ជំងឺវង្វេងវង្វាន់ Alzheimer’s ជាប្រភេទជំងឺនៃប្រព័ន្ធប្រសាទមួយ ដែលពិបាកធ្វើរោគវិនិច្ឆ័យ  នេះមិនទាន់និយាយដល់ការព្យាបាលផង។ ការធ្វើរោគវិនិច្ឆ័យដឹងភាគច្រើន លុះត្រាដល់ពេលឈានចូលដំណាក់កាលធ្ងន់ធ្ងរនៃជំងឺ និងបង្ហាញឲ្យឃើញរោគសញ្ញាជាច្រើន។

បើយោងតាមរបាយការណ៍នៃអង្គការសុខភាពពិភពលោកបានឲ្យដឹងថា ចំនួននៃអ្នកកើតជំងឺ Alzheimer’s នឹងកើនដល់ប្រមាណ ១៣៥លាននាក់ត្រឹមឆ្នាំ ២០៥០។

ការធ្វើរោគវិនិច្ឆ័យរកជំងឺវង្វេងវង្វាន់បច្ចុប្បន្ន នៅមានភាពលំបាក និងពិបាក ហើយមានតម្លៃថ្លៃថែមទៀត។ បើទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្ត្របាននិងកំពុងរកឃើញតម្រុយដ៏សំខាន់នៃវិធីសាស្ត្រមួយដើម្បីធ្វើរោគវិនិច្ឆ័យជំងឺវង្វេងវង្វាន់ ឃើញមុនដល់ទៅ១៦ឆ្នាំ តាមរយៈការធ្វើតេស្តឈាម។ យោងតាមការបោះពុម្ពផ្សាយនៃ Journal Nature Medicine

រូបតំណាង

គេបានវិភាគលើវត្តមាននៃប្រូតេអ៊ីនពិសេសម៉្យាង Neurofilament Light Change(NLC) ដែលជាផ្នែកខាងក្នុងនៃកោសិកាប្រសាទ។  នៅពេលកោសិកាប្រសាទរងការខូចខាត គេឃើញមានវត្តមាននៃសារធាតុប្រូតេអ៊ីនមានក្នុងទឹកខួរឆ្អឹងខ្នង (Cerebrospinal Fluid)។ ដូច្នេះវត្តមាននៃប្រូតេអ៊ីនNLC កាន់តែច្រើន វាឆ្លុះបញ្ចាំងឲ្យឃើញបញ្ហាខូចខាតនៃកោសិកាខួរក្បាល។ បើទោះបីជាយ៉ាងណាក៏ដោយ ការបូមយកទឹកខួរឆ្អឹងខ្នង អាចមានការឈឺចាប់ខ្លាំងដែលអ្នកជំងឺមួយចំនួនមិនអាចទ្រាំបានឡើយ។

ដូច្នេះទើបក្រុមអ្នកស្រាវជ្រាវមានគោលដៅស្វែងរកថា តើការកើនឡើងនៃសារធាតុប្រូតេអ៊ីនមួយប្រភេទនេះ (NLC) អាចកំណត់ឃើញមាននៅក្នុងឈាមដែរឬទេ។

គេបានសិក្សាទៅលើសំណាកចំនួន ៤០០នាក់ ដែលក្នុងនោះ ២៤៧នាក់ មានសែនតំណពូជ កំណត់ហានិភ័យនៃជំងឺ Alzheimer’s នេះ  ហើយ១៦២នាក់ទៀត ជាសាច់ញ្ញាត ពុំមានសែនកំណត់ភាគរយនៃការបង្កជំងឺនេះឡើយ។ ជាលទ្ធផល គេរកឃើញថា ក្រុមសំណាកដែលមានសែនកំណត់ហានិភ័យនៃជំងឺវង្វេងវង្វាន់ Alzheimer’s មានកម្រិតប្រូតេអ៊ីន NLC ខ្ពស់គួរឲ្យកត់សម្គាល់។ ប៉ុន្តែសំណាកមួយក្រុមទៀតដែលពុំមានសែនកំណត់ហានិភ័យ  គឺមានបរិមាណនៃប្រូតេអ៊ីននេះទាប និងថេរ។

លើសពីនេះទៅទៀត គេបានធ្វើការស្កេនមើលទ្រង់ទ្រាយនៃខួរក្បាលចំពោះបុគ្គលដែលមានកម្រិតប្រូតេអ៊ីនNLCខ្ពស់ ហើយគេរកឃើញថា វិមាត្រនៃខួរក្បាលក៏ចាប់ផ្តើមមានការរួមតូចជាងធម្មតាទៀតផង។

ដូច្នេះបើការធ្វើតេស្តសាកល្បងនៅតែនាំមកនូវលទ្ធផលវិជ្ជមានដូចគ្នា វានឹងក្លាយជារបកគំហើញមួយដ៏សំខាន់ខ្លាំងក្នុងការការពារនិងទប់ស្កាត់ជំងឺវង្វេងវង្វាន់ Alzheimer’s៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]