ការសិក្សាថ្មីបានឲ្យដឹងថាការពិសាភេសជ្ជៈផ្អែម (Soft Drink) ក្រោយពីបានធ្វើលំហាត់ប្រាណរួចនៅក្នុងបរិយាកាសក្តៅ អាចធ្វើឲ្យលោកអ្នកបាត់បង់ជាតិទឹកកាន់តែខ្លាំង និងប៉ះពាល់ដល់ដំណើរការធម្មតារបស់តម្រងនោមទៀត។

តម្រងនោមជាសរីរាង្គមួយដ៏សំខាន់នៃរាងកាយ ដែលដើរតួនាទីច្រោះយកចោលសារធាតុពុល ឬសារធាតុលើសមិនត្រូវការ​ដោយបញ្ចេញតាមរយៈទឹកនោម។

របៀបរបបរស់នៅប្រចាំថ្ងៃរបស់យើងរាប់តាំងពីសកម្មភាព និងចំណីអាហារជាដើម សុទ្ធសឹងកំពុងចូលរួមបំផ្លិចបំផ្លាញកោសិកាតម្រងនោមដោយមិនដឹងខ្លួន។ ជាក់ស្តែង ការពិសាភេសជ្ជៈផ្អែម (Soft Drink) ​ក៏ជាកត្តាចម្បងនៃការបង្កជំងឺទូទៅមួយចំនួនផងដែរដូចជា ជំងឺធាត់ និងជំងឺទឹកនោមផ្អែម ជាដើម។

រូបតំណាង
រូបតំណាង

ការសិក្សាថ្មីរបស់សាកលវិទ្យាល័យមួយកន្លែងនៅទីក្រុង New York សហរដ្ឋអាមេរិក បានសិក្សាលើឥទ្ធិពលរបស់ភេសជ្ជៈផ្អែម ក្រោយពីការធ្វើលំហាត់ប្រាណក្រោមកំដៅថ្ងៃ ឬបរិយាកាសក្តៅ។ ជាលទ្ធផលគេរកឃើញថា ទម្លាប់បែបនេះបានធ្វើឲ្យខូចខាតដល់កោសិការបស់តម្រងនោមគួរឲ្យកត់សម្គាល់។

នេះក៏ដោយសារពេលយើងហាត់ប្រាណហត់ខ្លាំង ស្ថិតក្នុងបរិយាកាសក្តៅទៀត  វាបានធ្វើឲ្យការផ្គត់ផ្គង់នៃឈាមទៅកាន់តម្រងនោមមានការធ្លាក់ចុះ។ តាមរយៈការធ្វើតេស្តគ្លីនិកបានឲ្យដឹងថា ការធ្លាក់ចុះនៃសម្ពាធឈាម និង បរិមាណឈាមផ្គត់ផ្គង់ដល់តម្រងនោម អាចបង្កឲ្យខូចខាតកោសិកានៃតម្រងនោម (Acute Kidney injury)

ការធ្វើតេស្តទៅលើសត្វកណ្តុរនៅមន្ទីរពិសោធន៍ដោយផ្តល់របបអាហារនៃភេសជ្ជៈផ្អែមបានរកឃើញថា សត្វកណ្តុរកាន់តែជួបប្រទះបញ្ហាបាត់បង់ជាតិទឹក ហើយតម្រងនោមរបស់វាមានដំណើរការមិនប្រក្រតីទៀតផង។

ការសិក្សានេះឆ្លុះបញ្ចាំងឲ្យឃើញថា ការពិសាភេសជ្ជៈ Soft Drink ក្រោយពីការធ្វើលំហាត់ប្រាណក្នុងបរិយាកាសក្តៅរួច  អាចប៉ះពាល់ទៅដល់សុខភាពរបស់យើង ព្រោះវាមិនត្រឹមធ្វើឲ្យបាត់បង់ជាតិទឹកកាន់តែខ្លាំងនោះទេ វាថែមទាំងប៉ះពាល់ទៅដល់តម្រងនោម ដោយការធ្វើឲ្យរលាកកោសិកាជាដើម។

ដូច្នេះជម្រើសដ៏ល្អបំផុតនោះ គឺការទទួលទានទឹកធម្មតាក្រោយពីការធ្វើលំហាត់ប្រាណ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]