ម៉ាឡេស៊ី៖  វប្បធម៌ សាសនា ទំនៀមទម្លាប់តែងមានភាពខុសគ្នា ចុះបើមនុស្សពីរនាក់រស់នៅមជ្ឈដ្ឋានផ្សេងគ្នា តែស្រលាញ់គ្នាតើនឹងទៅជាយ៉ាងណា? ជាក់ស្តែងរឿងពិតរបស់នារីម្នាក់ ត្រូវផ្លាស់ប្តូរសាសនាតាមប្តី និងមិនត្រូវបានឪពុកប្រឆាំងជំទាស់អ្វីឡើយ ថែមទាំងលើកទឹកចិត្តទៀតផង។

អ្នកនាង Jinghan Naan បានចែករំលែករឿងរ៉ាវពិតរបស់នាងចូលបណ្តាញសង្គមហ្វេសប៊ុកដោយស្នាមញញឹម ទាក់ទិនទៅនឹងប៉ារបស់នាងបានអនុញ្ញាតឱ្យផ្លាស់ប្តូរកាន់សាសនាអ៊ីស្លាម ដោយក្តីរីករាយនិងពេញចិត្ត។

Jinghan និងប៉ាម៉ាក់របស់នាង

អ្នកនាង Jinghan បានទៅទិញអីវ៉ាន់ជាមួយប៉ារបស់នាងកាលពីសប្តាហ៍មុននេះដើម្បីរៀបចំពិធីរៀបអាពាហ៍ពិពាហ៍ ហើយពេលទៅដល់អ្នកលក់មានការងឿងឆ្ងល់យ៉ាងខ្លាំង ហើយសួរប៉ានាងថា៖

«លោកជាជនជាតិចិនមែនទេ? ខ្ញុំស្មានតែលោកជាជនជាតិម៉ាឡេស៊ី!»

ប៉ានាងបានឆ្លើយថា៖ «ទេ តែកូនស្រីខ្ញុំទើបជាជនជាតិម៉ាឡេស៊ី។»

អ្នកលក់ក៏សួរបន្តទៀតថា៖ «តែកូនស្រីលោកពាក់ក្រណាត់រុំក្បាល (សម្រាប់សាសនាអ៊ីស្លាម) តើលោកជាជនជាតិចិនកាត់អ៊ីស្លាមឬ?»

ប៉ានាងឆ្លើយថា៖ «កូនស្រីរបស់ខ្ញុំជាជនជាតិចិន ហើយនាងទើបតែផ្លាស់ប្តូរសាសនាទៅជាសាសនាអ៊ីស្លាម។»

អ្នកលក់ក៏សួរទៀតថា «ចុះលោកអនុញ្ញាតឱ្យនាងផ្លាស់ប្តូរទេ? លោកអត់ហាមឃាត់នាងទេ?»

ប៉ានាងក៏ឆ្លើយថា «អត់ទេ ខ្ញុំគាំទ្រនាង។»

Jinghan និងប៉ារបស់នាង

លោកប៉ារបស់ Jinghan មានការងឿងឆ្ងល់នូវសំណួររបស់អ្នកលក់ជាខ្លាំង ហើយលោកក៏សួរកូនស្រីគាត់ថា៖

«ហេតុអ្វីបានជាមនុស្សគ្រប់គ្នា មានការផ្ញាក់ផ្អើលម្ល៉េះ នៅពេលដែលពួកគេដឹងថាប៉ាអនុញ្ញាតឱ្យឯងផ្លាស់ប្តូរសាសនា?»

Jinghan ក៏បានឆ្លើយថា «ដោយសារប៉ាជាមនុស្សដ៏កម្រ។ ឪពុកម្តាយភាគច្រើនមិនអនុញ្ញាតឱ្យកូនខ្លួនឯងផ្លាស់ប្តូរសាសនាទេ។ ចុះម៉េចបានជាប៉ាអនុញ្ញាតឱ្យខ្ញុំផ្លាស់ប្តូរសាសនា?»

ប៉ារបស់ Jinghan បានឆ្លើយថា៖

«តើអត្ថន័យនៃឆាកជីវិតគឺជាអ្វី? គឺដើម្បីស្វែងរកសុភមង្គល។ មនុស្សម្នាក់ៗតែងតែមានសុភមង្គលខុសៗគ្នា។ សុភមង្គលរបស់អ្នកខ្លះគឺលើទ្រព្យសម្បត្តិ អ្នកខ្លះទៀតគឺលើក្រុមគ្រួសារ ហើយអ្នកខ្លះទៀតគឺលើសាសនា។ ក្នុងនាមជាឪពុកម្តាយ តើយើងចង់បានអ្វីជាងគេ? គឺគ្រាន់តែចង់ឱ្យកូនៗរបស់យើងសប្បាយចិត្តប៉ុណ្ណោះ។»

អ្នកនាង Jinghan បានរៀបរាប់បន្ថែមនៅលើបណ្តាញសង្គមថា ប៉ារបស់នាងគឺជាមនុស្សសាមញ្ញ តែអស្ចារ្យ។ គាត់មិនខ្វល់ថាសង្គម ឬបងប្អូនដទៃទៀតយល់យ៉ាងម៉េចទេ សំខាន់ឱ្យតែកូនស្រីគាត់សប្បាយចិត្តគឺគ្រប់គ្រាន់ទៅហើយ។ រឿងនេះបានល្បីពេញបណ្តាញសង្គម ហើយមនុស្សជាច្រើនមានការកោតសរសើរទឹកចិត្តប៉ារបស់ Jinghan ជាខ្លាំង  អ្នកខ្លះក៏បានបញ្ចេញមតិថាគាត់ជាប៉ាដ៏ល្អពិតមែន ហើយគេក៏ចង់បានប៉ាដូច្នេះដែរ៕

Jinghan និងស្វាមីនាង
Jinghan និងប៉ារបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]