ចិន៖  លោក Jack Ma  ជាស្ថាបនិកក្រុមហ៊ុន Alibaba និងជាបុគ្គលមួយរូបដែលមានឥទ្ធិពលបំផុតនៅលើពិភពលោក។ ទំម្រាំលោកក្លាយជាមហាសេដ្ឋី និងទទួលបានជោគជ័យជាដុំកំភួនដូចសព្វថ្ងៃនេះ  មិនមែនជាការចៃដន្យនោះទេ ពោលគឺទាមទារការតាំងចិត្ត តស៊ូ បេជ្ញាចិត្ត មិនបោះបង់ និងឆន្ទៈដ៏ធំទើបលោកអាចសម្រេចបានក្តីស្រមៃដូចបច្ចុប្បន្ន។   ថ្ងៃនេះសូមចែករំលែកសម្តីមាសទាំង ៥ របស់លោកឱ្យប្រិយមិត្តអ្នកអានឈ្វេងយល់ទាំងអស់គ្នា ទុកត្រិះរិះពិចារណាដើម្បីជាការលើកទឹកចិត្តឱ្យអ្នករាល់គ្នាទទួលបានជោគជ័យដូចជារូបលោកដែរ៖

លោក Jack Ma

១. សូមទម្លាប់នូវពាក្យ «បដិសេធ»

ការបដិសេធជារឿងធម្មតាសម្រាប់ជីវិតរបស់យើង។ អ្នកខ្លះ គ្រាន់តែត្រូវគេបដិសេធបន្តិច យើងក៏បាក់ទឹកចិត្ត និងបោះបង់ចោលក្តីស្រមៃរបស់យើង តែផ្ទុយទៅវិញលោក Jack Ma គាត់មិនគិតអីចឹងនោះទេ។ តួយ៉ាងកាលពីលោកចូលរៀនមហាវិទ្យាល័យ លោកប្រលងចូលរៀនធ្លាក់ចំនួន ២ដង ហើយលើកទី៣ ទើបលោកប្រលងជាប់ និងបានចូលរៀន។ បន្ទាប់ពីរៀនចប់ លោកក៏ស្វែងរកការងារ ហើយត្រូវបានគេបដិសេធការងារចំនួន ៣០ដង មានទាំងធ្វើប៉ូលិស ហើយសូម្បីធ្វើជាអ្នករត់តុនៅ KFC ក៏ធ្លាក់ដែរ។ មនុស្សដាក់ពាក្យធ្វើការនៅ KFC ២៤នាក់ ជាប់២៣ នាក់ មានតែគាត់ម្នាក់គត់ដែលធ្លាក់។ សូម្បីដាក់ពាក្យចូលរៀននៅសាកលវិទ្យាល័យ Harvard ក៏ត្រូវបានខាងសាលាបដិសេធចំនួន ១០ដងដែរ។ ដូច្នេះការត្រូវបានអ្នកដទៃបដិសេធ គឺជារឿងធម្មតាទេសម្រាប់ជីវិតយើង។ សូមកុំបោះបង់ចោលក្តីស្រមៃរបស់យើង និងសូមតាំងចិត្តខិតខំចាប់យកក្តីស្រមៃរបស់យើង។ នៅពេលអ្នកដទៃនិយាយពាក្យថា «ទេ ឬ No» នោះមានន័យថា «ឱកាសក្រោយ ឬ Next Opportunity។»

២. អតិថិជនគឺលេខ ១

ខណៈពេលមនុស្សទូទៅព្រួយបារម្ភអំពីគូប្រជែងរបស់ខ្លួន តែលោកគិតថាអតិថិជនគឺជារឿងសំខាន់បំផុតសម្រាប់ការធ្វើអាជីវកម្មដ៏ជោគជ័យក្នុងរយៈពេលយូរ។ លោកបានបន្តនិយាយទៀតថា បើយើងអាចធ្វើឱ្យអតិថិជនរបស់យើងសប្បាយចិត្ត និងពេញចិត្តសេវាកម្ម ឬផលិតផលរបស់យើង នោះយើងក៏ទទួលបានជោគជ័យដែរ។ ដូច្នេះបើលោកអ្នកគ្រោង ឬកំពុងធ្វើអាជីវកម្ម សូមកុំយកគូប្រជែងរបស់អ្នកធ្វើជាសត្រូវ ផ្ទុយទៅវិញគួរតែយកចិត្តទុកដាក់បង្កើនសេវាកម្ម ឬផលិតផលរបស់អ្នកឱ្យបានល្អប្រសើរវិញទៅ ហើយព្យាយាមធ្វើឱ្យភ្ញៀវរបស់អ្នកសប្បាយចិត្ត នោះអ្នកនឹងទទួលបានភាពជោគជ័យជាក់ជាពុំខាន។

