សុខភាពមាត់ធ្មេញសំខាន់ដូចសុខភាពទូទៅនៃសរីរាង្គដទៃទៀតដែរ។ មាត់ជាផ្លូវចូលនៃមេរោគដ៏ងាយបំផុត ហើយបើអនាម័យមាត់ធ្មេញពុំគ្រប់គ្រាន់  វាអាចជាជម្រកនៃមេរោគជាច្រើនប្រភេទ។  មេរោគទាំងនេះអាចបណ្តាលឲ្យមានរោគពុកធ្មេញ ជាពិសេសអាចប៉ះពាល់ជ្រៀតចូលតាមឈាមទៅកាន់ផ្នែកផ្សេងៗនៃរាងកាយយើងទៀត។

សុខភាពអញ្ចាញជាផ្នែកមួយនៃមាត់ធ្មេញ ដែលមនុស្សភាគច្រើនតែងធ្វេសប្រហែស និងមិនយកចិត្តទុក។  អញ្ចាញជាជាលិកាទ្រទ្រង់ធ្មេញដ៏សំខាន់មួយ  កាលណាមិនបានថែទាំនិងតាមដានស្ថានភាពសុខភាពអញ្ចាញឱ្យបានជាប់លាប់ទេនោះ វានឹងវិវឌ្ឍទៅរកជំងឺរលាកអញ្ចាញ ដែលនឹងឈានដល់ជំងឺអញ្ចាញធ្មេញ។

បើវាឈានដល់ដំណាក់កាលនៃជំងឺអញ្ចាញធ្មេញហើយនោះ (ឬ ហៅថាជំងឺរាក់ស៊ីធ្មេញ) មេរោគបង្ករោគនៃជំងឺនេះ (ភាគច្រើនជាពពួក Anaerobic bacteria មិនត្រូវការអុកស៊ីសែន) នឹងអាចជ្រាបតាមរយៈសរសៃចូលក្នុងចរន្តឈាម ដែលនឹងអាចប៉ះពាល់ទៅដល់សរីរាង្គផ្សេងៗទៀតនៅក្នុងខ្លួន។

ជាលទ្ធផលវានឹងបង្កជំងឺទូទៅផ្សេងៗ។  បើមេរោគហូរតាមចរន្តឈាម ហើយទៅតោងនៅតាមកោសិកាបេះដូងវិញ វានឹងបង្កជាដុំកំណក ហើយបង្កឲ្យរលាកទៀតផង។  បើវាទៅដល់សន្លាក់  វានឹងបង្កឲ្យមានជំងឺរលាកសន្លាក់រុំារ៉ៃ។ ក្រៅពីនេះ មេរោគនៃជំងឺអញ្ចាញ ក៏ត្រូវបានគេសិក្សាឃើញថា វាចូលរួមចំណែកដល់ការបង្កនៃជំងឺទឹកនោមផ្អែម និងជំងឺតម្រងនោមទៀតផង។

មូលហេតុចម្បងនៃជំងឺនេះបណ្តាលមកពីរបបអាហារ និងការខ្វះអនាម័យមាត់ធ្មេញ។ ការទទួលទានអាហារសំបូរជាតិផ្អែម (ជាពិសេសស្ករ Sucros) ក៏ជាប្រភពដ៏សំខាន់នៃចំណីអាហារនិងថាមពលសម្រាប់បាក់តេរីផងដែរ ដែលអនុញ្ញាតឲ្យវាធ្វើការរីកលូតលាស់កាន់តែច្រើន និងមានរេស៊ីស្តង់នឹងប្រព័ន្ធភាពសុំា។ ជាពិសេសបូកផ្សំជាមួយនឹងទម្លាប់នៃការខ្វះអនាម័យមាត់ធ្មេញ ដូចជាដុសធ្មេញមិនបានទៀងទាត់ ២ទៅ៣ដងក្នុងមួយថ្ងៃ ឬមិនបានខ្ពុរមាត់ក្រោយបរិភោគអាហាររួច។ ក្រៅពីនេះ ការដុសធ្មេញមិនបានត្រឹមត្រូវនិងស្អាតល្អ ក៏អាចបណ្តាលឲ្យកំទេចកំទីអាហារប្រមូលផ្តុំនៅតាមក្រឡុកក្រលៀតធ្មេញ ដែលយូរៗទៅ វាបណ្តាលជាបញ្ហាកំណកនិង Calculus។ ជាលទ្ធផលវាជាទីជម្រកបង្កាត់ពូជនៃមេរោគ ហើយវាចាប់ផ្តើមស៊ីកោសិកាអញ្ចាញបន្តិចៗម្តងរហូតដល់ស្រកធ្មេញ។

បើទោះបីជាយ៉ាងណាក៏ដោយ យើងក៏នៅមានវិធីសាស្ត្រការពារទុកជាមុនផងដែរ។ សាកល្បងអនុវត្តវិធីសាស្ត្រនិងទម្លាប់ល្អៗទាំងនេះទៅមើល៎ ដើម្បីសុខភាពអញ្ចាញធ្មេញរបស់លោកអ្នក៖

១. ដុសធ្មេញឲ្យបានទៀងទាត់ (២ទៅ៣ដង/១ថ្ងៃ)

២. ខ្ពុរមាត់ក្រោយបរិភោគអាហារសំរន់ផ្សេងៗ

៣. កាត់បន្ថយអាហារសំបូរជាតិផ្អែម (គ្រឿងកំប៉ុងជាដើម)

៤. ប្រើប្រាស់ Floss អូសតាមចន្លោះធ្មេញ ដើម្បីយកចេញនូវកំទេចកំទីអាហារ ដែលការដុសធ្មេញមិនអាចសំអាតបានអស់

៥. ជួបទន្តបណ្ឌិត ដើម្បីធ្វើការសម្អាតដោយម៉ាស៊ីន Scaling យ៉ាងតិចណាស់ឲ្យបាន២ដងក្នុងមួយឆ្នាំ៕

ការFloss ជាទម្លាប់នៃអនាម័យមាត់ធ្មេញដ៏ល្អ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]