ចិន៖ មន្រ្តីប៉ូលិសចរាចរណ៍វ័យចំណាស់ជនជាតិចិនម្នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត ក្រោយស៊ូធ្វើការជាង ២៤ម៉ោង ទាំងមិនបានសម្រាកខ្លួន ដែលធ្វើឲ្យមហាជនជាច្រើនសម្ដែងពីការគោរពយ៉ាងខ្លាំងចំពោះគាត់។

មន្រ្តីប៉ូលិសចរាចរណ៍ លោក Jiang Ruihua

យោងតាមប្រភពសារព័ត៌មានចិន លោកមន្រ្តីប៉ូលិសចរាចរណ៍ខាងលើនេះ មានឈ្មោះ Jiang Ruihua អាយុ ៥៥ឆ្នាំ ត្រូវបានគេរាយការណ៍ថា បានទទួលរងនូវជំងឺដាច់សរសៃឈាមខួរក្បាល (Brain Haemorrhage ឬហូរឈាមក្នុងខួរក្បាល) រហូតដួលសន្លប់នៅក្នុងបន្ទប់ការិយាល័យរបស់លោក កាលពីព្រឹកថ្ងៃពុធ សប្តាហ៍កន្លងទៅនេះ ដោយសារតែប្រឹងធ្វើការលើសម៉ោង ទាំងនឿយហត់មិនបានសម្រាក។

ភ្លាមៗក្រោយកើតហេតុ លោក Jiang ក៏ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្នុងទីក្រុង Chongqing ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យបានប្រកាសថា លោក Jiang បានផុតបាត់ទៅហើយ។

មន្រ្តីប៉ូលិសចរាចរណ៍ លោក Jiang Ruihua

ដោយឡែក តាមការឲ្យដឹងពីមិត្តរួមការងារជាមួយនឹងលោក Jiang ឈ្មោះ Dai Jun បាននិយាយថា នៅក្នុងថ្ងៃកើតហេតុនោះ ដោយសារតែឆ្ងល់មិនទាន់ឃើញលោក Jiang ចេញពីបន្ទប់ការិយាល័យ រូបលោកក៏បានចូលទៅមើល នៅចន្លោះម៉ោងប្រមាណជា ៦និង៤០នាទីព្រឹក ក៏ស្រាប់តែប្រទះឃើញ លោក Jiang បានដួលសន្លប់បាត់បង់ស្មារតីនៅនឹងដី ទាំងពាក់ឯកសណ្ឋានប៉ូលិស ទើបបង្កការភ្ញាក់ផ្អើល និងបានបញ្ជូនគាត់ទៅសង្គ្រោះមន្ទីរពេទ្យផងដែរ។ ប៉ុន្តែជារឿងដ៏គួរឲ្យសោកស្តាយ លោក Jiang បានស្លាប់បាត់ទៅហើយ។

លោក Jiang ត្រូវបានគេដឹងថា បានចូលបម្រើការងារក្នុងកងកម្លាំងប៉ូលិសនេះ តាំងតែពីក្នុងកំឡុង ខែកុម្ភៈ ឆ្នាំ១៩៨៦ ហើយលោកក៏ធ្លាប់ទទួលបានរង្វាន់ ឬងារជាមន្រ្តីប៉ូលិសចរាចរណ៍ដ៏ល្អដាច់គេ “Best Traffic Officer” ផងដែរ។

មន្រ្តីប៉ូលិសចរាចរណ៍ លោក Jiang Ruihua

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីរបស់លោកប៉ូលិស Jiang នេះដែរ ជំរុញឲ្យមហាជនជាច្រើន មានការពិភាក្សាយ៉ាងទូលំទូលាយនៅលើបណ្តាញសង្គម ក៏ដូចជាការអំពាវនាវឲ្យមានការគិតគូរឡើងវិញ ពាក់ព័ន្ធនឹងច្បាប់ការងារដ៏ល្អប្រសើរមួយ ដើម្បីដោះស្រាយបញ្ហាវប្បធម៌ធ្វើការលើសម៉ោង ឬហួសកម្លាំងរបស់បុគ្គលិក។

ព្រោះថាជាក់ស្តែង យោងតាមកាសែត China Daily អ្នកបម្រើការងារ ឬបុគ្គលិកជនជាតិចិនជាច្រើន ប្រមាណជាង ៦០០ ០០០នាក់ ត្រូវបានគេរាយការណ៍ថា បានស្លាប់បាត់បង់ជីវិតជារៀងរាល់ឆ្នាំក្នុងប្រទេសចិន ដោយសារតែ ខំប្រឹងបំពេញការងារហួសម៉ោងកំណត់ និងហួសកម្លាំង ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ។  

លោក Jiang Ruihua

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]