ការហាត់ប្រាណជាផ្នែកមួយដ៏សំខាន់នៃសុខភាពរាងកាយ និងសុខភាពផ្លូវចិត្ត។ កីឡាមានច្រើនទម្រង់មិនថា លេងបាល់ ការរត់ បាល់បោះ ជាដើម សុទ្ធសឹងចូលរួមចំណែកដល់ការលូតលាស់នៃសាច់ដុំ  ពង្រឹងប្រព័ន្ធភាពសុំា និងបង្កើនភាពធន់នឹងភាពហត់នឿយជាដើម។ ដូចគ្នាផងដែរ ការហែលទឹកក៏ជាកីឡាមួយដ៏ល្អខ្លាំង ដែលលោកអ្នកមិនត្រូវមើលរំលងឡើយ។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពមួយចំនួន ដែលទទួលបានពីការហែលទឹក៖

១. ល្អសម្រាប់អ្នកចង់បានសាច់ដុំ

ទោះបីហែលទឹកមិនបែកញើសក្តី ក៏ជាកីឡាមួយប្រភេទដែលប្រើប្រាស់ស្ទើរគ្រប់ចលនាទាំងអស់នៃរាងកាយយ៉ាងសកម្ម។  ការធ្វើចលនាដៃជើងដដែលៗដើម្បីបណ្តែតខ្លួន និងបង្កើនល្បឿនទៅមុខ  ជាកត្តាចម្បងភ្ញោចឲ្យមានការផលិតកោសិកាសាច់ដុំថ្មីបន្ថែមទៀត។  ជាលទ្ធផលមិនយូរទេហែលត្រឹម ១សប្តាហ៍ឲ្យបាន៤ទៅ៥ថ្ងៃប៉ុណ្ណោះ លោកអ្នកនឹងឃើញភាពខុសប្លែកនៃវិមាត្រសាច់ដុំ ជាពិសេសសាច់ដុំស្មា និងដៃ។

២. សុខភាពប្រព័ន្ធរបត់ឈាម

នៅពេលយើងហែទឹក អត្រានៃចង្វាក់បេះដូង និង សំពាធឈាមក៏បានកើនឡើងខ្ពស់ ដើម្បីដឹកនាំអុកស៊ីសែនបន្ថែមទៅឲ្យកោសិកាដែលកំពុងធ្វើចលនាដ៏សកម្មខ្លាំង។ ដោយកត្តានេះហើយ វាបានជួយឲ្យបេះដូងនិងសួតបានធ្វើចលនាយ៉ាងខ្លាំងក្លា ដែលធ្វើសុខភាពនៃសរីរាង្គទាំងពីរនេះមានភាពប្រសើរនិងរឹងមាំ។

៣. ល្អសម្រាប់ការលូតលាស់កម្ពស់

ក្រៅពីទទួលទានអាហារសំបូរកាល់ស្យូម និងវីតាមីនDដើម្បីលូតកម្ពស់ហើយនោះ ការហែលទឹកគឺជាកីឡាមួយដ៏ល្អបំផុតជំរុញដល់ការលូតកម្ពស់នៃរាងកាយ។

ការហែលទឹកមិនត្រឹមប្រឹងសាច់ដុំស្ទើរគ្រប់កន្លែងនោះទេ វាថែមទាំងជួយពត់ឆ្អឹង និង កាត់បន្ថយសម្ពាធទាំងឡាយដែលកើតមានទៅលើឆ្អឹងរបស់យើង ជាពិសេសឆ្អឹងកងខ្នង។ ក្រៅពីនេះការហែលទឹកបានភ្ញោចឲ្យរាងកាយយើងធ្វើការបញ្ចេញនូវអរម៉ូនលូតលាស់បានច្រើនជាងធម្មតានៅពេលយើងដេក។ កត្តាទាំងនេះសុទ្ធសឹងចូលរួមចំណែកដល់ការពន្លូតកម្ពស់។

ដូច្នេះហែលទឹកយ៉ាងតិចឲ្យបាន២ដងក្នុងសប្តាហ៍ (២ទៅ៣ម៉ោង)។ ជាពិសេស លោកអ្នកគប្បីដេកឲ្យបានគ្រប់គ្រាន់យ៉ាងតិច ៧ម៉ោងក្នុងមួយថ្ងៃ ដើម្បីទទួលបាន លទ្ធផលកាន់តែច្បាស់លាស់។ 

