(ភ្នំពេញ)៖ បន្ទាប់ពីពេលវេលាចេះតែ រំកិលទៅមុខឥតឈប់ឈរ បង្កឲ្យមានមន្ទិលសង្ស័យមិនដាច់ស្រឡះ ពាក់ព័ន្ធនឹងក្មេងប្រុសម្នាក់ ដែលកន្លងមកត្រូវបានមហាជនសង្ស័យថា ជាកូនប្រុសរបស់តារាចម្រៀង ដ៏ល្បីលំដាប់ប្រទេស គឺកញ្ញា ឱក សុគន្ធកញ្ញា រួចមក នៅថ្ងៃនេះ តារាចម្រៀងបែបយុវវ័យ ឱក សុគន្ធកញ្ញា បានបញ្ចេញសារប្លែកមួយ នៅលើបណ្ដាញសង្គមរបស់នាង ទាក់ទងទៅនឹងថ្ងៃខួបកំណើតវ័យ១២ឆ្នាំ របស់ក្មេងប្រុសម្នាក់នេះ។

ការបង្ហាញសារដ៏គួរឲ្យភ្ញាក់ផ្អើល ពីសំណាក់មហាជន អាចនិយាយបានថា ជាលើកទី១ហើយ ខណៈដែលកន្លងមក គេពុំដែលបានឃើញនាងបង្ហាញសារបែបនេះ ជាសាធារណៈឡើយ។ ជាពិសេសទោះបីជាមានបណ្ដាញសារព័ត៌មាន បានចុះផ្សាយជាហូរហែ ទៅលើការសង្ស័យនេះក្ដី ក៏នាងមិនដែលចេញមុខបកស្រាយ ឲ្យអស់មន្ទិលដែរ។

ជាក់ស្ដែងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩នេះ កំពូលតារាចម្រៀងយេៗ កញ្ញា ឱក សុគន្ធកញ្ញា ដែលកំពុងតែត្រៀមខ្លួនចូលរោងការ ជាមួយលោក អ៊ឹងសុខលី ប្អូនប្រុសថៅកែហង្សមាស បានបញ្ចេញសារប្លែកមួយ ទាក់ទងនឹងក្មេងប្រុសម្នាក់នេះថា «វត្តមានរបស់គាត់ក្នុងជីវិតរបស់ខ្ញុំ គឺពោរពេញដោយភាពរវល់វីវក់ គ្មានពេលសម្រាក ពេលវេលាសម្រាករបស់ខ្ញុំ គឺជាពេលវេលារបស់គាត់..! រយៈពេល១២ឆ្នាំ ដែលគាត់ចូលមកបំពេញ អត្ថន័យជាច្រើនសម្រាប់ជីវិតគ្រួសារដ៏តូចមួយនេះ បង្កើតភាពរីករាយ ស្នាមញញឹម ភាពកក់ក្តៅ..»។

ការបង្ហាញសារ បង្កប់ដោយអត្ថន័យជ្រាលជ្រៅទាំងប៉ុន្មានឃ្លាខាងលើនេះ ហាក់កំពុងតែធ្វើឲ្យមហាជនសង្ស័យថា ក្មេងប្រុសម្នាក់នេះ គឺជាកូនប្រុសរបស់នាង ព្រោះវត្តមានរបស់ក្មេងប្រុសរូបនេះ ត្រូវបាននាងចាត់ទុកថា គឺជាវត្តមានក្នុងជីវិត និងធ្វើឲ្យជីវិតស្គាល់គ្រប់រសជាតិ។

ជុំវិញការបញ្ចេញសារប្លែកៗ ពីសំណាក់តារាចម្រៀង ឱក សុគន្ធកញ្ញា ទាក់ទងនឹងមន្ទិលសង្ស័យថា ជាកូនប្រុសរបស់នាងនៅពេលនេះ Khmertalking នៅមិនទាន់អាចទំនាក់ទំនងសួរនាំបន្ថែម ពីសំណាក់ ឱក សុគន្ធកញ្ញា បាននៅឡើយទេ ខណៈដែលលេខទូរស័ព្ទរបស់នាងដែលធ្លាប់ប្រើ ត្រូវបានបិទ។ ម្យ៉ាងវិញទៀត ការទាក់ទងជួបសម្ភាសន៍ ជាមួយនឹងតារាចម្រៀង ក្នុងផលិតកម្មហង្សមាស ក៏ត្រូវឆ្លងកាត់ នូវភាពស្មុគស្មាញមួយចំនួន ដែលអ្នកសារព័ត៌មានជាច្រើន ធ្លាប់ជួបប្រទះរួចមកហើយ៕

ប្រភព : Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឱក សុគន្ធកញ្ញា