ថៃ៖ បញ្ហាបំពុលខ្យល់អាកាសនៅតែជាបញ្ហាប្រឈម និងក្លាយទៅជាប្រធានបទដ៏ក្តៅគគុកមួយក្នុងទីក្រុងបាងកក។  បញ្ហានេះមិនមែនប៉ះពាល់ត្រឹមមនុស្សប៉ុណ្ណោះទេ សូម្បីសត្វចិញ្ចឹមក៏កំពុងទទួលរងផលប៉ះពាល់ផងដែរ។

កាលពីម្សិលមិញ ទំព័រហ្វេសប៊ុកដ៏ល្បីមួយឈ្មោះ Drama Addict របស់ប្រទេសថៃបានចែករំលែករឿងរ៉ាវមួយដែលទាក់ទងទៅនឹងសត្វឆ្កែមួយក្បាល បានបាត់បង់សមត្ថភាពព្រូស ព្រោះវាស្រូបយកខ្យល់បំពុលច្រើនពេកចូលក្នុងបំពង់ខ្យល់ និងសួតរបស់វា។

Bori

ឆ្កែកំសត់នេះត្រូវបានគេស្គាល់ឈ្មោះថា Bori រស់នៅផ្ទះជាន់ទីបីមួយកន្លែងក្នុងខេត្ត Samut Prakan (ជិតទីក្រុងបាងកក)។ ដោយសារឆ្កែនេះពុំសូវចេញក្រៅច្រើន ទើបម្ចាស់វាតែងតែបើកបង្អួចឱ្យខ្យល់ចេញចូលជារឿយៗដើម្បីឱ្យវាស្រូបយកខ្យល់អាកាសធម្មជាតិ តែជាអកុសល វាមិនត្រឹមតែស្រូបយកខ្យល់ធម្មជាតិប៉ុណ្ណោះទេ វាថែមទាំងស្រូបយកខ្យល់ពុលទៀតផង។

ក្រោយមក Bori ចេះតែមិនស៊ីចំណី ហើយមិនព្រូសមិនបញ្ចេញសំឡេងអ្វីទាំងអស់ ទើបម្ចាស់វាយកទៅពិនិត្យ។ ក្រោយពេលពិនិត្យ និងឆ្លុះកាំរស្មីអ៊ិចរួច ពេទ្យសត្វបានបញ្ជាក់ថា ដោយសារមានធូលីដីចូលក្នុងបំពង់ខ្យល់របស់វា ទើបធ្វើឱ្យវាឆ្លងមេរោគ និងមិនអាចព្រូសបានអីចឹង។

ការឆ្លុះកាំរស្មីអ៊ិចរបស់ Bori

ករណីបែបនេះមិនមែនជាលើកទីមួយដោយសារផលប៉ះពាល់នៃការបំពុលខ្យល់អាកាសនោះទេ។ តួយ៉ាងកាលពីថ្ងៃពុធ  ក៏មានករណីស្រដៀងគ្នានេះកើតឡើងចំពោះសត្វទន្សាយមួយក្បាលដែរ។  សត្វទន្សាយមួយក្បាល ត្រូវបានគេស្គាល់ឈ្មោះថា Jupu ​កំពុងមានជំងឺខ្សោយផ្លូវដង្ហើមរ៉ាំរ៉ៃ មូលហេតុដោយសារបញ្ហានៃការបំពុលខ្យល់អាកាសក្នុងទីក្រុងបាងកក។

Jupu
ការឆ្លុះកាំរស្មីអ៊ិច Jupu

ដោយឡែក ម្ចាស់របស់ Jupu ក៏កំពុងមានបញ្ហាដែរ ពោលគឺនាងក្អកចេញឈាម។ 

ម្ចាស់របស់ Jupu ក្អកចេញឈាម

ក្រោយករណីនេះល្បីពេញបណ្តាញសង្គម លោកវេជ្ជបណ្ឌិត Thaweesak Anansiriwattana ដែលជាអ្នកគ្រប់គ្រងមន្ទីរពេទ្យសត្វ Klong Luang បាននិយាយថា សត្វដូចជាមនុស្សយើងអីចឹង គ្រាន់តែបំពង់ខ្យល់របស់វាតូចជាងយើង និងងាយឆ្លងមេរោគជាងយើង។ ដូច្នេះសូមម្ចាស់ដែលមានសត្វចិញ្ចឹមទាំងអស់ មិនគួរនាំសត្វរបស់លោកអ្នកដើរទៅខាងក្រៅទេក្នុងអំឡុងពេលនេះ ហើយគួរតែព្យាយាមសម្អាតផ្ទះ និងធូលីដីឱ្យបានញឹកញាប់តាមតែអាចធ្វើទៅបាន។ សត្វចិញ្ចឹមមិនអាចការពារខ្លួនដូចជាមនុស្សយើងបានទេ ដូច្នេះវាអាស្រ័យទៅលើអ្នករាល់គ្នាជាអ្នកថែរក្សាពួកវា។

គួរឱ្យដឹងផងដែរ ក្នុងរយៈពេល ២សប្តាហ៍មកនេះនៅក្នុងទីក្រុងបាងកក កំពុង ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងពីការបំពុលខ្យល់អាកាស។ មូលហេតុចម្បងដែលបណ្តាលឱ្យមានការបំពុលខ្យល់អាកាសកើតឡើង  ដោយសារតែកំណើនអ្នកប្រើប្រាស់ឡានមានការកើនឡើងច្រើនពេក៕

សូមទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]