ថៃ៖ ថ្មីៗនេះវីដេអូឃ្លីបគ្រូបង្រៀនចាប់កាត់សក់សិស្សស្រីម្នាក់ សល់ខ្លីត្រឹម.ក នៅសាលារៀនមួយក្នុងប្រទេសថៃ ត្រូវបានរងការរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនទូទៅ ក្រោយបែកធ្លាយបង្ហោះចែកចាយលើបណ្តាញសង្គម។

បើយោងតាមប្រភពសារព័ត៌មានថៃ សាលារៀនខាងលើដែលបានដាក់ពិន័យសិស្សបែបនេះ ត្រូវបានគេស្គាល់ថា សាលា Kanchananukroh School ស្ថិតក្នុងទីក្រុង Kanchanburi ប្រទេសថៃ ដែលកំពុងតែរងការរិះគន់យ៉ាងខ្លាំង ក្រោយគ្រូៗបាននាំគ្នាចាប់កាត់សក់សិស្សស្រីម្នាក់ ព្រោះតែមិនគោរពទៅតាមវិន័យរបស់សាលា។

យ៉ាងណាមិញ ជុំវិញនឹងករណីខាងលើនេះ គណៈគ្រប់គ្រងសាលាម្នាក់ ឈ្មោះ Phawadee បាននិយាយថា សិស្សស្រីសក់វែងខាងលើនេះ គឺធ្លាប់ត្រូវបានគ្រូបង្រៀនជាច្រើនក្នុងសាលា បានធ្វើការព្រមានណែនាំនាងជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែនាងនៅតែមិនអើពើ និងមិនខ្ចីកាត់សក់របស់នាងចេញឡើយ។

គណៈគ្រប់គ្រងសាលារូបនេះ បានឲ្យដឹងទៀតថា «អ្វីដែលពួកយើងធ្វើនេះ គឺអនុវត្តន៍ទៅតាមគោលការណ៍ ឬវិន័យរបស់សាលាតែប៉ុណ្ណោះ ដោយមិនតម្រូវឲ្យសិស្សស្រីទុកសក់វែងពេកនោះទេ។ ចំណែកឯ សិស្សដែលបានថត និងយកវីដេអូឃ្លីបនេះទៅបង្ហោះចែកចាយ ដែលបណ្តាលឲ្យខូចឈ្មោះសាលា ខាងសាលាក៏នឹងមានវិធានការ ដោយកាត់ពិន្ទុរបស់ពួកគេ ត្រង់ចំណុចអាកប្បកិរិយាអាក្រក់នេះ ក្នុងព្រឹត្តិបត្រពិន្ទុផងដែរ» ។

គណៈគ្រប់គ្រងសាលា Phawadee បានបញ្ជាក់ទៀតថា ហេតុការណ៍នេះបានកើតឡើង តាំងពីថ្ងៃទី១០ មករា ឆ្នាំ២០១៩ កន្លងទៅនេះ ដែលជាការពិន័យទៅលើសិស្សស្រីសក់វែងរៀនថ្នាក់ទី១០ ខណៈដែលវីដេអូឃ្លីបនេះ ទើបតែត្រូវបានបែកធ្លាយប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ដែលធ្វើឲ្យមានការិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនមកលើសាលា ទាំងដែលនេះគឺជាច្បាប់វិន័យរបស់សាលា ដែលសិស្សគ្រប់រូបត្រូវតែប្រតិបត្តិ។

សិស្សស្រីដែលត្រូវគ្រូកាត់សក់

គួរឲ្យដឹងផងដែរថា វីដេអូឃ្លីបនេះត្រូវបានបង្ហោះចែកចាយនៅលើបណ្តាញសង្គមយក្ស ហ្វេសប៊ុក ដោយមានអ្នកចុចចូលមើលច្រើនជាង ១លានដង និងចំនូនអ្នកចែកចាយបន្ត (Share) រាប់ពាន់នាក់ផងដែរ។

ជុំវិញនឹងករណីខាងលើនេះ មានសិស្សនិស្សិត និងមហាជនជាច្រើន បានសម្តែងការមិនពេញចិត្ត ចំពោះការដាក់ទណ្ឌកម្មលើសិស្សបែបនេះ និងបាននិយាយថា សាលាគួរតែបញ្ឈប់ការអនុវត្តន៍ក្បួនច្បាប់បែបនេះតទៅទៀតទៅ។

ក្នុងនោះ អតីតនិស្សិតប្រុសម្នាក់នៅឯសកលវិទ្យាល័យ Chulalongkorn University ឈ្មោះ Tanawat Wongchai អាយុ ២០ឆ្នាំ ក៏បានបញ្ចេញមតិដែរថា សាលាគួរតែផ្តល់សិទ្ធិអនុញ្ញាតឲ្យសិស្ស មានសេរីភាពក្នុងការធ្វើម៉ូតសក់របស់ពួកគេខ្លះផងទៅ។ ហើយបើទោះបីជា ពួកគេល្មើសនិងច្បាប់វិន័យរបស់សាលាក្តី ក៏គ្រូៗគួរណាស់ត្រូវមានវិធានការ ឬដំណោះស្រាយបញ្ហាឲ្យប្រសើរជាងនេះ ជាជាងប្រើប្រាស់សកម្មភាពហិង្សា ឬរំលោភបំពានទៅលើសិទ្ធិរបស់សិស្ស ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]