ជាលើកដំបូងមិនធ្លាប់មានពីមុនឡើយ អ្នកស្រាវជ្រាវខាងវេជ្ជសាស្ត្រ អាចបណ្តុះកោសិកាសរសៃឈាមបាន ដែលនេះមានសារៈសំខាន់ណាស់ចំពោះអ្នកជំងឺទឹកនោមផ្អែម និងជាពិសេសអ្នកមានបញ្ហាទាក់ទងនឹងជំងឺសរសៃឈាម។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ British Columbia និង Austrian Academy of Sciences បានបណ្តុះកោសិកាពិសេសម៉្យាងហៅ Organoids តាមរយៈកោសិកាដើម Stem Cell។  បន្ទាប់មកគេបានចាក់បញ្ចូលទៅក្នុងសត្វកណ្តុរនៅមន្ទីរពិសោធន៍ ដែលជាលទ្ធផលគេឃើញថា កោសិកា Organoids មានដំណើរការនិងការលូតលាស់ធម្មតា បង្កើតបានជាកោសិកាសរសៃឈាមថ្មីដែលដូចទៅនឹងកោសិកាធម្មជាតិរបស់យើង។ នេះជារបកគំហើញមួយដ៏សំខាន់ ដែលគេអាចបង្កើតឡើងវិញកោសិកាសរសៃឈាមតាមរយៈកោសិកាOrganoid ពីព្រោះវានឹងមានសារៈសំខាន់ចំពោះការព្យាបាលនៃជំងឺមួយចំនួនដូចជា ជំងឺទឹកនោមផ្អែម ជំងឺក្រិនរឹងសរសៃឈាមជាដើម។

រូបតំណាង

ការរកឃើញនេះអាចមានអត្ថប្រយោជន៍យ៉ាងខ្លាំងចំពោះអ្នកជំងឺទឹកនោមផ្អែម ព្រោះជំងឺនេះអាចឈានដល់ការបង្កបញ្ហាធ្ងន់ធ្ងរផ្សេងទៀតមានដូចជា បញ្ហាងងឹតភ្នែក ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល បញ្ហាខ្សោយតម្រងនោម ជាដើម។

ក្រៅពីនេះគេក៏អាចបង្កើតកោសិកាOrganoid ដើម្បីស្រាវជ្រាវបន្ថែមទាក់ទងនឹងសុខភាព  ជំងឺ និងការព្យាបាលផ្សេងៗនៃជំងឺទាក់ទងនឹងសរសៃឈាមដែលបច្ចុប្បន្ន ពិបាកព្យាបាល។ ចំណែកកោសិកាOrganoid ដែលគេបានសិក្សាទៅលើសត្វកណ្តុរថ្មីៗនេះវានឹងផ្តល់តម្រុយយ៉ាងសំខាន់ដល់ការស្រាវជ្រាវរកដើមចមនៃជំងឺទាក់ទងនឹងសរសៃឈាម។ ជាលទ្ធផលគេនឹងអាចផលិតថ្នាំដែលអាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាព។

លោកសាស្ត្រាចារ្យមហាបរិញ្ញា Reiner Wimmer បានថ្លែងថា៖ "អ្វីដែលសំខាន់និងគួរឲ្យកត់សម្គាល់ខ្លាំងទាក់ទងនឹងការស្រាវជ្រាវមួយនេះ គឺភាពជោគជ័យមួយមិនធ្លាប់មានពីមុខមក ដែលមនុស្សយើងនឹងអាចចាប់ផ្តើមធ្វើការបណ្តុះសរសៃឈាមដោយប្រើប្រាស់ Stem cell"។ លោកបន្តទៀតថា៖ "កោសិកាOrganoidនេះ អាចបង្កើតបាននូវកោសិកាសរសៃឈាមល្អិតឆ្មារ ដែលស្រដៀងខ្លាំងទៅនឹងសរសៃឈាមយើងធម្មជាតិ ចាប់តាំងពីកម្រិតម៉ូលេគុលមកទៀតផង"៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សម្រស់ & សុខភាព និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]