អញ្ចាញជាផ្នែកមួយដ៏សំខាន់នៃសរីរាង្គទ្រទ្រង់ធ្មេញ ដែលវាគ្របពីលើឬសធ្មេញ និង ផ្តល់សារធាតុចិញ្ចឹមមួយចំនួនសម្រាប់ការពារដល់ជាលិកាធ្មេញផងដែរ។ ក្រៅពីនេះ កោសិកាអញ្ចាញក៏បានចូលរួមចំណែកក្នុងការជួយកិនបំបែកចំណីនៅពេលយើងទំពាអាហារផងដែរ។

បើទោះបីជាយ៉ាងណាក៏ដោយ មនុស្សភាគច្រើនពុំយល់ និងមិនដឹងអំពីសារៈសំខាន់នៃការថែទាំសុខភាពអញ្ចាញឲ្យបានល្អនោះទេ ដែលការធ្វេសប្រហែសនេះធ្វើឲ្យសុខភាពអញ្ចាញធ្មេញបង្កជាជំងឺផ្សេងៗ (ភាគច្រើនជាជំងឺរាក់ស៊ីធ្មេញ បណ្តាលឲ្យក្លិនមាត់ និងចេញឈាមដោយគ្រាន់តែប៉ះសាច់អញ្ចាញ)។

អ្នកដឹងទេថា ជំងឺរលាកអញ្ចាញ គឺជារោគសញ្ញាហើយក៏ជាដំណាក់កាលដំបូងនៃការវិវឌ្ឍន៍ជំងឺអញ្ចាញធ្មេញ ដែលមានអាការធ្ងន់ធ្ងរខ្លាំងដូចជា សាច់អញ្ចាញស្រក បណ្តាលឲ្យធ្មេញលូតចេញមកក្រៅ ធ្វើឲ្យស្រៀវនិងពុកនៅកធ្មេញ។ កាន់តែធ្ងន់ធ្ងរទៀតនោះ កាលណាឈានដល់ដំណាក់កាលនៃជំងឺអញ្ចាញធ្មេញហើយនោះ វាអាចប៉ះពាល់ទៅដល់សុខភាពទូទៅទៀតផង។

ប៉ុន្តែយើងក៏នៅមានវិធីសាស្ត្រមួយចំនួនក្នុងការអនុវត្ត ដើម្បីការពារសុខភាពអញ្ចាញយើងពីជំងឺផងដែរ៖

១. ដុសធ្មេញឲ្យបានទៀងទាត់

ការដុសធ្មេញ យ៉ាងតិចឲ្យបាន២ដងក្នុងមួយថ្ងៃ ដោយការខ្ពុរមាត់បន្ថែមក្រោយពីបរិភោគអាហាររួច ជាកត្តាចម្បងការពារមាត់ធ្មេញពីបញ្ហាជំងឺទាំងឡាយ មិនថារោគពុកធ្មេញ សូម្បីជំងឺរលាកអញ្ចាញ និងជំងឺអញ្ចាញធ្មេញទៀតផង។

ការដុសធ្មេញឲ្យបានត្រឹមត្រូវនិងទៀងទាត់ នឹងជួយសម្អាតកាកសំណល់ កំទេចកំទីអាហារ ដែលនៅជាប់តាមជើងធ្មេញ។ កំណកដែលបង្កឡើងតាមរយៈកំទេចកំទីចំណីអាហារជាឬសគល់នៃការបង្កជំងឺរលាកអញ្ចាញធ្មេញ។

ដូច្នេះដុសធ្មេញយ៉ាងតិច២ដងទៅ៣ដងក្នុងមួយថ្ងៃ នឹងជួយកាត់បន្ថយហានិភ័យនៃការបង្កជំងឺរលាកអញ្ចាញធ្មេញបានយ៉ាងច្រើន។

ចំណាំ៖ 

សូមប្រើប្រាស់ថ្នាំដុសធ្មេញ ដែលមានផ្ទុកនូវសារធាតុភ្លុយអរ (ហ្ល័រអារ៉ាយ) ព្រោះសារធាតុនេះជួយឲ្យធ្មេញរឹងមាំ និងកាត់បន្ថយហានិភ័យនៃជំងឺពុកធ្មេញ។

រូបតំណាង

២. បញ្ឈប់ការជក់បារី

ការសិក្សាមួយចំនួនបានឲ្យដឹងថា ការជក់បារីក៏ជាកត្តាមួយចូលរួមចំណែកដល់ការបង្កជំងឺរលាកអញ្ចាញផងដែរ។ នេះក៏ព្រោះសារធាតុគីមីរាប់ពាន់ប្រភេទមានផ្ទុកក្នុងផ្សែងបារី ដែលមិនត្រឹមធ្វើឲ្យប្រព័ន្ធភាពសុំាចុះខ្សោយប៉ុណ្ណោះទេ  ថែមទាំងធ្វើឲ្យការផ្សះមុខរបួសអញ្ចាញយឺត និងការប្រឆាំងមេរោគនៃជំងឺអញ្ចាញមានភាពលំបាកខ្លាំងទៀតផង។

រូបតំណាង

៣.  ត្រួតពិនិត្យមើលសុខភាពមាត់ធ្មេញ

បើទោះបីជាសុខភាពមាត់ធ្មេញយើងល្អ និងពុំមានការឈឺចាប់ ក៏យើងគប្បីណាត់ជួបទន្តបណ្ឌិតយ៉ាងតិចណាស់២ដងក្នុងមួយឆ្នាំ ដើម្បីតាមដានមើលអាការនៃសុខភាពមាត់ធ្មេញថាតើវាមានពុក ឬរលាកអញ្ចាញដែរឬទេ។

ជាពិសេស ការសម្អាតធ្មេញដោយ Scaling នៅគ្លីនិកធ្មេញ ក៏ជាកត្តាមួយចំបាច់ដល់ការការពារពីជំងឺអញ្ចាញផងដែរ។

រូបតំណាង

៤. Floss ធ្មេញ

ការប្រើប្រាស់ខ្សែ Floss ធ្មេញក្រោយពីដុសធ្មេញរួច ក៏ជាទម្លាប់មួយគួរអនុវត្តផងដែរ។ ជួនកាលយើងមិនអាចសម្អាតផ្ទៃធ្មេញបានសប់ល្អ ជាពិសេសចន្លោះធ្មេញ ដែលបណ្តាលឲ្យកំទេចកំទីអាហារប្រមូលផ្តុំបន្តិចម្តងៗរហូតបង្កជាកំណក។ ដុំកំណកនេះរឹងខាំជាប់នឹងធ្មេញដូចដុំថ្មដែលការដុសធ្មេញមិនអាចយកចេញបានឡើយ ប៉ុន្តែ មានតែប្រើប្រាស់វិធីសាស្ត្រក្នុងការ Scale ធ្មេញដោយម៉ាស៊ីន ឬដោយដៃជាមួយនឹងឧបករណ៍ពិសេស។

បើទោះបីជាយ៉ាងណាក៏ដោយដោយគ្រាន់តែ Floss ចន្លោះធ្មេញក្រោយ ឬមុនដុសធ្មេញ  នឹងកាត់បន្ថយហានិភ័យនិងផលលំបាកនៃបញ្ហាទាំងឡាយ ដែលបានរៀបរាប់ខាងលើផងដែរ៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]