ធាតុផ្សំដ៏ច្រើនបំផុតរបស់តៅហ៊ូគឺសណ្តែងសៀង។ តៅហ៊ូធ្វើឡើងតាមរយៈការកិនសណ្តែកសៀងឲ្យម៉ត់ល្អ រួចហើយទុកផ្អាប់វាដោយលាយជាមួយនឹងទឹកខ្មេះ ឬក្រូចឆ្មារ ដែលជាហេតុធ្វើឲ្យប្រូតេអ៊ីននៃសណ្តែកសៀងឡើងខាប់ហើយក្តាង ដូចតៅហ៊ូយើងបរិភោគជារឿយៗអីចឹង។  តៅហ៊ូមានកាឡូរីទាបពុំមានកូលេស្តេរ៉ុល ហើយជាប្រភពនៃសារធាតុរ៉ែសំខាន់ (រ៉ែដែក និងកាល់ស្យូម) ជាពិសេសសារធាតុប្រឆាំងអុកស៊ីតកម្ម (Folate)។ ការសិក្សាមួយចំនួនទាក់ទងនឹងតៅហ៊ូ បានឲ្យដឹងថា ជាមួយនឹងបរិមាណខ្ពស់នៃសារធាតុ Isoflavones វានឹងជួយកាត់បន្ថយហានិភ័យនៃជំងឺទាក់ទងជាមួយអាយុ និងជំងឺបង្កឡើងពីទម្លាប់នៃការរស់នៅមិនល្អ។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពមួយចំនួនធំទទួលបានពីការហូបតៅហ៊ូ៖

១. ប្រឆាំងជំងឺប្រព័ន្ធរបត់ឈាម

សារធាតុ Isoflavine ទទួលបានពីសណ្តែកសៀង  ត្រូវបានគេសិក្សាឃើញថា តៅហ៊ូមិនត្រឹមគ្មានកូលេស្តេរ៉ុល  ថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយប្រភេទកូលេស្តេរ៉ុលមិនល្អតាមបណ្តោយសរសៃឈាមទៀតផង។

ការកាត់បន្ថយកូលេស្តេរ៉ុលមិនល្អ មានសារៈសំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃការបង្កជំងឺក្រិនរឹងសរសៃឈាម  ជំងឺលើសឈាម  ជំងឺស្ទះសរសៃឈាម  ជាពិសេសជំងឺគាំងបេះដូងនេះឯង។

រូបតំណាង

២. ល្អសម្រាប់តម្រងនោម

សារធាតុប្រូតេអ៊ីនពិសេសៗនៃសណ្តែកសៀងមានសារៈសំខាន់ចំពោះដំណើរការនៃតម្រងនោម  ដែលកត្តានេះអាចបណ្តាលមកពីឥទ្ធិពលកាត់បន្ថយកម្រិតជាតិខ្លាញ់ក្នុងឈាមផងដែរ។

ការសិក្សាមួយចំនួនបានឲ្យដឹងថា សណ្តែកសៀង ដែលជាធាតុផ្សំចំបងនៃតៅហ៊ូ មានឥទ្ធិពលវិជ្ជមានគួរឲ្យកត់សម្គាល់ដល់ការកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោមរុំារ៉ៃ។

រូបតំណាង

៣. ប្រឆាំងជំងឺពុកឆ្អឹង

សារធាតុ isoflavones ដែលទទួលបានពីតៅហ៊ូបានដើរតួនាទីយ៉ាងសំខាន់ដល់ការកាត់បន្ថយហានិភ័យនៃបញ្ហាពុកឆ្អឹង និងបង្កើនដង់ស៊ីតេឆ្អឹងទៀតផង  ជាពិសេសចំពោះស្ត្រីអស់រដូវដែលងាយប្រឈមមុខនឹងបញ្ហាសុខភាពឆ្អឹងដោយសារការប្រែប្រួលនៃអរម៉ូន។

សារធាតុរ៉ែសំខាន់ៗមួយចំនួនក៏ទទួលបានពីការហូបតៅហ៊ូផងដែរ ដូចជាកាល់ស្យូម និងជាតិដែក។ កាល់ស្យូមជាសារធាតុមួយដ៏សំខាន់សម្រាប់ការលូតលាស់និងភាពរឹងមាំនៃឆ្អឹងដែលរាងកាយយើងមិនអាចខ្វះបានឡើយ។  រីឯជាតិដែកដើរតួនាទីចម្បងសម្រាប់មុខងារនៃការបំលាស់ប្តូរឧស្ម័ន រៀងរាល់វិនាទីនៃការដកដង្ហើមចេញចូលរបស់យើង។

រូបតំណាង

៤. ប្រឆាំងនឹងជំងឺថ្លើម

ការសិក្សាមួយបានរកឃើញថាការហូបតៅហ៊ូ បានកាត់បន្ថយហានិភ័យនៃជំងឺថ្លើមមួយចំនួន និងការពារកោសិកាថ្លើមពីការខូចខាត តាមរយៈការកំទេចចោលពពួករ៉ាឌីកាល់សេរីដែលមានក្នុងរាងកាយយើង។

៥. ល្អសម្រាប់សុខភាពខួរក្បាល

ការសិក្សាស្រាវជ្រាវនៅឆ្នាំ២០១៧ បានឲ្យដឹងថា ផលិតផលសណ្តែកសៀងដូចជាតៅហ៊ូជាដើម បានជួយទៅដល់អ្នកជំងឺវង្វេងវង្វាន់ Alzheimer’s ដោយសារប្រភពនៃសារធាតុ Lecithin  ដែលសារធាតុមួយប្រភេទនេះបានជួយដល់រាងកាយយើងផលិត សារធាតុ Phospholipids, Phosphatidic acid(PA) និង Phosphatidylserin(PS)។ សារធាតុទាំងបីប្រភេទនេះ បានដើរតួនាទីយ៉ាងសំខាន់សម្រាប់ជំរុញដល់មុខងាររបស់ណឺរ៉ូននៃប្រព័ន្ធប្រសាទ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]