ខេត្តរតនគិរី​៖ ទូក​ដឹក​ថ្ម​មួយ​គ្រឿង​ជិះ​គ្នា​៦​នាក់​បាន​ជួប​គ្រោះថ្នាក់ បណ្តាល​ឱ្យ​លិច​កណ្តាលទន្លេ ធ្វើ​ឱ្យ​បាត់​ខ្លួន​ស្ត្រី​ម្នាក់ និង​មនុស្ស​៥​នាក់​ផ្សេង​ទៀត​រួច​ផុត​ពី​គ្រោះថ្នាក់ ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​កំពង់ចាម ឃុំ​ប៉ា​កា​ឡាន់ ស្រុក​វ៉ើ​ន​សៃ ។

តាម​របាយការណ៍​របស់​ប៉ូលិស​ស្រុក​បានអោយ​ដឹង​ថា ជន​រង​គ្រោះ​ដែល​បាត់​ខ្លួន​ឈ្មោះ​ហ៊ួ​ង ដែង ភេទ​ស្រី អាយុ​៣៧​ឆ្នាំ ជា​ជនជាតិ​ឡាវ​កាត់​ខ្មែរ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា បើ​តាម​ការ​រៀបរាប់​ពី​សំណាក់​ពី​ជន​រង​គ្រោះ​ដែល​រួច​ផុត​ពី​សេចក្តីស្លាប់​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​បាន​ជិះទូក​១​គ្រឿង​មាន​គ្នា​៦​នាក់ រួម​ទាំង​ប្រពន្ធ ប្តី និង​កូនប្រុស​២​នាក់ ព្រមទាំង​អ្នក​ភូមិ​២​នាក់​ទៀត​បាន​ជិះទូក​ទៅ​ត្រើយម្ខាង ដើម្បី​ទៅ​ដឹក​ខ្សាច់ និង​ថ្មយក​មក​ទុក​លក់ ។

ពេល​លើក​ខ្សាច់ និង​ថ្ម​ដាក់​ពេញ​ទូក​ហើយ​ក៏​នាំ​គ្នា​បញ្ឆេះ​ម៉ា​ស៊ី​ទូក​ដើម្បី​ត្រឡប់​មក​ផ្ទះ​វិញ​ លុះ​មក​ដល់​ពាក់​កណ្តាលទន្លេ ក៏​មាន​ខ្យល់ និង​រលក រួម​ទាំង​ទឹក​ហូរ​កួច​ខ្លាំង​ផង បណ្តាល​អោយ​លិច​ទូក ហើយ​ភ្លាម​នោះ​មាន​ទូក​ប្រជាពលរដ្ឋ​បើក​កាត់​ចំនួន​២​គ្រឿង​ក៏​បាន​ធ្វើការ​ជួយ​សង្គ្រោះ​បាន​មនុស្ស​ចំនួន​៥​នាក់ ចំណែក​ស្ត្រី​រង​គ្រោះ​ខាងលើ ពួក​គេ​ឃើញ​លើកដៃ​ហៅ​អោយ​គេ​ជួយ​ដែរ ក៏​ប៉ុន្តែ​ពេល​បើកទូក​ទៅ​ជួយ​ខ្វះ​តែ​២​ម៉ែត្រ​ទៀត​ទៅ​ដល់ ស្រាប់តែ​ស្ត្រី​រង​គ្រោះ​បាន​លេច​បាត់​ស្រមោល​តែ​ម្តង រហូត​ដល់​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២១ ខែមករា ឆ្នាំ​២០១៩ នៅ​មិន​ទាន់​រក​ឃើញ​សព​ស្ត្រី​ខាងលើ​នៅឡើយ​ទេ​។

ចំពោះ​ការ​បាត់បង់​ស្រី្ត​រង​គ្រោះ​ខាងលើ​នេះ ក្រុម​គ្រួសារ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​មិន​គួរ​ណា​ស្លាប់​ចោល​កូន​៣​នាក់​ក្នុង​បន្ទុក​។

សមត្ថកិច្ច​បញ្ជាក់​ថា មូលហេតុ​ដែល​លិច​ទូក​នេះ គឺ​បណ្តាល​មក​ពី​ដាក់​ខ្សាច់​និង​ថ្ម​ច្រើន​ពេក​ទើប​បណ្តាល​អោយ​លិច​៕

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]