អ្នកដឹងទេសុខភាពផ្លូវចិត្តក៏សំខាន់ដូចនឹងសុខភាពរាងកាយដែរ។ ទាំងពីរមុខនេះ ចាំបាច់ត្រូវដើរទន្ទឹមគ្នាមិនអាចខ្វះមួយណាបានឡើយ ព្រោះកាលណាសុខភាពរាងកាយមិនល្អ វានឹងប៉ះពាល់ទៅដល់ការគិត ឥរិយាបថ និងដំណើរការនៃខួរក្បាល។ បើយើងមិនបានមើលថែទាំសុខភាពផ្លូវចិត្តឱ្យបានល្អទេនោះ វាក៏អាចប៉ះពាល់ទៅដល់ជីវសាស្ត្រនៃរាងកាយយើងយ៉ាងធ្ងន់ធ្ងរផងដែរ។

យោងតាមរបាយការណ៍អង្គការសុខភាពពិភពលោក (WHO) មានមនុស្សប្រមាណ ៣៥០លាននាក់ បាននិងកំពុងប្រឈមជំងឺធ្លាក់ទឹកចិត្ត។ ការប្រមាណមើលនៅឆ្នាំ២០២០ ថាអត្រានៃជំងឺធ្លាក់ទឹកចិត្តនឹងស្ថិតក្នុងចំណាត់លេខ២ បន្ទាប់ពីជំងឺបេះដូង ដែលធ្វើឲ្យមនុស្សបាត់បង់ជីវិតច្រើនជាងគេ។

ជាក់ស្តែងនៅប្រទេសកម្ពុជាយើង បញ្ហានៃសុខភាពផ្លូវចិត្តក៏កំពុងកើនឡើងគួរឲ្យកត់សម្គាល់ដែរ ក្នុងចំណោមពលរដ្ឋខ្មែរ១០នាក់មាន៤នាក់ទៅហើយដែលជួបបញ្ហាសុខភាពផ្លូវចិត្ត  នេះបើយោងតាមអង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO Cambodia)។ លើសពីនេះទៅទៀត ក្នុងចំណោមពលរដ្ឋខ្មែរ១៤លាននាក់ យើងមានអ្នកឯកទេសចិត្តសាស្ត្រ ប្រហែល៤០នាក់ប៉ុណ្ណោះ។ នេះជាកត្តាមួយដ៏ចម្បងឆ្លុះបញ្ចាំងឲ្យឃើញថា សុខភាពផ្លូវចិត្តនៅកម្ពុជាកំពុងក្លាយជាបញ្ហាមួយធ្ងន់ធ្ងរដែលប្រជាជន និងរដ្ឋាភិបាលត្រូវចាប់ផ្តើមស្វែងរកដំណោះស្រាយ។ លើសពីនេះទៅទៀត TPO Cambodia បានឲ្យដឹងថា ក្នុងចំណោមអ្នកជំងឺផ្លូវចិត្តគ្រប់ប្រភេទដែលបានទៅរកសេវាព្យាបាល  គឺមានអ្នកជំងឺធ្លាក់ទឹកចិត្តរហូតដល់៤សែននាក់ទៅហើយ ឬ ប្រមាណ ២០% នៃអ្នកជំងឺផ្លូវចិត្តទាំងអស់។

ទាំងអស់នេះឆ្លុះបញ្ចាំងអំពីភាពធ្ងន់ធ្ងរនៃជំងឺផ្លូវចិត្តនៅក្នុងប្រទេសកម្ពុជា ជាពិសេស “ជំងឺធ្លាក់ទឹកចិត្តដែលប៉ះពាល់យ៉ាងខ្លាំងទៅដល់គុណភាពរស់នៅនៃបុគ្គល ពេលវេលា ថវិកាគ្រួសារនិងជាតិទៀតផង” បើយោងតាមសាស្ត្រាចារ្យចិត្តវិជ្ជា Hoeur Sethul។

រូបតំណាង

អ្វីទៅជាជំងឺធ្លាក់ទឹកចិត្ត?

លោកសាស្ត្រាចារ្យ Hoeur Sethul បានឲ្យដឹងថា ជំងឺធ្លាក់ទឹកចិត្តជាប្រភេទជំងឺមួយ បង្កឲ្យបាត់បង់លំនឹងនៃអារម្មណ៍ ស្មារតី និងចិត្តគំនិត អាចកើតមានចំពោះគ្រប់ក្រុមមនុស្សដោយមិនរើសអើងវណ្ណៈ អាយុ ឬ ភេទឡើយ។ ការសិក្សាជាច្រើនបានឲ្យដឹងថា មនុស្សគ្រប់រូបនឹងអាចប្រឈមុខនឹងហានិភ័យនៃជំងឺធ្លាក់ទឹកចិត្តក្នុងកម្រិតស្រាល មធ្យម និងធ្ងន់ នៅពេលណាមួយក្នុងខ្សែជីវិត  មិនថាអ្នកមានសុខភាពរាងកាយល្អ កុមារ វេជ្ជបណ្ឌិត ឬ ពេទ្យចិត្តសាស្ត្រនេះផ្ទាល់ផងដែរ។