រូបតំណាង

៤. សម្រកទម្ងន់

ការហែលទឹកជាកីឡាដែលប្រើប្រាស់ថាមពលរាងយ៉ាងច្រើន។ សម្រាប់បុគ្គលដែលមានទម្ងន់ ៧០គីឡូក្រាម ហែលទឹករយៈពេល១ម៉ោងអាចដុតថាមពលរហូតទៅដល់ ៤២៣កាឡូរី ចំណែកបុគ្គលដែលមានទម្ងន់ ៩០គីឡូ អាចដុតបានដល់៧១៥កាឡូរីឯណោះ។ ប៉ុន្តែបើយើងធ្វើការប្រៀបធៀបជាមួយកីឡាដទៃទៀតដូចជាការរត់សម្រាប់បុគ្គលដែលមានទម្ងន់ដូចខាងលើ ក្នុងល្បឿនល្មមអស់រយៈពេល ១ម៉ោង អាចប្រើប្រាស់ថាមពលត្រឹម ៣០០ទៅ៣៥០កាឡូរីតែប៉ុណ្ណោះ។

ដូច្នេះការហែលទឹកមិនត្រឹមសប្បាយ ថែមទាំងពុំផ្តល់សម្ពាធដល់ឆ្អឹងឬសន្លាក់ដូចកីឡាដទៃទៀត ហើយក៏ជាកីឡាដ៏ល្អមួយសម្រាប់ការសម្រកទម្ងន់។

៥. កាត់បន្ថយស្ត្រេស

្ការហែលទឹកផ្តល់ភាពសប្បាយយ៉ាងខ្លាំង ជួយបំបាត់រាល់បញ្ហាក្នុងការសិក្សាឬការងារបានមួយរយៈ និងជាពេលវេលាដ៏ល្អសម្រាប់ការទំនាក់ទំនងខ្លះៗនិងបង្កើតមិត្តភក្តិថ្មីជាមួយអ្នកហែលទឹកដទៃ។

យោងតាមការសិក្សាមួយទៅលើសំណាកចំនួន ១០១នាក់ បានបង្ហាញថា មាន បុគ្គលចំនួន ៤៤នាក់ដែលជួបបញ្ហាស្ត្រេសជារៀងរាល់ថ្ងៃដោយសារជីវិតដ៏រវល់ខ្លាំង។ ប៉ុន្តែក្រោយពីពួកគេទាំង ៤៤នាក់នោះបានចាប់ផ្តើមចំណាយពេលវេលាហែលទឹករួចមក អត្រានៃអ្នកស្ត្រេសបានធ្លាក់មកសល់ត្រឹម ៨នាក់ប៉ុណ្ណោះ។

៦. ដេកលក់ស្រួល

ការហែលទឹកជាកីឡាមួយដែលធ្វើឲ្យគុណភាពនៃការដេកប្រសើរ។ ការសិក្សាស្រាវជ្រាវមួយទៅលើមនុស្សចាស់ដែលមានបញ្ហាដេកមិនលក់ ត្រូវបានឲ្យចូលរួមក្នុងការលេងកីឡាដែលប្រើប្រាស់ដង្ហើមខ្លាំងដូចជា រត់ ជិះកង់ និងជាពិសេសហែលទឹកនេះឯងក្នុងរយៈពេលមួយគេបានកំណត់។

ជាលទ្ធផលគេឃើញថា គុណភាពនៃជីវិតរបស់ពួកគាត់កាន់តែល្អ ហើយការដេករបស់ពួកគាត់កាន់តែប្រសើរជាងមុន ដោយគេងបានស្កប់ស្កល់និងងាយលក់ជាងមុន។

ការហែលទឹកជាកីឡាមួយដែលងាយស្រួលជាងកីឡាដទៃៗទៀតសម្រាប់បុគ្គលវ័យកណ្តាលនិងចាស់ ព្រោះពុំផ្តល់បញ្ហាឈឺសន្លាក់ឬឆ្អឹង ដូចកីឡាផ្សេងៗ ហើយថែមទាំងជួយបង្កើនគុណភាពនៃការដេកនៅពេលយប់ទៀតផង៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]