ភ្នំពេញ​៖ ធនាគារ ABA ដែលជាសមាជិកនៃសម្ព័ន្ធធនាគារជាតិកាណាដា សូមប្រកាសថា ភ្នាក់ងារវាយតម្លៃឥណទានឈានមុខគេលើពិភពលោកឈ្មោះថា Standard and Poor’s (S&P) Global Ratings បានអះអាងជាថ្មី នូវចំណាត់ថ្នាក់ឥណទាន “B” រយៈពេលវែង និងរយៈពេលខ្លី សម្រាប់ធនាគារ ABA និងមានទស្សនវិស័យជា “វិជ្ជមាន” ចំពោះធនាគារ ដែលឆ្លុះបញ្ចាំងពីកំណើនដ៏គួរឲ្យកត់សម្គាល់នៅក្នុងចំណែកទីផ្សារ។

ចំណាត់ថ្នាក់ឥណទាន “B”

យោងទៅតាមអ្នកស្រាវជ្រាវរបស់ S&P ទស្សនវិស័យវិជ្ជមានចំពោះធនាគារ ABA គឺពឹងផ្អែកទៅលើការកើនឡើងជាបន្តបន្ទាប់នៃប្រាក់កម្ចី និងបញ្ញើរបស់ធនាគារ ការកើនឡើងនៃចំណែកទីផ្សារ និងប្រាក់ចំណេញ។ 

“ការកែប្រែទស្សនវិស័យរបស់យើងចំពោះ ABA ឆ្លុះបញ្ចាំងពីការរីកចម្រើនផ្នែកធុរៈកិច្ចរបស់ធនាគារ ដែលគាំទ្រដោយការកើនឡើងដ៏គួរឲ្យកត់សម្គាល់នៃចំណែកទីផ្សាររបស់ខ្លួន។ ABA បន្តពង្រីកចំណែកទីផ្សារកម្ចី បណ្តាញចែកចាយរូបវន្ត និងឌីជីថល និងអតិថិជនរបស់ខ្លួនផងដែរ។ តាមគំនិតរបស់យើង មហិច្ឆតានៃការពង្រីកខ្លួន និងប្រសិទ្ធភាពប្រតិបត្តិការល្អ គឺបានជួយគាំទ្រដល់ប្រាក់ចំណេញលើសកម្រិតមធ្យមរបស់ធនាគារ”  បើយោងតាមការស្រាវជ្រាវថ្មីនេះ។

លោក Askhat Azhikhanov នាយកប្រតិបត្តិរបស់ធនាគារ ABA បានមានប្រសាសន៍ក្នុងឱកាសនេះថា៖

«ការផ្ដល់ជូនចំណាត់ថ្នាក់ឥណទានជាថ្មីដល់ធនាគារ ABA ជាមួយទស្សនវិស័យ “វិជ្ជមាន” ពី S&P គឺជាការបង្ហាញយ៉ាងច្បាស់ថា យើងមានគ្រឹះហិរញ្ញវត្ថុ និងដើមទុនដ៏រឹងមាំ ជាមួយលំហូរសាច់ប្រាក់ប្រកបដោយស្ថិរភាព។ ធនាគារ ABA បានរីកចម្រើនគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយយើងរំពឹងថា ធនាគារនឹងបន្តទទួលបានកំណើនបន្ថែម ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត»។

បន្ថែមពីលើនេះទៀត អ្នកជំនាញបានសរសើរទម្រង់ឌីជីថលឈានមុខរបស់ ABA និងរចនាសម្ព័ន្ធអភិបាលកិច្ច ដែលបង្កើតមូលដ្ឋានដ៏រឹងមាំសម្រាប់កំណើនដ៏សន្ធឹកសន្ធាប់។ 

«យើងបានវាយតម្លៃទម្រង់ឌីជីថលរបស់ ABA ឃើញថាជាប្រយោជន៍ដ៏សំខាន់ ដែលគាំទ្រការកើនឡើងនៃប្រាក់កម្ចី និងបញ្ញើ។ ធនាគារ ABA ក៏មានប្រព័ន្ធគ្រប់គ្រងហានិភ័យជឿនលឿន រួមទាំងការវិភាគលំហូរសាច់ប្រាក់ ដើម្បីគាំទ្រការសម្រេចចិត្តលើឥណទានរបស់ខ្លួន បើប្រៀបធៀបនឹងក្រុមហ៊ុនក្នុងស្រុកដទៃ។ យើងកំពុងវាយតម្លៃភាពខ្លាំងនៃធុរៈកិច្ចរបស់ ABA ជាពិសេសនិរន្តរភាពនៃប្រាក់ចំណេញ និងរង្វាស់គុណភាពទ្រព្យសកម្មល្អ នៅក្នុងបរិយាកាសរីកចម្រើនឥណទានដែលយឺតជាងមុន ហើយនឹងការកើនឡើងចំណែកទីផ្សាររបស់ខ្លួន» នេះបើតាម S&P

អ្នកវិភាគរបស់ S&P បានលើកឡើងជាពិសេសនូវកំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់ និងការថយចុះហានិភ័យនៅក្នុងវិស័យហិរញ្ញវត្ថុ ដោយសារតែមានការគ្រប់គ្រងកំណើនប្រាក់កម្ចីពេលថ្មីៗនេះ និងការចាត់វិធានការរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះកម្តៅទីផ្សារអចលនទ្រព្យ និងគ្រប់គ្រងរំហូរឥណទានតាមរយៈការបង្កើនមូលធនខ្ពស់ជាងមុន និងតម្រូវការសាច់ប្រាក់តឹងរឹងជាងមុន។

S&P បានផ្តល់ចំណាត់ថ្នាក់ឥណទាន “B” រយៈពេលវែងនិងរយៈពេលខ្លីដល់ធនាគារ ABA នៅខែ មិថុនា ឆ្នាំ ២០១៧៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]