រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​ឱ្យដឹងបន្តនៅថ្ងៃទី២២ មករា ដដែល​នេះ លើ​ករណី​​​​ឪពុកមាធំ​វាយ​​​​ក្មួយ​​ប្រុស​​អាយុ៤ឆ្នាំ​​​បណ្តាលឱ្យ​រង​របួស​ធ្ងន់ធ្ងរនោះ​ ​​​​ស្ថិត​នៅ​​ចំពោះ​មុខ​សមត្ថកិច្ច​​​​​ ជន​ដៃដល់​សារភាពឱ្យ​ដឹង​​​ទៀត​ថា គឺ​ខ្លួន​​​ប្រើ​ដៃ​វាយ​ក្មួយ​ប្រុសនេះ​​​​​ជា​រៀងរាល់ថ្ងៃ​ ដោយ​សារ​ខឹង​​​ក្មួយនេះ​វា​​រពិស​​ខ្លាំង​​​​ពេក ចាប់​មិនឈ្នះ ។ ​

សេចក្តីរាយការណ៍បន្តថា ជន​ដៃដល់​ ឈ្មោះប៉ែន ចាន់​ត្រា ​អាយុ​៣៤​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​កង់​​បី ​ស្នាក់​នៅផ្ទះ​សង់​ថ្មី​ផ្លូវ​​រថភ្លើង ភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​ ចំណែក​ក្មេង​ប្រុសរងគ្រោះ​ឈ្មោះហ៊េ​ល ទេវា ​អាយុ​​៤​ឆ្នាំ មាន​​ម្តាយ​​ឈ្មោះ​ប៉ែន ចិន្តា​ពេជ្រ អាយុប្រមាណ​​៣០​ឆ្នាំ ជា​អ្នកបម្រើ​ការ​​​ហាង​ខារ៉ាអូខេ ដោយ​នៅ​រសៀល​ថ្ងៃ​​ដដែលនេះ​ ​នៅ​មិន​ទាន់​មក​ពី​ខេត្តព្រះសីហនុ​​ មកមើលកូនប្រុស​នៅឡើយ ។ ​

ប្រភពបន្តថា ​​មុន​ពេល​កើតហេតុ ជនដៃដល់ជា​ឪពុកធំ​រូបនេះ បាន​វាយ​និងធ្វើ​ទារុណកម្មទៅ​លើ​ក្មេង​ប្រុស​ ​បណ្តាលឱ្យ​មានស្នាម​​​រ​បួសនិងឈាម​​ពេញ​ខ្លួន ព្រមទាំង​​បាក់ឆ្អឹង​ដងកាំបិតទៀត។ ​ពេលវាយរួច ក៏​​ចាក់សោ​ទ្វារ​បង្ខាំងទុក​ក្នុងផ្ទះ ទើប​ចេញ​ទៅ​រត់​ម៉ូតូ​កង់​៣​ ​។ ពេលនោះ ត្រូវ​ប្រជាពលរដ្ឋឃើញ​​​បានជួយ​​​រាយ​ការណ៍មក​នគរបាល​ប៉ុស្តិ៍ឱ្យ​ចុះ​ទៅ​អន្តរ​គម​ន៍ ដើម្បីដឹក​យក​ទៅ​សង្គ្រោះ​​ក្មេង ។

​តាម​ព័ត៌មាន​ឱ្យ​ដឹង​ទៀត​​ថា ក្មេងរង​គ្រោះ​គឺ​ជា​កូនកំព្រា​ឪពុក ​ដោយម្តាយ​បានយក​​ទៅ​​ផ្ញើ​ឪពុកធំ​ (ជន​ដៃដល់)​ឱ្យ​​ជួយ​មើល​ការ​ខុស​ត្រូវ​ រួម​ជាមួយ​បងស្រី​ម្នាក់​ទៀត​មាន​អាយុប្រមាណ​ជិត​១០​​ឆ្នាំ តាំងពី​កំឡុង​ខែតុលា​ឆ្នាំ​២០១៨មក​ម្ល៉េះ ហើយ​ម្តាយ​​ទៅ​ធ្វើការ​នៅ​ក្នុង​​ខេត្ត​ព្រះសីហនុ ។

​តាម​ព័ត៌មាន​​ឱ្យ​ដឹងទៀតថា ឪពុកធំតែងតែ​ខឹង​​ឆេវឆាវ មួរ​ម៉ៅ​ ​និង​​វាយ​ក្មួយ​ជាញឹកញាប់ ដោយសា​តែ​ភាព​រពិស​នេះ​​​ ។ ​ការ​ប្រើហិង្សា ​ត្រូវ​​ក្មេង​ស្រី​ជា​បងបាន​​ប្រាប់​​សមត្ថកិច្ចទៀត​​ថា ជួនកាល​​ចាប់​បោក​នឹង​ឥដ្ឋ​ក៏មាន​ដែរ​ ​ហើយពេលខ្លះ​​វាយខ្លួន​និងប្អូនប្រុស​ទៀតផង ។

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]