ប្រព័ន្ធរំលាយអាហារជាផ្នែកមួយដ៏សំខាន់នៃសុខភាពរាងកាយយើងពីព្រោះរាល់អាហារដែលយើងបរិភោគត្រូវឆ្លងកាត់វា ដើម្បីធ្វើការកិនបំបែកសារធាតុម៉ូលេគុលផ្សេងៗ និងធ្វើការស្រូបយកចូលទៅកាន់សរសៃឈាមនិងកោសិកាផ្សេងៗនៃរាងកាយទាំងមូល។  បើប្រព័ន្ធរំអាហាររបស់យើងធ្វើការមិនបានល្អទេនោះ វានឹងអាចប៉ះពាល់ទៅដល់ការផ្គត់ផ្គង់ថាមពល ក៏ដូចជាសារធាតុចិញ្ចឹមទៅដល់កោសិកាដទៃទៀត។

ទោះបីយ៉ាងណា ការទទួលទានអាហារមានលំនឹង នឹងជួយការពារប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយហានិភ័យនៃបញ្ហាទាំងឡាយ។

ដូច្នេះខាងក្រោមជាអាហារល្អៗមួយចំនួនដែលលោកអ្នកមិនគួរមើលរំលងឡើយ៖ 

១. ពិសាទឹកឲ្យបានច្រើន

ប្រហែល៦០%នៅក្នុងខ្លួនយើងបង្កឡើងដោយជាតិទឹក។ ដូច្នេះទឹកជាប្រភពដ៏សំខាន់ នៃរាល់ដំណើរការជីវសាស្ត្រនៅក្នុងរាងកាយយើង មិនថាដំណើរការនៃប្រព័ន្ធប្រសាទ សម្ពាធឈាម តម្រងនោម និងជាពិសេសប្រព័ន្ធរំលាយអាហារនេះឯង។

ការពិសាទឹកឲ្យបានច្រើនផ្តល់ភាពងាយស្រួលដល់ពោះវៀនដឹកជញ្ជូនកាកសំណល់ទាំងឡាយចេញតាមទ្វារធំ និងធ្វើឲ្យលាមកស្ថិតក្នុងទម្រង់ល្អ កាត់បន្ថយបញ្ហាទល់លាមក និង រាគ។ 

រូបតំណាង

២. អាហារសំបូរជាតិសរសៃ

ជាតិសរសៃមាននៅសារៈសំខាន់ខ្លាំងណាស់ សម្រាប់ប្រព័ន្ធរំលាយអាហារ ជាពិសេសពោះវៀនតែម្តង។  សារធាតុនេះជួយសម្រួលដល់ចលនានៃការដឹកជញ្ជូននៅកាកសំណល់ និងការស្រូបយកសារធាតុចិញ្ចឹមសំខាន់ពីចំណីអាហារបានយ៉ាងប្រសើរ។ ជាពិសេសសារធាតុសរសៃបានជួយបំបាត់អាការទល់លាមកយ៉ាងមានប្រសិទ្ធភាព។

រូបតំណាង

៣. យ៉ាអ៊ួរ

ពពួកបាក់តេរីល្អៗដែលមានក្នុងយ៉ាអួរ ជាភ្នាក់ងារយ៉ាងសំខាន់ជួយរក្សាលំនឹងនៃប្រព័ន្ធរំលាយអាហាររបស់យើង។ ពពួកបាក់តេរីទាំងនេះមិនត្រឹមជាខ្សែការពារសរីរាង្គពោះវៀននោះទេ ថែមទាំងជួយដល់ការរំលាយអាហារទៀតផង ដោយបំបែក ស្រូប និងផ្តល់សារធាតុចិញ្ចឹមសំខាន់ៗតាមចរន្តឈាម ដែលជ្រាបតាមកោសិកានៃពោះវៀន។

ដូច្នេះយ៉ាអួរជាអាហារដ៏ល្អដែលជំរុញដល់ការរំលាយអាហារ និងលំនឹងនៃសុខភាពប្រព័ន្ធរំលាយអាហារទាំងមូល។

រូបតំណាង

៤. ខ្ញី

បញ្ហាក្រពះរុំារ៉ៃក្នុងការបំបែកចំណីអាហារ (dispepsia) មិនត្រឹមប៉ះពាល់ដល់ការស្រូបយកសារធាតុចិញ្ចឹមដើម្បីរាងកាយប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យយើងមានអាការមិនស្រណុកក្នុងពោះ និងមានការឈឺចាប់ទៀតផង។

ការសិក្សាមួយចំនួនលើអត្ថប្រយោជន៍របស់ខ្ញី បានឲ្យដឹងថា ខ្ញីបានចូលរួមចំណែករំលាយអាហារនៅក្រពះលឿនជាងមុនរហូតដល់១៦នាទី។

ការសិក្សាមួយទៅលើសំណាកចំនួន២៤នាក់ដែលមានសុខភាពល្អធម្មតា ហើយគេបានឲ្យពិសាម្សៅខ្ញី១.២ក្រាមមុននឹងទទួលទានអាហារ។ ជាលទ្ធផលគេឃើញថា ល្បឿននៃការរំលាយអាហារនៅក្រពះលឿនជាងមុនរហូតដល់ទៅ៥០%ឯណោះ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]