អ្នកខ្លះនិយាយថា មេម៉ាយ ជាស្រីមិនកើត ទើបលែងគ្នាបែបហ្នឹង ការមិនទាន់បានប៉ុន្មានផងលែងគ្នា ពិតជាមិនចេះគិតអីមែនក្មេងៗឥឡូវនេះ ចាំមើល លែងប្ដីហេីយ គ្មានអ្វីជាទីពឹងទេ គ្មានអ្វីជាបង្គោលក្នុងគ្រួសារទេ គ្មានអ្នកណាយកទៀតទេ ចុះតើមានមនុស្សប៉ុន្មាននាក់ ដែលគិត និងយល់ដល់អារម្មណ៍នាង មានដឹងខ្លះទេថា នាងបានជួបអ្វីខ្លះ ប្រឈមនឹងអ្វីខ្លះ ពិបាក វេទនា គ្រាំគ្រាក្នុងចិត្តអ្វីខ្លះ បានជានាងសុខចិត្តលែងលះបែបហ្នឹង? ប្រាកដជាមិនមានអ្នកណាគិតដល់ទេ។

មនុស្សស្រីម្នាក់ នាងខ្លាចបំផុត គឺភាពអាម៉ាស់ ដែលត្រូវទទួល ពីការលែងលះប្ដី តែវាក៏មានរឿងវេទនាផ្លូវចិត្តជាងនេះទៅទៀត ទើបនាងសុខចិត្តទទួលយកភាពអាម៉ាស់ ប្រសើរជាទទួលយកការឈឺចាប់មួយជីវិត។ 

រូបភាពតំណាង

ភាពអត់ធ្មត់របស់មនុស្សមានដែនកំណត់ នាងមិនអាចអត់ធ្មត់រស់នៅជាមួយនឹងប្ដីមិនកំណើត ចរិតមារយាទមិនកើត គិតតែ ដើរលេង ហ៊ឺហា សប្បាយ ឡូយឆាយ ផឹកស៊ី មិត្តភក្តិ មានស្រីពពាក់ពពូនបានឡើយ។

- មនុស្សប្រុសខ្លះ មានប្រពន្ធហើយ មានស្រី ធ្វើបាបនាងទាំងផ្លូវកាយ ទាំងផ្លូវចិត្ត។
- មនុស្សប្រុសខ្លះ គិតតែដើរស៊ីផឹក មិត្តភក្តិ ពពាក់ពពូន មិនគិតគ្រួសារ ធ្វើខ្លួនដូចស្ទាវ គ្មានការអប់រំ យកមិត្តភក្តិជាធំ មិនគិតប្រពន្ធកូន។
- មនុស្សប្រុសខ្លះ គិតតែរឿងសប្បាយ ដើរលេងយប់ព្រលប់ លេងល្បែងពាលា ឆ្កួតថ្នាំ ធ្វើខ្លួនដូចមនុស្សបាតផ្សារ។
- មនុស្សប្រុសខ្លះ គិតថាខ្លួនពូកែរកស៊ី ព្យាយាមជាន់ពន្លិច គ្រប់គ្រងលើជីវិតប្រពន្ធ បិទសិទ្ធិសេរីភាព ចិត្តចង្អៀតចង្អល់ ចង់តែបញ្ជានេះ បញ្ជានោះ ទុកប្រពន្ធដូចអ្នកបម្រើដាច់ថ្លៃ។
- មនុស្សប្រុសខ្លះ ឆេវឆាវ ឡូឡា រករឿង ប្រចណ្ឌមិនគិត ស្ដាប់តែពាក្យគេចាក់រុក ឆ្កឹះឆ្កៀល ឈ្លោះប្រកែកក្នុងគ្រួសារ។
- មនុស្សប្រុសខ្លះ មិនចេះធ្វើការរកស៊ីអីទេ ជាងមនុស្សស្រីទៅទៀត ទន់ជ្រាយចាំឱ្យតែមនុស្សស្រីដឹកមុខ មិនចេះគ្រប់គ្រងសូម្បីតែខ្សែជីវិតខ្លួនឯង។
- មនុស្សប្រុសខ្លះ ខ្វះទំនួលខុសត្រូវ គ្មានគោលដៅជីវិតច្បាស់លាស់ អ្វីក៏មិនចេះធ្វើដែរ។ 

រូបភាពតំណាង

សួរថា បើមនុស្សស្រីបានប្ដីបែបនេះ តើឱ្យនាងនៅទ្រាំធ្វើអ្វីទៀត ទៅសន្សំកម្មជាមួយធ្វើអ្វីទៀត ដើរចេញ រស់នៅម្នាក់ឯងទៅវាស្រួលចិត្តជាង។ សម្រាប់មនុស្សស្រី ជីវិតជួបទុក្ខលំបាក វេទនាបែបណា នាងអាចទ្រាំបាន តស៊ូបាន តែបើរៀបការប៉ះប្ដីបែបនេះ នាងមិនអាចទ្រាំបានយូរឡើយ សម័យនេះហើយ វាក៏គ្មានអ្វីត្រូវទៅទ្រាំរស់នៅវេទនាចិត្តបន្ត ព្រោះតែពាក្យថា ខ្លាចខ្មាសគេ ខ្លាចញាតិដៀលថាអ្វីទៀតឡើយ ព្រោះញាតិទាំងនោះ មិនបានមកជួយចិញ្ចឹម ឬមកឈឺចាប់ជំនួសយើងទេ គេមិនមែនយើង គេមិនដឹង គេនិយាយវាស្រួលណាស់ តែយើងមិនអាចកម្មក្រាស់ ព្រោះតែខ្លាចខ្មាសគេនោះទេ។

មិនមែនបង្គាប់បញ្ជា ឱ្យមនុស្សស្រីលែងលះប្ដីអ្វីឡើយ តែចង់ឱ្យមនុស្សស្រីរឹងមាំ កុំទ្រាំនឹងការឈឺចាប់ច្រើនពេក ព្រោះបើគេមិនគិតយើង យើងក៏មិនគួរនៅទ្រាំយកកម្មជាមួយគេនោះដែរ៕

រូបភាពតំណាង

ខ្មែរឡូត សូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]