លោក Jack Ma

៣. គួរគិត ឬផ្លាស់ប្តូរអាជីវកម្មរបស់អ្នកឱ្យទៅជាអាជីវកម្មសកល

លោក Jack Ma បាននិយាយថា បើអាជីវកម្មធុនតូច (small business) ចង់រស់នៅបានយូរអង្វែង គួររកស៊ីជាលក្ខណៈសកលលោក ពោលគឺអ្នកលក់អីវ៉ាន់នានាគួរតែដាក់លក់អីវ៉ាន់របស់ខ្លួននៅលើប្រពន្ធអ៊ីនធើណេត ដូចជាគេហទំព័រ Alibaba ឬ AliExpress ជាដើម ដើម្បីអាចបង្កើនប្រាក់ចំណូល និងលក់អីវ៉ាន់ពីខ្មែរទៅបរទេសជាដើម។

៤. សូមកុំត្អូញត្អែរ ត្រូវសម្លឹងរកមើលឱកាសវិញ

លោក Jack Ma ជឿជាក់ថា ខណៈពេលដែលមនុស្សកំពុងតែត្អូញត្អែរ នោះគឺជាឱកាសសម្រាប់ការធ្វើអាជីវកម្មដ៏ជោគជ័យ។ ជាក់ស្តែងនៅក្នុងសម័យបច្ចុប្បន្ន យើងទទួលបានប្រាក់ចំណូលពីការដោះស្រាយបញ្ហានានានៅក្នុងសង្គម តួយ៉ាងបើយើងជាអ្នកលក់សេវា ដូចជាសេវាបង្រៀន យើងជាអ្នកដោះស្រាយបញ្ហាអប់រំ ហើយយើងទទួលបានប្រាក់ចំណូលពីការបង្រៀនជាដើម ហើយបើយើងលក់ខោអាវ យើងក៏ផ្តល់ជាផលិតផលសម្រាប់ដោះស្រាយបញ្ហាសំលៀកបំពាក់ ហើយយើងក៏ទទួលបានចំណូលទៅតាមហ្នឹងផងដែរ។ ដូច្នេះបើសិនយើងចង់រកស៊ីអ្វីមួយ សូមក្រឡេកមើលបញ្ហាណាដែលយើងចង់ដោះស្រាយ បូករួមនឹងការតាំងចិត្ត ចំណេះធ្វើ និងចំណេះដឹង ដូច្នេះអ្នកនឹងទទួលបានជោគជ័យជាក់ជាពុំខាន។

លោក Jack Ma

៥. ធ្វើជាមនុស្សសុទិដ្ឋិនិយម (ការគិតក្នុងផ្លូវល្អ)

បុគ្គលជោគជ័យនៅលើលោករួមទាំងលោក Jack Ma, Bill Gates, Mark Zuckerberg, និងលោក Steve Jobs ពួកលោកទាំងអស់គ្នាសុទ្ធសឹងជាមនុស្សសុទិដ្ឋិនិយម គិត និងជឿជាក់ថាអនាគតនឹងល្អប្រសើរ។ ខណៈពេលមនុស្សគ្រប់គ្នាគិតក្នុងផ្លូវអាក្រក់ មានការត្អូញត្អែរ រិះគន់ ពួកគេទាំងអស់បែរជាគិតក្នុងផ្លូវល្អ និងឃើញអ្វីដែលមនុស្សទូទៅមើលមិនឃើញ។ ជាក់ស្តែងកាលពីលោក Jack Ma បង្កើត Alipay មនុស្សជាច្រើនដែលធ្វើការជាមួយលោក គិតថាគំនិតនេះគឺជាគំនិតអាក្រក់ មិនល្អ និងល្ងង់ខ្លៅបំផុត តែលោកមិនខ្វល់ពីការរិះគន់របស់អ្នកដទៃទេ តែផ្ទុយទៅវិញបែរជាបន្តបង្កើតសេវា Alipay ឡើង។ បច្ចុប្បន្ន Alipay មានអ្នកប្រើប្រាស់ច្រើនជាង ៥០០ លាននាក់ជុំវិញពិភពលោក។ គួរឱ្យដឹងផងដែរ Alipay គឺជាសេវាទូទាត់ប្រាក់នៅលើអ៊ីនធើណេត ដែលអាចប្រើបានជាមួយដូចជា Visa Card និង Mastercard ជាដើម៕

លោក Jack Ma

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]