ការស្រាវជ្រាវថ្មីបានរកឃើញថា «តែអ៊ូឡុង» (Oolong Tea) បានចូលរួមចំណែកដល់ការកំទេចកោសិកាមហារីកនៃសរីរាង្គសុដន់ ហើយស្ត្រីដែលទទួលទានតែអ៊ូឡុងជាប្រចាំមានហានិភ័យទាបនៃការបង្កជំងឺមហារីកសុដន់។

ទោះបីបច្ចេកវិទ្យាវេជ្ជសាស្ត្រមានការជឿនលឿនយ៉ាងណាក៏ដោយ ជំងឺមហារីកសុដន់នៅតែជាជំងឺបង្កអត្រាស្លាប់ដល់ស្ត្រីលំដាប់ទី២ នៅទូទាំងពិភពលោក។ ជាក់ស្តែងបើយោងតាមទិន្នន័យពី American Cancer Society គិតត្រឹមឆ្នាំ ២០១៧ ប៉ុណ្ណោះ មានករណីជំងឺមហារីកសុដន់រហូតដល់ ២៥០,០០០នាក់  ក្នុងនោះមានករណីស្លាប់ ៤០,០០០នាក់។

វិធីសាស្ត្រដែលគេច្រើនប្រើប្រាស់ក្នុងការព្យាបាលជំងឺមហារីក ជាការប្រើប្រាស់កាំរស្មីឡាស៊ែ ដើម្បីបាញ់កំទេចកោសិកាមហារីក។ ក្រៅពីនេះវេជ្ជបណ្ឌិតនៃជំងឺមហារីក ក៏និយមប្រើប្រាស់ថ្នាំគីមី Chemotherapy សម្រាប់ការព្យាបាលជំងឺមហារីផងដែរ ប៉ុន្តែវិធីសាស្ត្រនេះអាចមានផលប៉ះពាល់ដល់ផ្នែកផ្សេងៗទៀតនៃរាងកាយ។

ដូច្នេះហើយទើបមានការសិក្សាជាច្រើនទាក់ទងទៅនឹងឥទ្ធិពលវិជ្ជមានរបស់តែបៃតងក្នុងការប្រឆាំងនឹងកោសិកាមហារីក។  បើទោះបីជាយ៉ាងណាក៏ដោយ យើងពុំសូវឃើញមានការសិក្សាទាក់ទងនឹងអត្ថប្រយោជន៍នៃប្រភេទតែផ្សេងៗទៀតក្នុងការទប់ទល់ និងប្រឆាំងការវិវឌ្ឍន៍នៃកោសិកាមហារីកឡើយ។ 

តែអ៊ូឡុង

បច្ចុប្បន្ននេះក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Saint Louis នៅ Missouri សហរដ្ឋអាមេរិកបានសិក្សាទៅលើឥទ្ធិពលរបស់តែអ៊ូឡុង (Oolong tea) ក្នុងការការពារពីហានិភ័យ និងកំទេចកោសិកាមហារីកសុដន់។

បើយោងទៅតាម Journal Anticancer Research បានឲ្យដឹងថា សាស្ត្រាចារ្យ Chunfa Huang និងក្រុមការងាររបស់លោក បានសិក្សាផ្តោតទៅលើឥទ្ធិពលនៃតែនេះទៅលើស្រទាប់កោសិកាមហារីកសុដន់ ៦ប្រភេទ មានដូចជា ER-Positive, PR-Positive, HER2-Positive និង Triple-negative ជាដើម។

គេបានតេស្តកោសិការៀបរាប់ខាងលើជាមួយតែដល់ទៅ៤ប្រភេទ មានដូចជា តែបៃតង តែអ៊ូឡុង តែខ្មៅ និង Dark Tea។

បន្ទាប់មកគេបានវិភាគទៅលើភាពប្រែប្រួលនៃកោសិកាមហារីក ដោយមើលទៅលើភាពខូចខាតនៃទ្រង់ទ្រាយកោសិកា និង DNA របស់កោសិកាមហារីក។

ជាលទ្ធផលគេរកឃើញថា តែបៃតង និងតែអ៊ូឡុងសុទ្ធសឹងមានឥទ្ធិពលបញ្ឈប់ការលូតលាស់នៃរាល់ប្រភេទកោសិកាមហារីកសុដន់ទាំងអស់។ ប៉ុន្តែ តែខ្មៅ និង Dark tea វិញ ពុំបង្ហាញឲ្យឃើញនូវឥទ្ធិពលអ្វីឡើយ។

ការសិក្សានេះបង្ហាញឲ្យឃើញថា តែអ៊ូឡុង ក៏ដូចជា តែបៃតង សុទ្ធសឹងមានផលវិជ្ជមានដល់ការបំផ្លាញ់ DNA និងទ្រង់ទ្រាយខាងក្រៅនៃកោសិកាមហារីកសុដន់ ដែលជាកត្តាបញ្ឈប់ដល់ការលូតលាស់និងការបង្កើនចំនួននៃកោសិកាមហារីក៕

តែបៃតង
រូបភាពមីក្រូទស្សន៍នៃកោសិកាមហារីកសុដន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]