ម៉ាឡេស៊ី៖ លោក Shukor Farhan Suliman វ័យ ២៣ឆ្នាំ ធ្លាប់បានធ្វើឱ្យប្រទេសម៉ាឡេស៊ីមានមោទកភាព នៅពេលដែលលោកទទួលបានមេដាយមាសជិះកង់នៅក្នុងការប្រកួតប៉ារ៉ាឡាំពិកអាស៊ីក្នុងឆ្នាំ ២០១៧។ តែពេលនេះឆាកជីវិតរបស់លោកត្រូវបានផ្លាស់ប្តូរទាំងស្រុង។

បច្ចុប្បន្ន អតីតជើងឯកប្រណាំងកង់រូបនេះ ត្រូវធ្លាក់ខ្លួនមកលក់ទឹកផ្លែឈើតាមចិញ្ចើមផ្លូវដើម្បីចិញ្ចឹមក្រពះ បន្ទាប់ពីក្រុមប្រឹក្សាកីឡាជាតិ (National Sports Council) ឈប់បន្តកុងត្រាថ្មីឱ្យលោក។ 

Shukor Farhan Suliman

លោក Shukor បានប្រាប់សារព័ត៌មាន Free Malaysia Today ថា ការសម្រេចចិត្តរបស់ក្រុមប្រឹក្សាកីឡាជាតិ គឺមិនបន្តកុងត្រាថ្មីឱ្យលោកសម្រាប់បន្តអាជីពជាអត្តពលិកជាតិទៀតទេ។ ដូច្នេះលោកត្រូវបាត់បង់អាជីពជាអត្តពលិក ហើយលោកក៏ត្រូវធ្លាក់ខ្លួនលក់ទឹកផ្លែឈើតាមចិញ្ចើមផ្លូវ និងកាត់សក់ដើម្បីចិញ្ចឹមក្រពះ។

លោក Shukor បានថ្លែងថា៖ 

«ខ្ញុំចូលនិវត្តន៍ មិនមែនដោយសារតែខ្ញុំចង់នោះទេ ខ្ញុំនៅតែចង់ធ្វើជាអ្នកតំណាងឱ្យប្រទេសរបស់ខ្ញុំ តែកុងត្រារបស់ខ្ញុំបានបញ្ចប់ហើយ។ បន្ទាប់ពីចូលនិវត្តន៍ ខ្ញុំក៏ចាប់ផ្តើមរកស៊ីអាជីវកម្មខ្នាតតូចមួយពោលគឺ ឥឡូវនេះ ខ្ញុំបើកហាងកាត់សក់មួយ និងមានតូបតូចមួយលក់ទឹកផ្លែឈើតាមចិញ្ចើមផ្លូវ» ។

ក្រុមប្រឹក្សាកីឡាជាតិបានផ្តល់មូលហេតុពីរយ៉ាង ដែលពួកគេសម្រេចចិត្តមិនបន្តកុងត្រាថ្មី ដល់អតីតមេដាយមាសរូបនេះ។ ទីមួយគឺមកពីលោកបរាជ័យក្នុងការយកឈ្នះមេដាយនៅក្នុងការប្រកួតប៉ារ៉ាឡាំពិកអាស៊ីក្នុងឆ្នាំ២០១៨ ដែលធ្វើឡើងនៅក្នុងទីក្រុងចាកាតា និងទីពីរមកពីលោកមានបញ្ហាផ្នែកវិន័យ។ 

Shukor Farhan Suliman

យ៉ាងណាមិញលោក Shukor បានរៀបរាប់ថា៖ 

«ខ្ញុំសារភាពថា ខ្ញុំពិតជាបរាជ័យក្នុងការយកឈ្នះមេដាយ កាលពីការប្រកួតប៉ារ៉ាឡាំពិកអាស៊ីកាលពីឆ្នាំមុនពិតមែន ព្រោះដោយសារតែដៃគូប្រកួតរបស់ខ្ញុំទាំងអស់សុទ្ធតែជាអតីតមេដាយមាសអូឡាំពិកដែលមកពីចិន និងជប៉ុន។ តែខ្ញុំមិនយល់ថាតើខ្ញុំមានបញ្ហាផ្នែកវិន័យណាមួយនោះទេ» ។ 

គួរឱ្យដឹងផងដែរលោក Shukor បានធ្វើជាអ្នកតំណាងឱ្យប្រទេសរបស់ខ្លួន ចូលប្រកួតកីឡាអន្តរជាតិជាច្រើន ចាប់តាំងតែពីលោកមានវ័យ ១៧ឆ្នាំមកម្ល៉េះ។ លោកបានសារភាពថា លោកមិនបានប្រលងថ្នាក់ជាតិទៀត ដោយសារតែលោកត្រូវយកពេលវេលា ដើម្បីហ្វឹកហាត់សម្រាប់ការប្រកួតប៉ារ៉ាឡាំពិកអាស៊ីក្នុងប្រទេសកូរ៉េខាងត្បូងកាលពីមុន។

Shukor Farhan Suliman

លោក Shukor បានថ្លែងប្រាប់សារព័ត៌មាន Daily ថា៖

«នៅពេលដែលខ្ញុំចាប់ផ្តើមអាជីពដំបូង ក្រុមប្រឹក្សាកីឡាជាតិបានសន្យាជាមួយខ្ញុំរឿងជាច្រើន។ ពេលនោះខ្ញុំមានអាយុ ១៧ឆ្នាំ គ្រូបង្វឹករបស់ខ្ញុំបានណែនាំខ្ញុំថាមិនចាំបាច់ប្រលងថ្នាក់ជាតិទេ ព្រោះការប្រលងនៅពេលនោះ គឺនៅជិតថ្ងៃការប្រកួតប៉ារ៉ាឡាំពិកអាស៊ី» ។

បច្ចុប្បន្ន លោក Shukor កំពុងតែរំពឹងទុកកូនរបស់លោកនឹងកើតនៅខែកុម្ភៈ ខាងមុខនេះហើយ តែលោកពិតជាមានការលំបាក ព្រោះតែកុងត្រារបស់លោកបានបញ្ចប់៕ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]