ខ្លាញ់ Omega3 ជាប្រភេទអាស៊ីតខ្លាញ់ ហើយជាតម្រូវការដ៏ចាំបាច់សម្រាប់ខួរក្បាល និងសរីរាង្គផ្សេងៗទៀតនៃរាងកាយ។  ប្រភេទខ្លាញ់នេះបានដើរតួនាទីយ៉ាងសំខាន់ដល់ការការពារ  និងទ្រទ្រង់រាងកាយយើង។ 

Omega3 ដែលទទួលបានពីអាហារ គឺជាខ្លាញ់ធម្មជាតិដ៏ល្អបំផុតសម្រាប់សុខភាពរបស់យើង។ អាហារសំបូរខ្លាញ់Omega3 មានដូចជា ត្រីសាម៉ុង ត្រីសាឌីន អយស្ទឺ គ្រាប់ធញ្ញជាតិ សណ្តែកសៀង ស៊ុត ផ្លែបឺរ ជាដើម។

ខាងក្រោមជាអត្ថប្រយោជន៍សុខភាពទទួលបានពីខ្លាញ់ Omega3 ៖

១. ល្អសម្រាប់សុខភាពភ្នែក

វាជាផ្នែកមួយដ៏សំខាន់នៃទ្រង់ទ្រាយជាលិការេទីនរបស់ភ្នែក។ នៅពេលលោកអ្នកខ្វះរបបអាហារសំបូរOmega3 ភាគរយនៃការបង្កជំងឺភ្នែកក៏នឹងកើនឡើងដែរ។

ទោះបីជាយ៉ាងណា ការរួមបញ្ចូលរបបអាហារមាន Omega3  នឹងធ្វើឱ្យហានិភ័យទាក់ទងបញ្ហាភ្នែកមានការធ្លាក់គួរឲ្យកត់សម្គាល់ ដូចជាបញ្ហាខ្សោយភ្នែកពេលឈានចូលដល់វ័យចាស់ជរា។

រូបតំណាង

២. ល្អសម្រាប់សុខភាពនៃបេះដូង

ជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាម ជាជំងឺបេះដូងដែលកើតមានច្រើនបំផុតទូទាំងពិភពលោក។ នេះអាចបង្កឡើងដោយសារកត្តាជាច្រើន រាប់តាំងពីរបៀបរបបរស់នៅ របបអាហារ ការមិនធ្វើលំហាត់ប្រាណជាដើម។

ការសិក្សាស្រាវជ្រាវមួយចំនួនទាក់ទងទៅនឹងសហគមដែលទទួលទានអាហារត្រីសំបូរទៅដោយOmega3 មានហានិភ័យបង្កជំងឺ និងអត្រាអ្នកកើតជំងឺតិចខ្លាំងបំផុត។ គេបានសន្និដ្ឋានថា នេះក៏ដោយសាររបបអាហារសំបូរខ្លាញ់ត្រីOmega3នេះឯង។

ខ្លាញ់Omega3 មានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពបេះដូងរបស់លោកអ្នក ដូចជាកាត់បន្ថយកម្រិតខ្លាញ់មិនល្អ និងកូលេស្តេរ៉ុល កាត់បន្ថយសម្ពាធឈាមឲ្យនៅធម្មតា កាត់បន្ថយហានិភ័យនៃបញ្ហាកកគ្រាប់ឈាម និងប្រឆាំងនឹងបញ្ហារលាកសរសៃឈាម។

រូបតំណាង

៣. ប្រឆាំងនឹងបញ្ហារលាករុំារ៉ៃ

ការរលាកហើមជាការឆ្លើយតបនៃប្រព័ន្ធភាពសុំាជាមួយនឹងការឈ្លានពាននៃមេរោគចូលក្នុងខ្លួនយើង ឬក៏សារធាតុពុល ឬអង់ទីសែនទាំងឡាយណាដែលអាចនាំមកនូវផលវិបត្តិដល់រាងកាយ។

ការឆ្លើយតបនៃខ្លួនប្រាណក្នុងទម្រង់ជាការរលាកហើមនិងឡើងកំដៅក្នុងរយៈពេលខ្លី គឺជាមេកានិចដ៏មានប្រយោជន៍សម្រាប់រាងកាយប្រឆាំងនឹងការបង្កជំងឺផ្សេងៗ ប៉ុន្តែ នៅពេលវារុំារ៉ៃមិនបាត់ វានឹងអាចនាំមកនូវផលអវិជ្ជមានដល់កោសិកាយើងទៅវិញ និងបង្កជាជំងឺជាច្រើនដូចជា ជំងឺបេះដូង ជំងឺមហារីក ជំងឺរលាកសន្លាក់រុំារ៉ៃ និងជំងឺផ្សេងទៀតជាច្រើន។

បើទោះបីជាយ៉ាងណាក៏ដោយ ការទទួលទានអាហារសំបូរទៅដោយខ្លាញ់Omega3 ត្រូវបានគេសិក្សាឃើញថាបានចូលរួមចំណែកដល់ការកាត់បន្ថយនូវការផលិតម៉ូលេគុល និងសារធាតុមួយចំនួនដែលបង្កនូវការឆ្លើយតបក្នុងទម្រង់ការរលាកហើមនេះ(Inflammation) ដូចជា elcosanoids និង cytokines។ 

រូបតំណាង

៤. ល្អសម្រាប់សុខភាពខួរក្បាល

ខ្លាញ់ត្រី Omega3 ជាសារធាតុចិញ្ចឹមយ៉ាងសំខាន់សម្រាប់ដំណើរការ និងការលូតលាស់នៃខួរក្បាល។ នេះក៏ដោយសារកោសិកាខួរក្បាលមានខ្លាញ់Omega3ជាច្រើន នៅតាមស្រទាប់ខាងក្រៅរបស់វា ដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ដំណើរការនៃកោសិកាខួរក្បាល និងការទំនាក់ទំនងរវាងកោសិកាមួយទៅកោសិកាមួយទៀតនៃខួរក្បាល។

ដូច្នេះកង្វះនៃខ្លាញ់Omega3 អាចបង្កហានិភ័យនៃបញ្ហាខួរក្បាលជាច្រើន៕

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]