រឿងរៀបការ មិនមែនជារឿងលេងសើចនោះទេ អ្នកខ្លះ ទាក់ទងគ្នា ចំណាយពេលរាប់ឆ្នាំ ទម្រាំដាច់ចិត្តរៀបការ អ្នកខ្លះ រៀបចំពិធី យ៉ាងអធិកអធមផ្អើលអស់ញាតិសន្ដាន ផ្អើលទាំងអ្នកមិនដែលស្គាល់ តាមរយៈការផុសបង្ហាញពីភាពឱឡារិកនៃថ្ងៃពិសេសរបស់ខ្លួន ហើយក៏ជឿថា ម្នាក់ៗពិតជាមានក្ដីសុខ និងរីករាយជាពន់ពេក នៅក្នុងថ្ងៃសិរីមង្គល។

តែជាក់ស្ដែង តាមដែលឃើញក្នុងពេលបច្ចុប្បន្នយើងនេះ អត្រានៃអ្នកដែលរៀបការហើយ លែងលះគ្នាហាក់ដូចជាច្រើនណាស់ដែរ សូម្បីតែអ្នកដែលទាក់ទងគ្នាជាសង្សាររាប់ឆ្នាំ ស្រឡាញ់គ្នាប្រឆាំងគ្រួសារទាំងសងខាង ក៏នៅតែលែងលះគ្នាជាបន្តបន្ទាប់ គ្រប់យ៉ាង មានហេតុ ទើបមានផល។ ដូច្នេះ ខាងក្រោមនេះ អាចជាហេតុផល ដើមចមខ្លះៗ ដែលបណ្ដាលឱ្យគូស្នេហ៍រៀបការថ្មីថ្មោង លែងលះចែកផ្លូវគ្នាដោយគ្មានស្រណោះ។ 

១. ភាពមិនចុះសម្រុងពេលរួមរស់ជាមួយគ្នា

ភាពមិនចុះសម្រុង គឺមានច្រើន អាចមកពីដៃគូទាំងសងខាង ក៏អាចមកពីគ្រួសារខាងណាមួយមិនពេញចិត្ត ចាំតែមើលបំណាំ ចាំតែទើស ហើយចាប់ផ្ដើម ចាក់រុក ឆ្កឹះឆ្កៀល ដៀលត្មេះគ្នា នេះក៏ជាហេតុ ដែលនាំឱ្យមានការប្រេះឆាកើតឡើងបានដែរ។ ជួនកាល អាចមកពីដៃគូទាំងពីរ ពេលនៅជាសង្សារ ស្រឡាញ់គ្នា តាមចិត្តគ្នា ព្យាយាមលាក់បាំងទម្លាប់មិនល្អនឹងគ្នា តែពេលរៀបការហើយ ក៏ចាប់ផ្ដើមបញ្ចេញធាតុពិត ចរិតពិត មិនអាចកែទម្លាប់មិនល្អរបស់ខ្លួនបាន មិនអាចទ្រាំ មិនអាចទទួលយក ក៏ចាប់ផ្ដើមអស់ចិត្តរៀងខ្លួន។

២. ភាពរឹងមាំរបស់មនុស្សស្រី

ជាធម្មតា មនុស្សប្រុសតែងតែខូចខិល ដើរលេងស៊ីចាយតាំងពីដើមមកមានជាហូរហែ តែមនុស្សស្រីកាលមុន សុខចិត្តទ្រាំ ព្រោះគ្មានទីពឹង មិនចេះធ្វើការរកលុយ មិនចេញរកស៊ី ចាំតែប្ដីរកចិញ្ចឹម ម្ល៉ោះហើយក៏នៅតែទ្រាំបៀមទុក្ខ លេបថ្មលេបក្រួសនឹងប្ដី ឱ្យប្ដីធ្វើបាបចិត្ត។ តែមកដល់សម័យនេះ វាមិនដូចមុនឡើយ មនុស្សស្រីរឹងមាំច្រើន រឹងទទឹងក៏ច្រើន នាងមានសមត្ថភាពរកលុយខ្លួនឯង មានលទ្ធភាពចិញ្ចឹមខ្លួនឯងបាន នាងមិននៅទ្រាំឱ្យប្ដីជិះជាន់ធ្វើបាបនាងទេ ដូច្នេះ បើអ្នកជាប្ដីគ្មានកំណើត អ្នកជាប្ដីធ្វើបាបនាង ក្បត់នាង នាងក៏មិនខ្លាចនឹងលែងលះ ចែកផ្លូវនោះដែរ ដូចពាក្យគេថា " មនុស្សស្រីឥឡូវ សុខចិត្តនៅព្រៅ ឬនៅមេម៉ាយ ក៏មិននៅទ្រាំនឹងប្ដីអន្តរាយ នាំតែរឿងក្ដៅក្រហាយឱ្យនាងដែរ " ។ 

