រាជធានី​ភ្នំពេញ​៖ តារា​សម្តែង ពិធី​ការិនី និង​ចម្រៀង​សុ​ភ័​ក្ក្រ កុ​សុ​ម៉ា បាន​បង្ហាញ​រូបភាព​ស្និទ្ធស្នាល បញ្ជាក់​ពី​រឿង​ស្នេហ៍​ជាមួយ​ពិធីករ​តាម​ប៊ុ​យ​ដែល​ទស្សនិកជន​កំពុង​តែ​មានការ​សង្ស័យ ។ រហូត​មក​ដល់​ពេល​នេះ​បើ​ទោះបីជា​ទាំង​សុ​ភ័ក្ត្រ កុ​សុ​ម៉ា និង​តា​ប៊ុ​យ ហាក់​មិន​ទាន់​សារភាព​ដោយ​ត្រង់​ពី​រឿង​ស្នេហ៍ ហើយ​បាន​ត្រឹម​សម្តែង​ស្នេហ៍​បែប​លេងសើច​ក៏​ដោយ ប៉ុន្តែ​អ្នកគាំទ្រ​របស់​អ្នក​ទាំង​ពីរ​នៅ​តែ​ដាក់​ការ​សង្ស័យ​ពី​ចំណង​ស្នេហ៍​ដ៏​ពិតប្រាកដ​របស់​ពួក​គេ ។

ជាក់ស្តែង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​សុ​ភ័ក្ត្រ កុ​សុ​ម៉ា​បាន​បញ្ចេញ​រូបភាព​ស្និទ្ធស្នាល​តំណាលគ្នា​នៅ​លើ​ហ្វេ​ស​ប៊ុ​ក បង្ក​ឲ្យ​មានការ​ចាប់អារម្មណ៍​ជា​ថ្មី​ពី​មហាជន ក្នុង​ពេល​ដែល​ពួក​គេ​កំពុង​តែ​ត្រូវ​គេ​សង្ស័យ​ជា​គូស្នេហ៍​នឹង​គ្នា​នោះ ។

លើស​ពី​ការ​ហៅ​គ្នា​ប្រៀប​ដូច​ប្តី​ប្រពន្ធ​មែនទែន​នៅ​លើ​ឆាក​សម្តែង សុ​ភ័ក្ត្រ កុ​សុ​ម៉ា បាន​ប្តូរ​ប្រូ​ហ្វា​ល់​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ជាមួយនឹង​រូបភាព​រួម​គ្នា​ជាមួយ​តា​ប៊ុ​យ​ដោយ បាន​ភ្ជាប់​សារ​បែប​ចាក់​ដោត​ថា «​កុំ​ខូច​ពេក លឺ​នៅ? មិនសូវ​ផុស​ជាមួយ​គាត់ គឺថា​គាត់​អន់ចិត្ត » ។

ជា​ការ​កត់​សម្គាល់ថា កន្លង​មក សុ​ភ័ក្ត្រ កុ​សុ​ម៉ា ធ្លាប់​បាន​អះអាង​ប្រាប់​បណ្តាញសារព័ត៌មាន​នៅ​ក្នុងស្រុក​ថា ក្រៅពី​ការ​ពេញចិត្ត​រួម​គ្នា​ធ្វើ​ជា​ពិធីករ​នោះ នាង​ក៏​បាន​ចាត់​ទុក​តា​ប៊ុ​យ ជា​អ្នក​មានគុណ​របស់​នាង​ផង​ដែរ ។ ស្រី​ស្អាត​ប្រឡូក​សិល្បៈ​តាំងពី​វ័យ​កុមារ​រូប​នេះ​សរសើរ​ថា «​តា​ប៊ុ​យ​ជា Producer ដែល​ចិត្តល្អ ចេះ​ផ្ដល់​តម្លៃ និង​គួរ​ឲ្យ​គោរព »​។ រយៈពេល​បំពេញការងារ​ជាមួយ​គ្នា​មកនេះ កុ​សុ​ម៉ា តែង​មាន​អារម្មណ៍ល្អ និង​ពេញចិត្ត​តា​ប៊ុ​យ​ខ្លាំង ។

