ភ្នំពេញ៖ ប្រធាន​សមាគម​អ្នក​អភិវឌ្ឍន៍​លំនៅដ្ឋាន​កម្ពុជា​លោក​ឧកញ៉ា​លី ហួរ​បាន​អះអាងថា ទីផ្សារ​លំនៅដ្ឋាន​នៅ​កម្ពុជា​នៅ​ឆ្នាំ២០១៩នេះ នៅតែមាន​ភាពល្អប្រសើរ ដោយសារ​កំនើនសេដ្ឋកិច្ច ដែល​ធ្វើ​ឲ្យ​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង។

លោក​ឧកញ៉ា​បាន​មានប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពីពេលថ្មីៗនេះ​ថា ទីផ្សារ​លំនៅដ្ឋាន​នៅតែមាន​ភាពល្អប្រសើរ ដោយសារ​គំរោង​នានា​ដែល​បាន​សាងសង់ ពិសេស​គំរោង​លំនៅដ្ឋាន​ដែលជា​សមាជិកសមាគម​ចំនួន៥០ក្រុមហ៊ុន​នៅតែ​លក់ដាច់ និង​មាន​តម្រូវការ​ខ្ពស់។លោក​បន្តថា កត្តា​សន្តិភាព ស្ថេ​រ​ភាព​នយោបាយ និង​កំនើនសេដ្ឋកិច្ច​ដែល​កម្ពុជា​សម្រេចបាន បាននិងកំពុង​ជំរុញ​វិស័យនេះ​ឲ្យ​មានការ​រីកចម្រើន។

លោក​បន្តថា “ក្នុង​រយៈពេល​ខ្លី​ខាងមុខ ខ្ញុំ​គិតថា​ទីផ្សារ​លំនៅដ្ឋាន​នៅតែមាន​សញ្ញា​វិជ្ជមាន ព្រោះ​ប្រជាជន​វ័យក្មេង​នៅ​កម្ពុ​ជាមាន​ចំនួន​ច្រើន ដែល​ពួកគេ​ត្រូវការ​លំនៅដ្ឋាន និង​ជំរុញ​ឲ្យ​តម្រូវ​ការកើនឡើង។

យោងតាម​ការសិក្សា​រប​ស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​បាន​ឲ្យ​ដឹងថា កម្ពុជា​ត្រូវការ​លំនៅដ្ឋាន​ប្រមាណ១លាន​ខ្នង​បន្ថែមទៀត នៅ​ចន្លោះ​ឆ្នាំ២០១៥ ២០៣០ខាងមុខ។

ប្រធាន​សមាគម​អ្នកវាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​លោក ច្រឹ​ក សុខ​នី​ម បាន​មានប្រសាសន៍ថា នៅពេល​និយាយ​ពី​វិស័យ​សំណង់ និង​អចលនទ្រព្យ​ថា​តើ​វា​មាន​ភាព​រីកចម្រើន​ឬ​អត់​សម្រាប់​រយៈពេល​មធ្យម និង​វែង​ចំពោះមុខ គឺ​កម្ពុជា​នៅតែមាន​ការរីកចម្រើន​ក្នុង​វិស័យនេះ។

លោក​បន្តថា “ការរីកចម្រើន​ក្នុង​វិស័យនេះ អាស្រ័យ​កត្តាសំខាន់ៗចំនួន៣ គឺ​សន្តិភាព កំនើនសេដ្ឋកិច្ច និង​ការគាំទ្រ​ពី​ប្រ​ព័​ន្ឋ​ធនាគារ​នៅ​កម្ពុជា។លោក​បន្តថា “នៅពេល​និយាយ​ពី​បញ្ហា យើង​ត្រូវ​មើល​រវាង​តម្រូវការ និង​ការផ្គត់ផ្គង់ ហើយ​យើង​ឃើញថា តម្រូវការ​នៅតែមាន ការផ្គត់ផ្គង់​នៅតែ​ឆ្លើយតប ហេតុនេះ​ទីផ្សារ​នេះ​មិន​ប្រឈម​នឹង​វិបត្តិ​ណាមួយ​ក្នុង​រយៈពេល​ខ្លី​នោះទេ”៕

ប្រភព៖ www.propertyarea.asia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក Khmerhome និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]