កោសិកាមហារីក អាចផ្តល់ភាពលំបាកសម្រាប់កោសិកានៃប្រព័ន្ធភាពសុំាយើងធ្វើការកំណត់និងកំចាត់ចោល ដោយសារមេកានិចពិសេសរបស់វាក្នុងការក្លែងបន្លំជាកោសិកាល្អធម្មតា។ 

បើទោះបីជាយ៉ាងណាក៏ដោយ វិធីសាស្ត្រថ្មីនេះដែលធ្វើការផ្លាស់ប្តូរសែនរបស់កោសិកា Macrophage ដែលជាប្រភេទកោសិកានៃប្រព័ន្ធភាពសុំាប្រៀបដូចជាទាហានខ្សែទី១ ដើរតួនាទីយ៉ាងសំខាន់ដល់ការលេបយកមេរោគផ្សេងៗ និងកំទេចកំទីកោសិកាខូចខាត។ វាបានបង្ហាញឲ្យឃើញឥទ្ធិពលវិជ្ជមានរបស់វាក្នុងការបំផ្លាញកោសិកាមហារីកសកម្មខ្លាំងជាងមុន។

រូបតំណាង

ជំងឺមហារីកជាជំងឺមួយដ៏កាចសាហាវកំពុងក្លាយជាបញ្ហាសុខាមាភាពរបស់ប្រជាជនទូទាំងពិភពលោក។ ការបាត់បង់នៃការគ្រប់គ្រងការលូតលាស់កោសិកា នៃរាងកាយ អាចបណ្តាលឲ្យកោសិកាទាំងនោះធ្វើការវិវឌ្ឍក្លាយជាកោសិកាមហារីក និងនាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងដល់កោសិកាដទៃ និងសុខភាពរាងកាយទាំងមូល។  កត្តាបរិស្ថាន របៀបរបបរស់នៅ ចំណីអាហារ សែន និង ម៉ូលេគុលនៃរ៉ាឌីកាល់សេរី សុទ្ធសឹងចូលរួមចំណែកដល់ការបង្កហានិភ័យនៃការវិវវឌ្ឍន៍នៃជំងឺមហារីក។

បើទោះបីជាយ៉ាងណាក៏ដោយ  មានវិធីសាស្ត្រមួយចំនួនដែលគេប្រើប្រាស់សម្រាប់ការព្យាបាលជំងឺមហារីក ដូចជាប្រើប្រាស់វិទ្យុសកម្ម (គេច្រើនហៅថា កាំរស្មីឡាសែ) ការប្រើប្រាស់ថ្នាំគីមី និងការវះកាត់យកដុំសាច់ចេញ ជាដើម។ វិធីព្យាបាលទាំងពីរនេះគ្រូពេទ្យតែងជ្រើសរើសយកមកប្រើប្រាស់ ហើយពេលខ្លះគេប្រើប្រាស់រួមបញ្ចូលគ្នាថែមទៀត។

វិធីសាស្ត្រថ្មីមួយតាមពិតទៅត្រូវបានគេដាក់ប្រើប្រាស់ប៉ុន្មានឆ្នាំមកហើយ  អ្នកស្រាវជ្រាវបានប្រឹងប្រែងស្វែងយល់បន្ថែមទៀតឲ្យកាន់តែស៊ីជម្រៅអំពីទំនាក់ទំនងនៃកោសិកាមហារីក និងប្រភេទកោសិកាពិសេសនៃប្រព័ន្ធភាពសុំា (Macrophage)

ការសិក្សាស្រាវជ្រាវថ្មី មកពីមជ្ឈមណ្ឌលនៃជំងឺមហារីក Abramson នៃសាកលវិទ្យាល័យ Pennsylvania បានសិក្សាយ៉ាងស៊ីជម្រៅបន្ថែមទៀតអំពីឥទ្ធិពលនៃការផ្លាស់ប្តូរច្រវ៉ាក់សេនេទិចរបស់ Macrophage ទៅលើកោសិកាមហារីក

ជាធម្មតា កោសិកាមហារីក តែងបន្លំខ្លួនគេចផុតពីបណ្តាកោសិកា Macrophageនេះ ដោយប្រើប្រាស់មេកានិចពិសេសមួយតាមរយៈប្រូតេអ៊ីន CD47 ដើម្បីផ្លាស់ប្តូរស្រទាប់ខាងក្រៅរបស់វាឲ្យមានអត្តសញ្ញាណដូចកោសិកាធម្មតារបស់រាងកាយយើង។  ជាហេតុធ្វើឲ្យកោសិកាមហារីកធ្វើការលូតលាស់យ៉ាងលឿន និងមិនអាចទប់ស្កាត់បានទាន់ពេលវេលាដោយប្រព័ន្ធភាពសុំារបស់យើង។

បើទោះបីជាយ៉ាងណា ការសិក្សាថ្មីនេះដែលត្រូវបានបោះពុម្ពផ្សាយតាមរយៈ Journal Nature Immunology បានរកឃើញជាលទ្ធផលថា ការផ្លាស់ប្តូរសេនេទិចរបស់ Macrophage បានធ្វើឲ្យកោសិកាការពារពិសេសមួយនេះ អាចកំណត់អត្តសញ្ញាណនៃកោសិកាមហារីកបានយ៉ាងងាយស្រួលជាងមុន និងចាប់ផ្តើមដើរកំទេចលេបយកនូវកោសិកាមហារីក។

ដូច្នេះការស្រាវជ្រាវមួយនេះ បានសង្កត់ធ្ងន់បន្ថែមទៅលើឥទ្ធិពលដ៏សំខាន់នៃកោសិកា Macrophage នៃប្រព័ន្ធភាពសុំា ក្នុងការកំទេចកោសិកាមហារីកយ៉ាងមានប្រសិទ្ធភាពខ្លាំងជាងមុនគួរឲ្យកត់សម្គាល់៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]