សុ​ភ័ក្ត្រ កុ​សុ​ម៉ា ធ្លាប់​និយាយ​ថា​«​ខ្ញុំ​មិនដឹង​ថា​គាត់​ស្រឡាញ់​ខ្ញុំ ឬ​អត់​ទេ តែ​នៅ​ពេល​ឡើង​កម្មវិធី​ជាមួយ​គ្នា គាត់​តែងតែ​សួរ​ខ្ញុំ​ថា ស្លៀកពាក់​បែប​ហ្នឹង​សង្ហា និង​សមសួន​អត់ បើ​ខ្ញុំ​ឆ្លើយ​ថា អត់ គាត់​ក៏​អត់​ស្លៀក​ដែរ ដឹង​តែ​ទៅ​ប្ដូរ​ឈុត​ភ្លាម ។ ម៉ូ​ដ​សក់​ក៏​ដូច​គ្នា បើ​ខ្ញុំ​ថា​អត់​សម លើក​ក្រោយ​គាត់​ឈប់​ធ្វើ​ម៉ូ​ដ​ហ្នឹង​មក​ហើយ និយាយ​ទៅ​គាត់​ធ្វើ​អ្វី​តាម​ខ្ញុំ​និយាយ​»​។ ចំពោះ​ការងារ​វិញ តា​ប៊ុ​យ ក៏​តែង​ពិភាក្សា​ជាមួយ​នាង​ប្រសិនបើ​នាង​គិត​ថា​ល្អ កំលោះ​សង្ហា​កូនកាត់​ចិន​រូប​នេះ​តែងតែ​ស្រប​ជាមួយ​ជា​និច្ច​កម្រ​បដិសេធ​ណាស់ ។

ចំណែក​តា​ប៊ុ​យ វិញ​ក៏​ធ្លាប់​អះអាង​ដែរ​ថា លោក​មាន​អារម្មណ៍ល្អ​ខ្លាំង​ណាស់​គ្រប់ពេល​នៅ​ក្បែរ សុ​ភ័ក្ដ្រ កុ​សុ​ម៉ា ព្រោះ​នាង​គឺជា​មនុស្ស​ស្រី​ម្នាក់​តែងតែ​ធ្វើ​ឲ្យ​លោក និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​សើច​សប្បាយ​រីករាយ ជាមួយ​ពាក្យពេចន៍​កំប្លែង​មិន​ចេះ​រីងស្ងួត ។ ក្រៅពី​ធ្វើ​ឲ្យ​ដៃគូ និង​មិត្តភក្ដិ​ការងារ​បាន​សប្បាយ​រីករាយ​បំបាត់​អស់​ទុក្ខ​កង្វល់​ហើយ​នោះ ជា​និច្ចកាល​នាង​តែងតែ​ជួយ​យកអាសា​អ្នក​ដទៃ​ទន់ខ្សោយ​ជាង​ខ្លួន ដោយ​គ្មាន​រើសអើង​អ្វី​ឡើយ ។

ចំពោះ​ចំណុច​ពិសេស​មួយ​ចំនួន​ទៀត​ធ្វើ​ឲ្យ តា​ប៊ុ​យ ពេញចិត្ត កុ​សុ​ម៉ា ខ្លាំង មាន​ដូច​ជា ពេល​ទៅ​បំពេញ​ការងារ ម្ដង​ៗ​មិន​ថា នៅ​ភ្នំពេញ ឬ​តាម​ខេត្ត​នោះ​ទេ ជា​ទូទៅ​នាង​បំពេញការងារ​បាន​ល្អ​បំផុត​ប្រកប​ទៅ​ដោយ​ភាព​វៃឆ្លាត រហ័សរហួន ចេះ​បត់បែន​គ្រប់​កាលៈទេសៈ មាន​ស្ទីល​ក្នុង​ការ​តុបតែង​ខ្លួន​ល ។ រីឯ​ការ​និយាយ​ស្ដី​ទៀត​សោត​ទាក់ទាញ​អារម្មណ៍​អ្នក​ស្ដាប់ ។

ទោះជា​យ៉ាងណា​ទស្សនិកជន​ក៏​ដូច​ជា​អ្នកគាំទ្រ​របស់​តារា​ទាំង​ពីរ​កំពុង​តែ​រង់ចាំ​មើល​ថា​តើ​រវាង​អ្នក​ទាំង​ពីរ​ស្រលាញ់​គ្នា​ពិត ឬ​យ៉ាងណា​នោះ ខណៈ​ពេល​ដែល​អ្នក​ទស្សនិកជន​ភាគច្រើន​គាំទ្រ​ឲ្យ​អ្នក​ទាំង​ពីរ​ស្រឡាញ់​​គ្នា ៕

ប្រភព : កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

តាប៊ុយ