងសម្រាកព្យាបាលនៅគ្លីនិកឯកជន ៕

ដោយ ៖ ទេព មនោ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]