ជំងឺលើសឈាមច្រើនកើតមានចំពោះក្រុមមនុស្សវ័យកណ្តាលនិងវ័យជរា។ វាជាជំងឺទាក់ទងនឹងអាយុ ប៉ុន្តែក៏អាចកើតមានចំពោះក្រុមអាយុក្មេងដែរ។

យោងតាមសហព័ន្ធសុខភាពបេះដូងនៅសហរដ្ឋអាមេរិកបានចាត់ទុកការវិនិច្ឆ័យមួយ ថាជាជំងឺលើសឈាម អាស្រ័យកម្រិតសម្ពាធឈាមនៅពេលបេះដូងច្របាច់ (Systolic Pressure) ខ្ពស់ជាង ១៣០មីលីម៉ែត្របារ៉ត និងនៅពេលកម្រិតសម្ពាធឈាមនៅពេលបេះដូងរលា ឬសម្រាក (Diastolic Pressure) ខ្ពស់ជាង ៨០មីលីមែត្របារ៉ត។

អត្រាកើនឡើងនៃជំងឺលើសឈាមក្នុងយុគសម័យទំនើបនេះ ក៏ដោយសារភាពជឿនលឿននៃបច្ចេកវិទ្យា និងរបៀបរបបរស់នៅមានការផ្លាស់ប្តូរពីសកម្មមកអសកម្មខ្លាំង របបអាហារពុំមានលំនឹង សំបូរទៅដោយខ្លាញ់ ស្ករ និងកូលេស្តេរ៉ុលច្រើន មិនធ្វើលំហាត់ប្រាណបានគ្រប់គ្រាន់ និងជួបបញ្ហាស្ត្រេសញឹកញាប់ជាដើម។ កត្តាទាំងនេះសុទ្ធសឹងចូលរួមចំណែកដល់ការបង្កហានិភ័យនៃជំងឺលើសឈាម។

ការសិក្សាមួយដែលធ្វើឡើងដោយសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសបានរកឃើញថា ប្រព័ន្ធភាពសុំារាងកាយក៏ជាកត្តាថ្មីមួយកំណត់ហានិភ័យទាក់ទងនឹងជំងឺលើសឈាមផងដែរ។  ការស្រាវជ្រាវនេះធ្វើឡើងលើសត្វកណ្តុរបានឲ្យដឹងថា កោសិកាឈាមសប្រភេទ Macrophage ដែលមានតួនាទីដើរល្បាតនិងលេបរាល់មេរោគ ឬអង់ទីសែន (បង្កបញ្ហាដល់សុខភាព) ក៏ដើរប្រមូលយកកោសិកាខូច និងលែងមានដំណើរការផងដែរ។

កោសិកាឈាមសនេះត្រូវបានគេរកឃើញថា វាក៏បានដើរល្បាតក្នុងការលេបយកម៉ូលេគុល Endothelin ដែលជាប្រភេទអរម៉ូនដ៏សំខាន់មួយមានមុខងារបង្រួមសរសៃឲ្យតូចល្អិត (Vasoconstrictor) និងជាលទ្ធផលធ្វើឲ្យសម្ពាធឈាមកើនឡើង។

លោកសាស្ត្រាចារ្យ Matthew Bailey បានឲ្យដឹងថា "កោសិកាឈាមសបានជួយរលាសរសៃឈាមដោយពុំឲ្យវាកន្រ្តាក់តាមរយៈមុខងាររបស់វា ក្នុងការកាត់បន្ថយនៃកម្រិតអរម៉ូន Endothelin នៅតាមបណ្តាលសរសៃឈាម"។ 

លោកបានបន្តទៀតថា "មេកានិចនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការរក្សាសម្ពាធឈាមឲ្យនៅធម្មតា​ និងថេរ ហើយមានសារៈសំខាន់យ៉ាងខ្លាំងចំពោះអ្នកជំងឺលើសឈាម"។

ដើម្បីបញ្ជាក់នូវមេកានិចមួយនេះ គេបានសិក្សាទៅលើសត្វកណ្តុរ ដោយកាត់បន្ថយបរិមាណនៃកោសិកាឈាមសរបស់សត្វកណ្តុរ និងផ្តល់របបអាហារសំបូរជាតិប្រៃដល់វា។  (អាហារសំបូរជាតិប្រៃ ត្រូវបានគេសិក្សាឃើញថា ជាកត្តាចំបងបង្កជំងឺលើសឈាមផងដែរ)  ជាលទ្ធផលគេឃើញថាសម្ពាធឈាមរបស់កណ្តុរក៏បានកើនឡើងយ៉ាងខ្ពស់។  ប៉ុន្តែនៅពេលបង្កើនបរិមាណនៃកោសិកាឈាមស Macrophage វិញ គួរឲ្យភ្ញាក់ផ្អើលសម្ពាធឈាមក៏ចាប់ផ្តើមធ្លាក់ចុះគួរឲ្យកត់សម្គាល់រហូតដល់ដូចធម្មតាវិញ។

ការស្រាវជ្រាវមួយនេះបានឲ្យដឹងថា ប្រព័ន្ធភាពសុំាយើង ជាពិសេសកោសិកាឈាមស Macrophage ក៏បានចូលរួមចំណែកដល់ការបង្ការនៃជំងឺលើសឈាមផងដែរ ដោយការរក្សាសម្ពាធឈាមឲ្យនៅកម្រិតធម្មតា និងកាត់បន្ថយអរម៉ូន Endothelin ដែលមាននៅតាមចរន្តឈាម។

បើទោះបីជាយ៉ាងណាក៏ដោយ គេនឹងធ្វើការសិក្សាជាច្រើនទៀត ជាពិសេសទៅលើសំណាកមនុស្សផ្ទាល់។ ប៉ុន្តែការប្រើប្រាស់កោសិកាឈាមស នឹងអាចជាគោលដៅដ៏ធំមួយក្នុងការអភិវឌ្ឍន៍នូវប្រភេទថ្នាំថ្មីសម្រាប់ការព្យាបាលជំងឺលើសឈាមនេះ៕

កោសិកាឈាមស Macrophage
កោសិកាឈាមស Macrophage

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]