ប្រេស៊ីល៖  ប្រិយមិត្តស្នេហាវិស័យបាល់ទាត់ច្បាស់ជាស្គាល់លោក Neymar da Silva Santos Junior ដែលជាកីឡាករបាល់ទាត់ថ្លៃជាងគេមួយរូបនៅសតវត្សរ៍ទី២១នេះ។

គួររម្លឹកថាកាលពីខែសីហាឆ្នាំ ២០១៧កន្លងទៅ កីឡាករសញ្ជាតិប្រេស៊ីលរូបនេះ បានផ្លាស់ប្តូរពីក្លិបអ្នកមានបុណ្យ Barcelona ទៅលេងឱ្យក្លិបបារាំង Paris Saint Germain ក្នុងតម្លៃខ្លួន ២២២លានអ៊ីរ៉ូ (ប្រមាណ ២៥២លានដុល្លារអាមេរិក)។

បើយើងតាមដានជីវប្រវត្តិវិញ Neymar បានពុះពាររាល់ឧបសគ្គជាច្រើន ចាប់តាំងពីវ័យកុមារភាព ទម្រាំមានបានមកដល់សព្វថ្ងៃ។

កីឡាករបាល់ទាត់​ Neymar

កាលនៅក្មេង Neymar ធ្លាប់ជួបគ្រោះថា្នក់ចរាចរណ៍មួយ ដែលបានកើតឡើងក្នុងប្រទេសប្រេស៊ីល។ ពេលនោះ Neymar  ជាទារកអាយុ៤ខែនៅឡើយ។  សំណាងល្អ Neymar មិនបានទទួលរងគ្រោះថ្នាក់ធ្ងន់ធ្ងន់ដល់អាយុជីវិតទេ ព្រោះម្តាយឪពុករបស់គេបានដាក់កូនប្រុសឲ្យអង្គុយនៅកៅអីទារកក្នុងឡាន។

កីឡាករមានតម្លៃខ្លួនថ្លៃកប់ពពកនេះ ធំធាត់ឡើងដោយរស់នៅក្នុងតំបន់អាណាធិបតេយ្យមួយកន្លែងដែលមានទីតាំងក្នុងប្រទេសប្រេស៊ីល។ កាលនោះគេរស់នៅក្នុងផ្ទះកញ្ជាស់មួយ និងពាសពេញដោយសម្រាមជុំវិញ។ មិត្តល្អរបស់ Neymar គឺជាបាល់។ គេស្រលាញ់បាល់ខ្លាំងណាស់ ហើយតែងតែរៀនបណ្តើរនិងញាក់បាល់ពេញដងផ្លូវដោយប្រើត្រឹមជើងទទេរ។ ចំណែកឪពុក Neymar វិញក៏ធ្លាប់ជាអតីតកីឡាករបាល់ទាត់ម្នាក់ដែរក្នុងប្រទេសប្រេស៊ីល។

ដំបូងឡើយ Neymar គ្រាន់តែជាក្មេងម្នាក់ដែលចូលចិត្តលេងបាល់លើដងផ្លូវប៉ុណ្ណោះ។ តែរូបគេតែងតែអភិវឌ្ឍសមត្ថភាពជាប្រចាំ ដូចជាការញាក់បាល់ ទប់ និង បណ្តើរបាល់ជាដើម។ ហើយនៅពេលគេស៊ុតចូលម្តងៗ គេតែងតែរត់ទៅរាំដើម្បីជាការអបអរសាទរ។

តាមប្រសាសន៍របស់លោក Betinho ដែលធ្លាប់ជាគ្រូបង្វឹកដំបូងបំផុតរបស់ Neymar បាននិយាយថា “ ត្រឹមតែជាក្មេងអាយុ៦ឆ្នាំសោះ តែ Neymar បានធ្វើឲ្យខ្ញុំចាប់អារម្មណ៍សមត្ថភាពនិងល្បឿនដ៏រហ័សរបស់គេមែនទែន”។ 

កីឡាករបាល់ទាត់​ Neymar និងគ្រួសារ

មុនការប្រកួតនីមួយៗម្តាយឪពុក Neymar តែងតែផ្តល់ស្នាមថើបដល់កូនប្រុសពួកគាត់ដើម្បីសំណាងល្អ និងជ័យជម្នះ។ ឪពុក Neymar តែងតែចំណាយពេលជាច្រើនដើម្បីរកការងារធ្វើបន្ថែមដើម្បីសន្សំលុយ ព្រោះគាត់ចង់បំពេញក្តីស្រមៃរបស់កូនប្រុសសំណព្វចិត្តគាត់។

អាយុត្រឹមតែ១១ឆ្នាំ Neymar បានចុះកុងត្រាលេងឲ្យក្លិបបាល់ទាត់យុវជនតំណាងឲ្យជម្រើសជាតិប្រេស៊ីលបាត់ទៅហើយ។

លុះឈានដល់អាយុ១៤ឆ្នាំ Neymar ត្រូវបានក្លិបយក្សមួយ ចុះទៅជ្រើសរើសព្រោះរូបគេមានសមត្ថភាពល្អ ដែលក្លិបយក្សនោះគឺជា Real Madrid។ ប៉ុន្តែពេលនោះ ដោយឃើញថា Neymar លេងបាល់ល្អនិងមានសមត្ថភាពខ្ពស់ បានធ្វើឱ្យក្លិបជម្រើសជាតិឃាត់ Neymar ទុកដោយតម្លើងប្រាក់៥០ភាគរយឲ្យទៅរូបគេបន្ថែម។

Neymar បានអភិវឌ្ឍសមត្ថភាពរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់មានកេរ្តិ៍ឈ្មោះល្បីរន្ទឺពេញផ្ទៃប្រទេស។ ចំណែកម្តាយនិងប្អូនស្រី Neymar វិញតែងតែទៅទស្សនានិងលើកទឹកចិត្ត Neymar គ្រប់ការប្រកួត។

គួរបញ្ជាក់ថា Neymar ជាកីឡាករបាល់ទាត់ទី៣ ដែលអាចរកគ្រាប់បាល់ឲ្យជម្រើសជាតិច្រើនបំផុុត បន្ទាប់ពីស្តេចបាល់ Pele និង Christiano Ronaldo។ សព្វថ្ងៃ Neymar ត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានជំនាញប៉ិនប្រសព្វ សមត្ថភាពខ្ពស់ និងបច្ចេកទេសគ្រប់គ្រងបាល់ដ៏ល្អម្នាក់នៅលើពិភពលោក៕  

មានវីដេអូនៅខាងក្រោម៖

កីឡាករបាល់ទាត់​ Neymar និងគ្រួសារ
កីឡាករបាល់ទាត់​ Neymar និងប្អូនស្រី
កីឡាករបាល់ទាត់​ Neymar និងគ្រួសារ
កីឡាករបាល់ទាត់​ Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]