ម៉ាឡេស៊ី៖ វីដេអូឃ្លីបកុមារាអាយុទើបតែ ៩ឆ្នាំម្នាក់ ថ្មីៗនេះកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញសង្គម ជុំវិញនឹងសកម្មភាពដ៏សប្បុរសធម៌របស់គេ បានជួយទៅលើក្មេងប្រុសជាអ្នកសុំទាន អង្គុយតាមចិញ្ចើមផ្លូវម្នាក់ ទាំងពោរពេញដោយភាពកក់ក្តៅ។

កុមារា Cheikh Faizal

កុមារាចិត្តបុណ្យខាងលើ ត្រូវបានគេស្គាល់ឈ្មោះថា Cheikh Faizal មានអាយុ ៩ឆ្នាំ។ នៅក្នុងថ្ងៃកើតហេតុនោះ កុមារា Cheikh បានដើរជាមួយនឹងប៉ារបស់គេ លោក Sofian ឆ្លងកាត់តាមផ្លូវស្ថានីយ Bukit Bintang Station ក្នុងទីក្រុងកូឡាឡាំពួរ ដែលត្រូវបានគេដឹងថា ជាតំបន់ឬប្លុកមួយសម្បូរទៅដោយអ្នកសុំទាន និងជនអនាថាគ្មានផ្ទះសំបែងអង្គុយនៅតាមចិញ្ចើមផ្លូវ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ កុមារា Cheikh ហាក់បីដូចជាមានអារម្មណ៍ថា ក្រៀមក្រំ និងអាណិតយ៉ាងខ្លាំង នៅពេលដែលរូបគេបានឃើញក្មេងប្រុស ដែលមានអាយុស្របាលៗនឹងគេ ស្ថិតក្នុងសភាពលំបាកយ៉ាប់យ៉ឺន ហើយរូបគេក៏ចង់ធ្វើរឿងដ៏ល្អមួយ ជាមួយនឹងក្មេងនោះផងដែរ។

ជាការពិតណាស់ អ្វីដែលក្មេងប្រុសដ៏ល្អនេះអាចធ្វើបាន គឺនៅពេលដែលគេនិងប៉ារបស់គេបានដើរទៅដល់ក្មេងប្រុសកំសត់ជាអ្នកសុំទាននោះ Cheikh ក៏បានដោះស្បែកជើងប៉ាតា រួមទាំងស្រោមជើងរបស់ខ្លួនដែលកំពុងតែពាក់នោះចេញ ហើយរូបគេក៏បានយកវាទៅពាក់ឲ្យក្មេងប្រុសកំសត់សុំទាននោះវិញ ទាំងដែលខ្លួនឯងសុខចិត្តដើរទៅផ្ទះវិញទាំងជើងទទេ។

កុមារា Cheikh Faizal

បើយោងតាមប្រភព វីដេអូឃ្លីបនេះត្រូវបានថតឡើងកាលពីថ្ងៃទី១៣ មករា ឆ្នាំ២០១៩ កន្លងទៅនេះ ហើយក្រោយមកកុមារា Cheikh និងក្មេងប្រុសកំសត់នោះ ពួកគេទាំងពីរថែមទាំងបានរត់លេងជាមួយគ្នា ពោរពេញដោយភាពកក់ក្តៅ និងសប្បាយរីករាយអស់មួយសន្ទុះធំ មុនពេលដែលពួកគេបែកផ្លូវគ្នាផងដែរ។

លោក Sofian បាននិយាយថា «កូនប្រុសរបស់ខ្ញុំបានឃើញក្មេងនោះអត់ស្បែកជើងពាក់ ហើយគេក៏បានសម្រេចចិត្តដោះស្បែកជើងខ្លួនឯងទៅឲ្យក្មេងប្រុសនោះ ព្រោះតែអាណិតនិងចង់ជួយគេ។ គាត់ (Cheikh) បានបង្ហាញក្តីស្រលាញ់ជាច្រើនដល់គ្រប់គ្នានៅទីនោះ បើទោះបីជាពួកគេជាជនអនាថា សុំទាន និងគ្មានទីជម្រកក្តី។ Cheikh បានត្រលប់ទៅផ្ទះវិញដោយជើងទទេ»

គួរឲ្យដឹងផងដែរថា ជុំវិញនឹងវីដេអូឃ្លីបនេះ បានធ្វើឲ្យមហាជនជាច្រើន រំជួលចិត្តយ៉ាងខ្លាំង ស្ទើរតែស្រក់ទឹកភ្នែក ចំពោះការបង្ហាញពីទឹកចិត្ត និងក្តីស្រលាញ់ដ៏ធំធេងរបស់កុមារា Cheikh ចំពោះអ្នកដទៃ ដោយមិនរើសអើងប្រកាន់ពូជសាសន៍ វណ្ណៈតូចទាប និងពណ៌សម្បុរ។

គេក៏សង្ឃឹមថា មនុស្សនៅលើពិភពលោកនឹងបានឃើញពីសារដ៏មានតម្លៃ និងវិជ្ជមានមួយនេះ តាមរយៈកាយវិការសប្បុរស និងការផ្តល់ក្តីស្រលាញ់ មិនថាឡើយតែពួកគាត់ជាអ្នកសុំទាន គ្មានសំបែងនោះទេ ព្រោះថាវាគឺជាផ្នែកមួយដ៏សំខាន់បំផុត ដែលអាចធ្វើឲ្យជីវិតរបស់មនុស្សម្នាក់ៗមានអារម្មណ៍ថា ពួកគេទទួលបានភាពកក់ក្តៅពីពួកយើងដោយបរិសុទ្ធផងដែរ ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖   

កុមារា Cheikh Faizal

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]