៣. មនុស្សប្រុសទន់ជ្រាយពេក

ដូចដែលដឹងអីចឹងថា មនុស្សស្រីសម័យនេះរឹងមាំណាស់ ដូច្នេះ បើនាងប៉ះមនុស្សប្រុសទន់ជ្រាយជាប្ដី នាងក៏គ្មានអ្វីត្រូវនៅបន្តដែរ បើប្ដីទន់ជ្រាយ គឺងាយនឹងស្ដាប់ និងធ្វើតាមឪពុកម្ដាយ ញាតិបងប្អូនរបស់គេខ្លាំង ហើយប្ដីបែបនេះ នឹងកាន់តែធ្វើឱ្យប្រពន្ធមានសម្ពាធផ្លូវចិត្តធ្ងន់ធ្ងរផង ព្រោះគេគ្មានសូម្បីតែសមត្ថភាពមើលថែ ការពារប្រពន្ធកូន។

៤. មិនចេះយោគយល់ ប្រចណ្ឌហួងហែងហួសហេតុ មិនចេះបើកសិទ្ធិសេរីភាពឱ្យគ្នា

ជាធម្មតាគូណាក៏ដូចគូណា បើកាលណាស្រឡាញ់ខ្លាំង ប្រចណ្ឌហួងហែងក៏ខ្លាំង ស្របពេលនឹងបច្ចប្បន្នរបស់មនុស្សឥឡូវ គឺត្រូវការបង្កើតទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនច្រើន។ មនុស្សស្រីនាងត្រូវការសេរីភាព នាងត្រូវការដើរហើរចេញក្រៅខ្លះ មិនមែនដូចមុន នៅតែផ្ទះ ក្រឡឹងតែចង្ក្រាន ចាន ឆ្នាំងនោះឡើយ។ អីចឹងហើយ ទើបជាហេតុ ធ្វើឱ្យអ្នកដែលជាប្ដី ហួងហែង ចង់បិទសិទ្ធិសេរីភាពនាង តែនាងប្រឆាំង គ្រប់យ៉ាងនឹងសល់ត្រឹមពាក្យថា " ខ្ញុំមិនមែនអ្នកទោស បើមិនចូលចិត្តបែបហ្នឹង យើងលែងគ្នាទៅ ខ្ញុំត្រូវការសេរីភាព មិនមែនគំនាបពីប្ដីឡើយ "

៥. ឈ្លោះទាស់ទែងតិចតួចនិយាយតែពាក្យលែងលះ

វាជារឿងធម្មតានៃជីវិតប្ដីប្រពន្ធ គឺតែងតែមានការទាស់ទែង ខ្វែងគំនិតគ្នាខ្លះ ចានក្នុងរាវ អណ្ដាត និងធ្មេញ លែងអីនឹងប៉ះទង្គិចគ្នា តែស្វាមីភរិយាខ្លះ គាត់រៀបការនៅវ័យក្មេងពេក មិនសូវចេះគិតឱ្យបានល្អិតល្អន់ ចិត្តមិនសូវធ្ងន់ មិនចេះអត់ធ្មត់ប៉ុន្មានទេ អាងអីលែង! អាងអីលែង ព្រោះគិតថា ខ្វះអីប្រុសពេញដី ស្រីពេញនគរ លែងមួយយកមួយទៀត កុំទៅខ្វល់ ព្រោះតែការគិតបេបនេះហើយ ទើបមនុស្សខ្លះ មិនចេះអត់ធ្មត់នឹងគ្នាឡើយ សំខាន់ឱ្យតែបានឈ្នះគ្នា ទោះឈ្នះហើយ បានមកវិញនូវការបែកបាក់ក៏មិនខ្វល់ដែរ។

៦. អ្នកថ្មី ឬអ្នកទីបីចូលជ្រៀតជ្រែក

នេះជារឿងដែលមិនគួរកើត តែវាក៏កើតឡើងដោយស្មានមិនដល់ ស្នេហាត្រីកោណ អ្នកទីបីបច្ចុប្បន្ន គឺសាហាវបំផុត ហ៊ានចេញមុខ ហ៊ានប្រកួតប្រជែងដណ្ដើមរបស់អ្នកដទៃ ដោយមិនខ្លាចរអែងបាបបុណ្យឡើយ។ មនុស្សខ្លះ ចូលមកដណ្ដើមប្ដីគេ ប្រពន្ធគេ លួចលាក់មិនអៀនខ្លួន មិនចេះខ្មាស ហ៊ានទាំងទៅរករឿងប្ដីដើម ប្រពន្ធដើមគេទៀត នេះក៏ជាហេតុដែលនាំឱ្យជីវិតប្ដីប្រពន្ធ បាក់បែកប្រេះឆា ទោះរៀបការចំណាយអស់ប៉ុនណា ក៏គ្មានអ្វីត្រូវសោកស្ដាយដែរ៕ 

ខ្មែរឡូតសូមរក្សាសិទ្ធិ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្រលោមលោក & អប់រំ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]