ការសិក្សាថ្មីមួយបានឲ្យដឹងថា មិនត្រឹមការធ្វើលំហាត់ប្រាណប៉ុណ្ណោះទេ  ការបញ្ចេញសកម្មភាពរាងកាយបន្តិចបន្តួចក៏អាចចូលរួមចំណែកកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍ជំងឺភ្លេចភ្លាំងចំពោះមនុស្សចាស់បានដែរ។

កត្តាជាច្រើនដែលបង្កជំងឺភ្លេចភ្លាំង  ដូចជា កត្តាអាយុ និងកត្តាសែនជាដើម។ លើសពីនេះទៅទៀត របៀបរបបរស់នៅពុំមានផាសុកភាព  ទម្លាប់ប៉ះពាល់សុខភាពដូចជា ការជក់បារី ការមិនធ្វើលំហាត់ប្រាណ  ការបរិភោគអាហារគ្មានលំនឹង  ក៏សុទ្ធដឹងជាកត្តាបង្កជំងឺនេះដែរ។

ការហូបឲ្យបានត្រឹមត្រូវមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ដូចជា ខ្លាញ់ Omega3  វីតាមីនB6  និងB12   វីតាមីនA  និងវីតាមីនC ដែលសារធាតុទាំងនេះ សុទ្ធសឹងជាតម្រូវការនៃការលូតលាស់របស់ខួរក្បាល។   

ជាពិសេសការធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ជាប្រចាំ ក៏ជាកត្តាដ៏សំខាន់មួយក្នុងការបង្ការជំងឺភ្លេចភ្លាំងផងដែរ។  ជាក់ស្តែងការស្រាវជ្រាវមកពីមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Rush នៅរដ្ឋ Chicago សហរដ្ឋអាមេរិកបានឲ្យដឹងថា រាល់សកម្មភាពរាងកាយក្នុងទម្រង់ណាក៏ដោយ មិនថាការធ្វើកិច្ចការនៅផ្ទះដូចជា ជូត បោសសម្អាតផ្ទះនោះទេ សុទ្ធតែបានចូលរួមចំណែកដល់ការការពារ ឬការកាត់បន្ថយហានិភ័យនៃវ័យជរាពីការវិវឌ្ឍន៍ជំងឺភ្លេចភ្លាំង។

ការសិក្សាលើសំណាកមនុស្សចាស់ ៤៥៤នាក់ បានឲ្យគេធ្វើការសន្និដ្ឋានបានថា សកម្មភាពប្រចាំថ្ងៃបានជួយដល់សមត្ថភាពនៃការចងចាំ និងការគិតពិចារណា។ ជាពិសេសការធ្វើលំហាត់ប្រាណយ៉ាងសកម្ម បានជួយកាត់បន្ថយហានិភ័យនៃការវិវឌ្ឍន៍ជំងឺភ្លេចភ្លាំងគួរឲ្យកត់សម្គាល់។

ដូច្នេះការសិក្សានេះឆ្លុះបញ្ចាំងឲ្យយើងឃើញថា មិនថាក្មេង ឬចាស់នោះទេ គួរតែធ្វើលំហាត់ប្រាណឲ្យបានជាប្រចាំកាន់តែល្អ ហើយមិនថាការរត់ ឬដើរនោះទេ សូម្បីសកម្មភាពក្នុងផ្ទះផ្សេងៗដូចជាលាងចាន បោសសំអាតផ្ទះ ក៏សុទ្ធសឹងរួមចំណែកកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំងផងដែរ៕

រូបតំណាង
រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]