ក. រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត៖

១. ប្រឈមមុខនឹងអារម្មណ៍ឯកោ

ខ. ប្រឈមមុខនឹងភាពអស់សង្ឃឹមខ្លាំងរយៈពេលលើសពី១ខែ

៣. បាត់បង់ការផ្ចង់អារម្មណ៍ជារឿយៗ

៤. អស់អារម្មណ៍នឹងអ្វីៗគ្រប់យ៉ាងនៅជុំវិញខ្លួន

៥. កត្តារាងកាយមួយចំនួនដូចជា ដេកមិនលក់ជាប្រចាំព្រោះចេះតែគិតរឿងអ្វីមួយ ដដែលៗ

៦. ហូបមិនបាន ហើយក៏មិនសូវឃ្លានទៀត ដែលធ្វើឲ្យរាងកាយចាប់ផ្តើមចុះខ្សោយ ប៉ះពាល់ដល់ការលូតលាស់ ប្រព័ន្ធភាពសុំា និងប្រព័ន្ធប្រសាទទៀតផង

៧. មួរម៉ៅច្រើន តប់ប្រមល់ច្រើន អារម្មណ៍មិននឹងនរ ខឹងនេះខឹងនោះរយៈពេលយូរ

ខ. ភាពខុសគ្នារវាងជំងឺធ្លាក់ទឹកចិត្ត និងភាពសៅហ្មង

បើយោងតាម Untangle: Mental Health Awareness ដែលជាគម្រោងដំបូងបំផុត និង មិនធ្លាប់មានពីមុនមក ក្នុងគោលបំណងបង្កើនការយល់ដឹងបន្ថែមអំពីសុខភាពផ្លូវចិត្ត បានឲ្យដឹងថា៖

១. ជំងឺធ្លាក់ទឹកចិត្ត  ជាស្ថានភាពអារម្មណ៍មិនប្រក្រតី រីឯ ភាពសៅហ្មង  ជាអារម្មណ៍ធម្មតាមួយរយៈពេលខ្លីរបស់មនុស្សតែប៉ុណ្ណោះ។

២. ពេលដែលយើងមានជំងឺធ្លាក់ទឹកចិត្ត យើងមានអារម្មណ៍សោកសៅចំពោះអ្វីៗគ្រប់បែបយ៉ាង។ ប៉ុន្តែយើងមានអារម្មណ៍សោកសៅចំពោះតែអ្វីមួយគត់ប៉ុណ្ណោះ ដែលវាធ្វើឲ្យយើងមានអារ្មណ៍មិនល្អមួយរយៈ។

៣. ជំងឺធ្លាក់ទឹកចិត្ត អាចជះឥទ្ធិពលទៅលើគ្រប់ផ្នែកនៃជីវិតរបស់អ្នកជំងឺ ហើយអ្នកជំងឺត្រូវការពេលយូរដើម្បីធូរស្បើយឡើងវិញ ។  បើមានអាការសោកសៅរយៈពេលយូរ ១ទៅ២សប្តាហ៍មិនបាត់  វាជារោគសញ្ញាមួយបញ្ជាក់ថាលោកអ្នក កំពុងប្រឈមមុខនឹងជំងឺធ្លាក់ទឹកចិត្តហើយ។ ចំណែកអារម្មណ៍សៅហ្មង ឬសោកសៅវិញ មានរយៈពេលខ្លី ហើយបន្ទាប់មកយើងនឹងចាប់ផ្តើមមានអារម្មណ៍ស្រស់ស្រាយ និងធូរស្បើយឡើងវិញ។

៤. ការធ្លាក់ទឹកចិត្ត មិនចាំបាច់ទាមទារឲ្យមានព្រឹត្តិការណ៍លំបាក ឬការបាត់បង់ធ្ងន់ធ្ងរអ្វីនោះទេ។ តាមពិតទៅវាជារឿយៗអាចកើតឡើង នៅពេលដែលអវត្តមាននៃកត្តាទាំងអស់នេះក៏បានដែរ។ រីឯភាពសៅហ្មង ជាធម្មតាត្រូវបានបង្កឡើងដោយព្រឹត្តិការណ៍ បទពិសោធន៍ ឬ ស្ថានភាពពិបាកឈឺចាប់ ឬ ខកចិត្តណាមួយ៕

អាការនៃជំងឺបាក់ទឹកចិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]